តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកកំពុងពន្លឿនការដឹកជញ្ជូនរថក្រោះ Abrams របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីខែមករាថា សហរដ្ឋអាមេរិកនឹងផ្ដល់ដល់អ៊ុយក្រែននូវរថក្រោះប្រយុទ្ធទំនើប ដើម្បីឱ្យអ៊ុយក្រែនអាចការពារទឹកដីនិងប្រជាជនរបស់ខ្លួនពីការឈ្លានពានពេញទំហឹងនិងឃោរឃៅរបស់រុស្ស៊ី។
នៅថ្ងៃតែមួយនោះដែរ ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនចំនួន ១៤ គ្រឿងទៅឱ្យអ៊ុយក្រែន និងអនុញ្ញាតឱ្យបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀតបញ្ជូនរថក្រោះដែលធ្វើនៅប្រទេសអាល្លឺម៉ង់នេះពីឃ្លាំងស្តុកអាវុធរបស់ពួកគេទៅឱ្យអ៊ុយក្រែនផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រាប់អ្នកកាសែតថា៖ «នៅក្នុងកិច្ចសម្របសម្រួលជិតស្និទ្ធជាមួយនឹងប្រទេសអ៊ុយក្រែន ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានសម្រេចផ្ដល់រថក្រោះ Abrams ប្រភេទ M1A1 ដែលនឹងអាចឱ្យយើងពន្លឿនពេលវេលានៃការដឹកជញ្ជូនរថក្រោះទាំងនេះបានលឿនគួរសម និងប្រគល់សមត្ថភាពសំខាន់នេះទៅឱ្យប្រទេសអ៊ុយក្រែននៅត្រឹមរដូវស្លឹកឈើជ្រុះនៅឆ្នាំនេះ»។
រថក្រោះ Abrams ប្រភេទ M1A1 នេះនឹងត្រូវកែច្នៃឡើងវិញពីតួរថក្រោះដែលលើសចំនួននៅក្នុងឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិក ហើយនឹងផ្ដល់ឱ្យអ៊ុយក្រែននូវរថពាសដែកនិងប្រព័ន្ធអាវុធទំនើប ដែលក្នុងនោះរួមមានទាំងកាណុងទំហំ ១២០ មីលីម៉ែត្រនិងកាំភ្លើងយន្តធុនធ្ងន់ខ្នាត ៥០ ផងដែរ។
លោកឧត្តមសេនីយ៍ត្រី Ryder បាននិយាយថា៖ «នេះគឺការធ្វើយ៉ាងណាឱ្យអាចបញ្ជូនសមត្ថភាពប្រយុទ្ធដ៏សំខាន់នេះទៅដល់ដៃអ៊ុយក្រែនឱ្យបានកាន់តែឆាប់»។
លោក Ryder បានបង្ហាញនូវទំនុកចិត្តថា សហរដ្ឋអាមេរិកអាចធានាថា អ៊ុយក្រែនទទួលបាននូវការបណ្ដុះបណ្ដាលចាំបាច់ទាន់ពេលវេលាសម្រាប់ប្រើប្រាស់រថក្រោះដែលនឹងត្រូវបញ្ជូនទៅនេះ។ លោកបានគូសបញ្ជាក់ថា ការមានរថក្រោះប្រយុទ្ធដែលមានសមត្ថភាពសំខាន់បែបនេះនឹងជួយឱ្យអ៊ុយក្រែនអាចបំពេញតាមតម្រូវការជាច្រើនរបស់ខ្លួនដូចជា «ការវាយយកទឹកដី ការវាយយកទឹកដីមកវិញជាដើម...ដោយអាចទ្រទ្រង់ការសម្រេចបានដូចនេះជាបន្តទៅមុខទៀតនៅពេលអនាគត ក៏ដូចជាអាចបង្ការរារាំងការឈ្លានពានណាមួយរបស់រុស្ស៊ីនៅពេលអនាគតផងដែរ»។
លោកឧត្តមសេនីយ៍ត្រី Ryder បានប្រកាសថា៖ «នេះគឺជាការគាំទ្ររយៈពេលខ្លីនិងរយៈពេលវែងដ៏ទូលំទូលាយជាងមុនរបស់យើងគ្រប់ផ្នែកទាំងអស់ចំពោះអ៊ុយក្រែននិងសេចក្ដីត្រូវការខាងការការពាររបស់ពួកគេ»។
នៅក្នុងការផ្ដល់សក្ខីកម្មកាលពីពេលថ្មីៗនេះទៅកាន់សភា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានកត់សម្គាល់ថា៖ «នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Biden សហរដ្ឋអាមេរិកបានកៀរគរប្រទេសនានានៅលើពិភពលោកឱ្យជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទាំងទទឹងទិសនិងមិនអាចការពារបានរបស់រុស្ស៊ី។ សម្ព័ន្ធមិត្តនិងដៃគូរបស់យើងបានបង្កើនការផ្ដល់ជំនួយសន្តិសុខដ៏សំខាន់ ដែលត្រូវបានសម្របសម្រួលតាមរយៈក្រុមទាក់ទងការពារអ៊ុយក្រែន (Ukraine Defense Contact Group) ដែលខ្ញុំដឹកនាំ»។
លោករដ្ឋមន្ត្រី Austin បានបន្ថែមថា៖ «យើងនឹងគាំទ្រការការពាររបស់អ៊ុយក្រែនរហូតមិនថាយូរប៉ុណ្ណានោះទេ»៕