Accessibility links

Breaking News

បទវិចារណកថា៖ ការថយ​ក្រោយ​ខាង​កិច្ចការ​ប្រឆាំង​ពលកម្ម​កុមារ ទាមទារ​ឱ្យ​មាន​​ការយក​ចិត្ត​ទុកដាក់


រូបឯកសារ៖ កុមារី Irene Wanzila អាយុ​១០ឆ្នាំ វាយ​កម្ទេច​ថ្ម​ដោយ​ប្រើ​ញញួរ​នៅឯ​កន្លែង​យក​ថ្ម Kayole ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។
រូបឯកសារ៖ កុមារី Irene Wanzila អាយុ​១០ឆ្នាំ វាយ​កម្ទេច​ថ្ម​ដោយ​ប្រើ​ញញួរ​នៅឯ​កន្លែង​យក​ថ្ម Kayole ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ជា​លើក​ដំបូងក្នុង​ពេល​២០ឆ្នាំ​ដែលការ​ជឿន​លឿន​ទៅ​កាន់​ការ​បញ្ឈប់ពលកម្ម​កុមារមាន​ជំហាន​ថយ​ក្រោយ។​ លោកស្រី​ Thea Lee អនុរដ្ឋលេខាធិការក្រសួង​ការងារសម្រាប់​កិច្ច​ការ​អន្តរជាតិ​បាន​និយាយ​ថា៖ «ជា​សាកល ពលកម្ម​កុមារកំពុងកើន​ឡើង​ មិន​មែន​ចុះ​ថយ​ទេ។ នៅ​ចន្លោះ​ឆ្នាំ២០១៦​ និង​ឆ្នាំ២០២០ ចំនួន​កុមារ​ក្នុងពលកម្ម​កុមារ​សាកលបាន​កើន​ឡើង​ពី​១៥២​លាន​នាក់​ ទៅ​១៦០​លាន​នាក់‍»។

លោកស្រី Lee បាន​និយាយ​ថា៖ «តួលេខ​ទាំង​នេះមាន​រហូតដល់ដើម​ឆ្នាំ​២០២០ ហើយ​យើង​ដឹង​ថា​ ជំងឺ​កូវីដ១៩បាន​ធ្វើ​ឱ្យបញ្ហា​នេះ​អាក្រក់​ជាង​មុន​ ដែល​បាន​ជំរុញ​គ្រួសារ​ឱ្យធ្លាក់​ក្នុង​ភាព​ក្រី​ក្រ ហើយ​បាន​បង្អាក់​សេដ្ឋកិច្ច​និង​សង្វាក់​ផ្គត់ផ្គង់ ហើយ​ក៏បាន​ដាក់​ក្រុម​កុមារ​ច្រើន​ជាង​មុន​ឱ្យស្ថិត​នៅ​ក្នុង​ហានិភ័យ​កាន់​តែ​ខ្លាំង​ផង​ដែរ‍»។

បើ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ថា​ ក្នុង​បណ្តា​កុមារ​១៦០​លាន​នាក់ មានកុមារ​ជាង​៧២​លាន​នាក់រស់​នៅ​ក្នុងតំបន់​ខាង​ត្បូងសមុទ្រ​ខ្សាច់​សាហារ៉ា​ក្នុងទ្វីប​អាហ្វ្រិក។

កុមារច្រើន​នាក់​មិន​បាន​ទទួល​ការ​សិក្សា​អប់រំ​ទេ ហើយធ្វើការក្នុងស្ថានភាព​មាន​គ្រោះថ្នាក់ ​ជា​ក្រុម​ទាហាន​កុមារ ជា​កម្មករអណ្តូង​រ៉ែ cobalt ជា​អ្នក​ធ្វើការ​ក្នុង​ចម្ការ​កាកាវ។ កុមារ​ខ្លះ​ត្រូវបានគេ​ចាត់ទុក​ស្ទើរ​តែ​ដូច​ជា​ទាសករ​អ៊ីចឹង។ កុមារ​ខ្លះ​ទៀតត្រូវ​បាន​ល្បួង​ដោយ​ការក្លែង​បន្លំ​ឱ្យ​ទៅ​ធ្វើ​ការងារ​មានគ្រោះ​ថ្នាក់​និង​មិន​សមរម្យ។

