តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅពេលមានសង្គ្រាម ក្រុមជនស៊ីវិលគឺជាអ្នកដែលរងទុក្ខវេទនាជាងគេបំផុត។ នេះគឺជាការពិត ជាពិសេសសម្រាប់កុមារ។ នៅក្នុងតំបន់មានសង្គ្រាមជាច្រើន កុមារត្រូវបានចាប់ពង្រត់ កេងប្រវញ្ចខាងពលកម្មនិងខាងផ្លូវភេទ បង្ខំឱ្យទៅប្រយុទ្ធ ធ្វើឱ្យគ្មានផ្ទះសម្បែង ត្រូវបានសម្លាប់ និងធ្វើឱ្យពិការដៃជើងធ្ងន់ធ្ងរ។
អ្នកតំណាងរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Richard Mills បាននិយាយថា៖ «កុមារ ជាពិសេសកុមារី បានរងអំពើហិង្សាយេនឌ័រក្នុងអត្រាដ៏គួរឱ្យភ្ញាក់ផ្អើល»។
លោកថ្លែងដូច្នេះថា៖ «យើងមានការឈឺចាប់ជាពិសេស ដោយសារមានកំណើន ៤១% នៅទូទាំងពិភពលោកនៃការចាប់ពង្រត់កុមារី ដែលជាទូទៅបានរងនូវអំពើហិង្សាយេនឌ័រដូចជាការរៀបការដោយបង្ខំ ការរំលោភសេពសន្ថវៈ និងទម្រង់ផ្សេងៗទៀតនៃអំពើហិង្សាផ្លូវភេទ»។
លោកឯកអគ្គរដ្ឋទូត Mills បានបញ្ជាក់ថា៖ «កុមារនៅក្នុងតំបន់មានសង្គ្រាមប្រឈមនឹងឧបសគ្គនៃការការពារ។ នៅក្នុងប្រទេសអេត្យូពី កុមាររាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ត្រូវបំបែកពីក្រុមគ្រួសាររបស់ពួកគេ ហើយរងនូវអំពើហិង្សាផ្លូវភេទ»។ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន របបគ្រប់គ្រងតាលីបង់ (Taliban) បានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសលើកុមារី។
លោកលើកឡើងដូច្នេះថា៖ «ការបង្ខំឱ្យកុមាររៀបការពីក្មេងនិងការបង្ខំកុមារឱ្យចូលធ្វើទាហាននាំឱ្យមានផលអាក្រក់ដល់សុខុមាលភាពខាងរាងកាយនិងខាងផ្លូវចិត្តរបស់កុមារនិងយុវជន។ កុមារីបានរងផលប៉ះពាល់ជាពិសេស ដោយសារមានផ្ទៃពោះឆាប់ពេក និងគ្មានសុវត្ថិភាព»។
បន្ថែមពីនេះទៀត គឺសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកឯកអគ្គរដ្ឋទូត Mills បានមានប្រសាសន៍ថា៖ «នៅអ៊ុយក្រែន ការលុកលុយពេញទំហឹងយ៉ាងឃោរឃៅរបស់រុស្ស៊ីមានផលប៉ះពាល់មហន្តរាយលើកុមារ...ដូចជាការចេញលិខិតឆ្លងដែនរបស់សហព័ន្ធរុស្ស៊ីឱ្យក្រុមកុមារបែកពីគ្រួសារដែលមកពីប្រទេសអ៊ុយក្រែននៅក្នុងពេលសង្គ្រាមជាដើម»។
លោកបានថ្លែងដូច្នេះថា៖ «មានសេចក្ដីរាយការណ៍ជាច្រើនថា រុស្ស៊ីបានប្រឡូកទ្រង់ទ្រាយធំនៅក្នុងការបញ្ជូនកុមារអ៊ុយក្រែនឱ្យទៅរស់នៅកន្លែងផ្សេងៗនៅក្នុងដែនដីដែលរុស្ស៊ីគ្រប់គ្រង ឬកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាផ្ទេរកុមារទៅកាន់ប្រទេសរុស្ស៊ីផ្ទាល់ ហើយក្នុងករណីខ្លះ មានការបញ្ជូនកុមារពីប្រទេសអ៊ុយក្រែនក្នុងគោលបំណងធ្វើឱ្យកុមារទាំងនោះមានលក្ខណៈជារុស្ស៊ីនិងយកកុមារទាំងនោះទៅចិញ្ចឹមដោយដាក់ឱ្យរស់នៅជាមួយគ្រួសារនានានៅក្នុងប្រទេសរុស្ស៊ី»។
ជាការពិត របាយការណ៍មួយដែលត្រូវបានបោះពុម្ពផ្សាយកាលពីពាក់កណ្ដាលខែកុម្ភៈដោយសាកលវិទ្យាល័យ Yale ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីបានចាប់ពង្រត់និងយកកុមារអ៊ុយក្រែនយ៉ាងតិច ៦.០០០ នាក់ពីអ៊ុយក្រែនឱ្យទៅរស់នៅនៅមណ្ឌលអប់រំឡើងវិញនិងមណ្ឌលទទួលយកកូនចិញ្ចឹម តាំងពីតំបន់ Crimea រហូតដល់ប្រទេសរុស្ស៊ីនិងតំបន់ Siberia។ ការធ្វើដូច្នេះអាចត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។
លោកឯកអគ្គរដ្ឋទូត Mills បានលើកឡើងដូច្នេះថា៖ «នៅពេលយើងចាត់វិធានការការពារកុមារ គឺយើងការពារនិងថែរក្សាអនាគតរួមរបស់យើង។ ដើម្បីបញ្ចៀសកុំឱ្យមានការរំលោភបំពានក្នុងពេលអនាគតប្រឆាំងនឹងកុមារ យើងត្រូវតែបញ្ជាក់ឱ្យបានច្បាស់ចំពោះអ្នកដែលប្រព្រឹត្តិទង្វើទាំងនេះថាពួកគេនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ»៕