តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការអប់រំកុមារី គឺជាវិធីដ៏មានឥទ្ធិពលបំផុតមួយដើម្បីធ្វើឲ្យពលរដ្ឋរួចផុតពីភាពក្រីក្រ កាត់បន្ថយវិសមភាព និងអាចបង្កើតនូវមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
សម្រាប់ពេលមួយឆ្នាំនៃការសិក្សាអប់រំដែលកុមារីម្នាក់ទទួលបាន លទ្ធភាពស្វែងរកប្រាក់ចំណូលនៅពេលអនាគតរបស់នាងកើនឡើង ១០%។
កុមារណាដែលមានម្ដាយចេះអានអក្សរ ទំនងជាមានលទ្ធភាព ៥០% អាចរស់នៅបានផុតអាយុ ៥ ឆ្នាំ ច្រើនជាងកុមារដែលមានម្ដាយមិនចេះអានអក្សរ និងច្រើនជាងពីរដងក្នុងការមានលទ្ធភាពចូលរៀននៅសាលា និង ៥០% ច្រើនជាង ក្នុងការមានលទ្ធភាពបានចាក់វ៉ាក់សាំង។
ប៉ុន្តែ សូម្បីតែនៅមុនពេលការការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏គេឃើញថា កុមារីប្រហែល ១៣២ លាននាក់ ដែលគួរតែចូលសិក្សានៅសាលា មិនបានចូលសិក្សានោះទេ។
មូលហេតុនៃបញ្ហានេះគឺមានច្រើននិងខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ។ មូលហេតុទាំងនោះមានដូចជាភាពក្រីក្រ វិសមភាពយេនឌ័រនិងការរើងអើង និងអំពីហិង្សាយេនឌ័រ ដែលក្នុងនោះមានទាំងអាពាហ៍ពិពាហ៍កុមារនិងអាពាហ៍ពិពាហ៍ដោយបង្ខំផងដែរ។
កាលពីពេលថ្មីៗនេះ នៅពេលដែលការឆ្លងរាតត្បាតជំងឺកូវីដ១៩ ឈានដល់កម្រិតខ្ពស់បំផុត ជំងឺនេះបានបង្អាក់ដល់ការអប់រំរបស់កុមារប្រហែល ១ ពាន់ ៦ រយលាននាក់។
អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិដែលហៅថាយូណេស្កូ (UNESCO) បានប៉ាន់ប្រមាណថា កុមារី ១១ លាននាក់ ប្រហែលជាមិនអាចត្រឡប់ចូលរៀននៅសាលាវិញបានទេ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ បញ្ចប់ទៅ។
ហេតុដូច្នេះហើយ បានជាកាលពីដើមខែឧសភាកន្លងទៅនេះ ក្រុមប្រទេស G-7 ដែលជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រទេសចំនួន ៧ ជាសមាជិក គឺប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសស្ដីពីការអប់រំរបស់កុមារី ដែលបង្កើតគោលដៅសាកលថ្មីពីរពោរពេញដោយមហិច្ឆតាអំពីការអប់រំរបស់កុមារីនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។
គោលបំណងទីមួយគឺដើម្បីធ្វើយ៉ាងណាឲ្យកុមារីចំនួន ៤០ លាននាក់បន្ថែមទៀត បានចូលសិក្សានៅតាមសាលានៅត្រឹមឆ្នាំ ២០២៦។ គោលបំណងទីពីរគឺដើម្បីជួយធានាឲ្យបានថា កុមារីចំនួន ២០ លាននាក់បន្ថែមទៀតអាចអានអក្សរបាននៅត្រឹមអាយុ ១០ ឆ្នាំ នៅត្រឹមឆ្នាំ ២០២៦ ខាងមុខ។
សហរដ្ឋអាមេរិកគាំទ្រសេចក្ដីប្រកាសរបស់ក្រុមប្រទេស G-7 ស្ដីពីការអប់រំរបស់កុមារី។
ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នកស្រី Samantha Power ដែលតំណាងឲ្យសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍នៃក្រុមប្រទេស G-7 បានថ្លែងថា៖ «យើងដឹងថា ប្រសិនបើកុមារីទាំងនេះនៅតែមិនអាចចូលរៀនបាន នោះពិភពលោកនឹងប្រឈមនឹងហានិភ័យនៃការមាន «ជំនាន់មនុស្សដែលមិនអាចសម្រេចសក្ដានុពលបានពេញលេញ»។
អ្នកស្រីបានបញ្ជាក់ថា៖ «ជំនួយរបស់សហរដ្ឋអាមេរិកដើរតួនាទីសំខាន់នៅក្នុងការធ្វើឲ្យជីវិតរបស់កុមារីមានភាពប្រសើរឡើងចាប់ពីថ្ងៃដែលពួកគេបានកើតរហូតដល់ថ្ងៃដែលពួកគេធំពេញវ័យ ដោយធ្វើយ៉ាងណាបំពេញតាមតម្រូវការជាក់លាក់របស់ពួកគេក្នុងអំឡុងពេលចម្រើនវ័យរបស់ខ្លួន។ យុទ្ធសាស្ត្រទូទាំងរដ្ឋាភិបាលរបស់យើងត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យប្រាកដថា កុមារីទទួលបានការអប់រំ មានសុខភាពល្អ និងមានសេរីភាពពីការភ័យខ្លាច អំពើហិង្សា និងការរើងអើងនៅក្នុងជីវិតរបស់ពួកគេ»។
អ្នកស្រី Power បានបន្តថា៖ «ការទទួលបានមកវិញដ៏ធំបំផុតមួយចំនួនពីការវិនិយោគ ដែលយើងបានឃើញនៅក្នុងជំនួយបរទេសរបស់សហរដ្ឋអាមេរិក គឺបានមកពីកិច្ចការរបស់យើងនៅក្នុងការធានាធ្វើយ៉ាងណាឲ្យស្ត្រីសម្រេចបាននូវសក្ដានុពលរបស់ពួកគេឲ្យបានពេញលេញ។ សម្រាប់រាល់ការកើនឡើងចំនួន ១០% នៃការចូលសិក្សានៅតាមសាលារបស់កុមារី គេឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមួយកើនឡើងចំនួន ៣%»។
អ្នកស្រីបានបន្ថែមថា៖ «ជាមួយគ្នា យើងអាចកសាងបន្ថែមទៅមុខនូវបទពិសោធន៍រាប់ទសវត្សរ៍នៃការគាំទ្រការអប់រំរបស់កុមារី ដើម្បីធានាថា យើងមិនបាត់បង់ជំនាន់មួយដែលពោរពេញដោយទេពកោសល្យនិងសក្ដានុពល»៕