ថ្លែងនៅ​ក្នុង​សន្និសីទ​សាកលដើម្បី​កម្ចាត់​ពលកម្ម​កុមារលើក​ទី​៥​កាល​ពី​ពាក់​កណ្តាលខែ​ឧសភា លោកស្រី​អនុរដ្ឋមន្ត្រី Lee បាន​និយាយ​ថា​ នេះ​ជា​ពេលវេលា​មាន​វិបត្តិ​មួយ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា‍៖ «យើង​ដឹង​ថា ក្រុម​ពលករ​ជា​កុមារនិងក្រុម​ពលករ​ពេញ​វ័យ​ក្នុងការ​ធ្វើ​ការងារ​ដោយ​បង្ខំ​ជាញឹក​ញយ​មិន​សូវ​ត្រូវ​គេ​ឃើញ​ទេ»។

លោកស្រី​ Lee បាន​ពោល​ថា៖ «ពលករ​ទាំង​នេះ​ជា​ច្រើនមិន​ងាយ​ត្រូវ​ប្រទះ​ដោយ​ក្រុម​និយ័តករ​ទេ។ ពួក​គេ​ធ្វើការ​នៅតាម​ផ្ទះ នៅ​ក្នុង​អណ្តូង​រ៉ែ ឬនៅ​ក្នុងស្រែ​ចម្ការ​ដែល​ក្រុមអធិការការងារ​មិន​សូវបាន​ទៅ​ជួប​ទេ ហើយដែល​ស្ថិត​នៅ​ផ្នែក​ទាប​បំផុត​នៃ​សង្វាក់​ផ្គត់ផ្គង់​សាកល​ ហើយពួក​អ្នក​ប្រើប្រាស់គ្រឿងឧបភោគ​បរិភោគ​ដែល​ទិញ​ផលិតកម្ម​របស់​ពួក​គេ‍​មិន​បាន​ឃើញ​ពលករ​ទាំង​នេះឡើយ»។

លោកស្រី​អនុរដ្ឋលេខាធិការ Lee បាននិយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​របៀប​ដោះស្រាយ​ចម្រុះ​ដល់​បញ្ហា​នេះ។ លោក​ស្រី​បាន​ថ្លែង​ថា៖ «យើងប្រើ​ការសិក្សា​ស្រាវជ្រាវ​និងការ​រាយការណ៍​របស់​យើង តែ​យើង​ក៏​មាន​ការ​ពង្រឹងពាណិជ្ជកម្ម​និង​ការ​តាម​ឃ្លាំ​មើល​ផង​ដែរ។ យើង​ប្រើ​គម្រោងការជំនួយ​...ហើយយើង​មាន​ទំនាក់ទំនងពហុភាគី​និង​ការ​ទូតខាង​ពលកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ... ដោយ​អាច​តាម​ដាន​អ្វីដែលកើត​មាន​ឡើង​និង​អំពី​កន្លែង​ដែល​ទំនិញ​ត្រូវ​ដឹក​ជញ្ជូនទៅ​កាន់​សង្វាក់​ផ្គត់ផ្គង់​សាកល ជាឧបករណ៍​សំខាន់ក្នុងការ​ប្រយុទ្ធ​ដើម្បី​បញ្ឈប់ការ​កេងប្រវ័ញ្ចពលកម្ម‍»។​

លោកស្រី Lee បាន​ថ្លែង​ថា៖ «យើង​ពិនិត្យ​មើល​សង្វាក់ផ្គត់ផ្គង់​សំខាន់ៗ ដូច​ជាកាកាវ​ពីតំបន់​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក លោហធាតុ​គូប័ល (cobalt) ពីសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ polysilicon ​ពី​ប្រទេស​ចិនដែល​ជា​សារធាតុ​សំខាន់​សម្រាប់​ផលិត​បន្ទះ​កញ្ចក់​ស្រូប​យក​ពន្លឺ​អាទិត្យ និង​វត្ថុ​ឯ​ទៀតៗ»។

លោកស្រី Lee បាន​និយាយថា៖ ‍«ពលកម្ម​កុមារ​ជា​ទម្រង់​មួយ​នៃ​ការ​រំលោភ​លើ​កុមារ។ វា​ជា​ការងារ​របស់​រដ្ឋាភិបាលនានា ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា គ្មាន​នរណាអាច​ទាញ​យក​ផលប្រយោជន៍​ពី​ការ​កេងប្រវ័ញ្ច​កុមារ ពីព្រោះ​នេះ​ជាឧក្រិដ្ឋកម្មដ៏​សាហាវ​យង់ឃ្នង​មួយ‍»៕

XS
SM
MD
LG