តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សង្គ្រាមមានផលប៉ះពាល់ធ្ងន់ធ្ងរលើក្រុមកុមារ។ បើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដាថា ក្នុងឆ្នាំ២០២១ មានការរំលោភធ្ងន់ធ្ងរចំនួន២៣.៩៨២ លើពួកកុមារ ដោយជិតមួយភាគបីនៃក្រុមកុមាររងគ្រោះជាកុមារី។ ការចាប់ពង្រត់និងអំពើហិង្សាខាងភេទប្រឆាំងក្រុមកុមារបានកើនឡើង២០ភាគរយកាលពីឆ្នាំទៅមិញ ដោយកុមារីមានចំនួន៩៨ភាគរយនៃក្រុមជននៅរស់រានមានជីវិតពីការចាប់រំលោភសេពសន្ធវៈនិងទម្រង់ឯទៀតៗនៃអំពើហិង្សាខាងភេទ។
លោកឯកអគ្គរដ្ឋទូត Jeffrey DeLaurentis ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសបាននិយាយថា៖ «របាយការណ៍ប្រចាំឆ្នាំនៅឆ្នាំនេះស្តីពីកុមារនិងសង្គ្រាមបង្ហាញឱ្យឃើញច្បាស់លាស់ថា តើសង្គ្រាមមានផលប៉ះពាល់បែបណាលើក្រុមកុមារ»។
លោកបានកត់សម្គាល់ថា៖ «នៅក្នុងប្រទេសអេត្យូពី កុមាររាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះពួកគេ ត្រូវបំបែកពីគ្រួសារពួកគេ ហើយរងគ្រោះដោយសារអំពើហិង្សាខាងភេទផងដែរ»។
ស្រដៀងគ្នានេះដែរនៅក្នុងប្រទេសយេម៉ែន សង្គ្រាម«បានបណ្តាលឱ្យមានទុក្ខវេទនាជាច្រើនដល់ក្រុមកុមារ ដោយមានរួមការមិនបានទទួលជំនួយមនុស្សធម៌ ហើយក្រុមកុមារត្រូវបានសម្លាប់ កំបុតដៃជើង រងអំពើហិង្សាខាងភេទនិងត្រូវជ្រើសរើសឱ្យចូលប្រយុទ្ធក្នុងសង្គ្រាម»។
លោកឯកអគ្គរដ្ឋទូត DeLaurentis បានថ្លែងថា បន្ទាប់មកក៏មានសង្គ្រាមឃោរឃៅនិងគ្មានការបង្ករឿងរបស់ប្រទេសរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនដែល«បានបន្ថែមជំពូកខ្មៅងងឹតមួយទៀតក្នុងការធ្វើបាបក្រុមកុមារ»។
លោកបាននិយាយថា៖ «ក្រុមកុមារនៅអ៊ុយក្រែនមានគ្រោះថ្នាក់ច្រើនឡើងៗនៅពេលកងកម្លាំងរុស្ស៊ីវាយប្រហារលើមន្ទីរពេទ្យនិងសាលារៀនមួយចំនួន។ គេបានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានបញ្ជូនដោយបង្ខំជនជាតិអ៊ុយក្រែនជាងមួយលាននាក់ទៅប្រទេសរុស្ស៊ីតាមរយៈអ្វីដែលហៅថា ដំណើរការ«ច្រោះ»ដោយមានរួមកុមារជាង២៦០.០០០នាក់ផងដែរ។ នៅពេលជាមួយគ្នានេះ ស្នងការខាងសិទ្ធិកុមាររបស់ប្រទេសរុស្ស៊ីបានសរសើរកិច្ចប្រឹងប្រែងថ្មីៗរបស់វិមានក្រឹមឡាំងក្នុងការពន្លឿនដំណើរការយកពួកកុមារពីអ៊ុយក្រែនធ្វើជាកូនចិញ្ចឹមនៅខាងក្នុងប្រទេសរុស្ស៊ី»។
ទោះជាដូច្នេះក៏ដោយ ក៏មានព័ត៌មានល្អខ្លះដែរ។ បើតាមសេចក្តីរាយការណ៍នេះរបស់អ.ស.ប. មានកុមារ១២.២១៤នាក់ត្រូវបានដោះលែងពីក្រុមជនប្រដាប់អាវុធក្នុងប្រទេសមួយចំនួន មានរួមសាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសកូឡុំប៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នៅពេលជាមួយគ្នានេះដែរ ការឈប់បាញ់គ្នាក្នុងផ្នែកខាងជើងនៃប្រទេសអេត្យូពីនិងនៅប្រទេសយេម៉ែនក៏ជាការលើកទឹកចិត្តដែរ។ សេចក្តីសង្ឃឹមគឺថា ភាគីទាំងអស់អាចទាញយកផលប្រយោជន៍ពីការផ្អាកការឈប់បាញ់គ្នានេះ ដើម្បីជំរុញកិច្ចចរចាឆ្ពោះទៅកាន់ការឈប់បាញ់គ្នាជាប់លាប់។
លោកឯកអគ្គរដ្ឋទូត DeLaurentis បានថ្លែងថា យ៉ាងណាក៏ដោយ ក៏«វាប្រាកដណាស់ថា យើងមិនបានធ្វើសកម្មភាពគ្រប់គ្រាន់សម្រាប់ការពារក្រុមកុមារពីផលប៉ះពាល់នៃសង្គ្រាម។ នៅពេលយើងចាត់វិធានការការពារក្រុមកុមារ យើងការពារនិងថែរក្សាអនាគតរួមរបស់យើងនិងចាត់វិធានការដោយសកម្ម ដើម្បីបញ្ចប់សង្គ្រាម។ ការការពារកុមារជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យមានសន្តិភាពនិងសន្តិសុខអន្តរជាតិ»៕