Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​ពលកម្ម​ឆ្នាំ ២០២១


រូបឯកសារ៖ ស្លាកសញ្ញា​ដែល​មាន​សំណេរ​ថា «Labor Day» ដែល​បកប្រែ​ជា​ភាសា​ខ្មែរ មាន​ន័យ​ថា «ទិវាពលកម្ម»។
រូបឯកសារ៖ ស្លាកសញ្ញា​ដែល​មាន​សំណេរ​ថា «Labor Day» ដែល​បកប្រែ​ជា​ភាសា​ខ្មែរ មាន​ន័យ​ថា «ទិវាពលកម្ម»។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​ និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​សប្ដាហ៍​ទី​មួយ​នៃ​ខែ​កញ្ញា សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​ពលកម្ម ដែល​ជា​ការ​រំឭក​ដល់​អ្នក​ធ្វើការ​ និង​ការ​រួម​ចំណែក​របស់​ពួកគេ​ចំពោះ​ភាព​ជោគជ័យ​របស់​សហរដ្ឋ​អាមេរិក ​និង​សង្គម​អាមេរិក។

ថ្ងៃ​ឈប់​សម្រាក​ទិវា​ពលកម្ម​នេះ ​បាន​ធ្វើ​ឡើង​តាំង​ពី​សតវត្សរ៍​ទី ១៩ មក​ម្ល៉េះ ដែល​នៅ​ពេល​នោះ​ មាន​ការ​រីក​ចម្រើន​ឧស្សាហកម្ម​ខ្លាំងក្លា​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ធំធេង។

តាំងតែ​ពី​មុន​ពេល​ដែល​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​នៅ​ឆ្នាំ ១៨៦៥ ទៅ​ទៀត សហរដ្ឋ​អាមេរិក ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ពី​ផលិតកម្ម​បែប​កសិកម្ម​ទៅជា​ផលិតកម្ម​បែប​ឧស្សាហកម្ម ជាពិសេស​នៅ​តាម​ទីក្រុង​ធំៗ​នៅ​ភាគ​ឦសាន​ប្រទេស។

ការ​បង្កើត​ថ្មី​នានា​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួស​ផលិតកម្ម​ដោយ​ដៃ និង​នាំ​ឲ្យ​មាន​ការ​បង្កើន​អត្រា​និង​ប្រភេទ​ផលិកម្ម ហើយ​ស្រប​ពេល​នោះ​ដែរ មាន​ការ​ពង្រីក​បណ្ដាញ​ផ្លូវ​ដែក​ដែល​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​បាន​ឆាប់​រហ័ស​នូវ​វត្ថុធាតុដើម​ទៅកាន់​រោងចក្រ​និង​ផលិតផល​ទៅកាន់​ទីផ្សារ។

ការ​ផ្លាស់ប្ដូរ​ដូច​នេះ​ បាន​បណ្ដាល​ឲ្យ​មាន​តម្រូវការ​នូវ​អ្នក​ធ្វើការ​ជា​ច្រើន។ ពលរដ្ឋ​អាមេរិក​ដែល​ស្វែងរក​ការងារ​ធ្វើ​ បាន​សម្រុក​ធ្វើ​ដំណើរ​ពី​តំបន់​ជនបទ​ទៅកាន់​តំបន់​ឧស្សាហកម្ម​នានា​ដូចជា​ទីក្រុង New York ទីក្រុង Chicago និង​ទីក្រុង Pittsburgh ជាដើម។

នៅ​ពេល​នោះ ក៏​មាន​រលក​ជន​អន្តោប្រវេសន៍​ធ្វើ​ដំណើរ​មិន​ចេះ​ដាច់​ពី​ប្រទេស​ផ្សេងៗ ជា​ពិសេស​ពី​ទ្វីប​អឺរ៉ុប ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ និង​ឱកាស​ថ្មី​សម្រាប់​ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុន​របស់​ពួកគេ​ផងដែរ។

ដោយសារតែ​សេដ្ឋកិច្ច​ចេះតែ​បន្ត​ពង្រីក​ទៅ​មុខ កម្មករ​រាប់​ពាន់​នាក់​ បាន​ធ្វើការ​នៅ​តាម​រោងចក្រ កន្លែង​ផលិត​ដែក​ថែប និង​អណ្ដូង​រ៉ែ ចំនួន ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​ជា​ទូទៅ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​តិចតួច និង​ជា​រឿយៗ​ធ្វើ​ការ​ក្នុង​ស្ថានភាព​លំបាក ​និង​គ្រោះថ្នាក់។

ជាង​នេះ​ទៅ​ទៀត នៅ​ពេល​នោះ ការ​ជ្រើសរើស​កុមារ​ដែល​មាន​អាយុ​ក្មេង​រហូត​ដល់​ទៅ ៥ ឆ្នាំ ឲ្យ​ធ្វើការ​ គឺ​ជា​រឿង​ធម្មតា។ កុមារ​ទាំង​នោះ​ ទទួល​បាន​ប្រាក់​ឈ្នួល​តិចតួច​ស្ដួចស្ដើង​បំផុត​នៃ​ប្រាក់​ឈ្នួល​ចំនួន ២០ សេន​ក្នុង​មួយ​ម៉ោង​ដែល​មនុស្ស​ពេញ​វ័យ​ទទួល​បាន។

ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​និយោជក​សម្រាប់​ប្រាក់​បៀវត្សរ៍​និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន សហជីព​កម្មករ​បាន​ពង្រីក​កាន់តែ​ច្រើន​ និង​កាន់តែ​មាន​ភាព​សកម្ម​ជាង​មុន។ ពួកគេ​បាន​រៀបចំ​កូដកម្ម​និង​ការ​ជួបជុំ​តវ៉ា​ផ្សេងៗ ដែល​ជា​រឿយៗ​បាន​ក្លាយជា​ហិង្សា​នៅ​ពេល​ដែល​កូដករ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ស៊ី​ឈ្នួល​បំបែក​កូដកម្ម។

នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​តវ៉ា​នេះ កាលពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ១៨៨២ កម្មករ ១០.០០០ នាក់​នៅ​ក្នុង​ទីក្រុង New York បាន​ដាក់​ពាក្យ​ឈប់​សម្រាក​ដោយ​មិន​យក​ប្រាក់​ឈ្នួល និង​បាន​ដើរ​ក្បួន​ពី​សាលា​ក្រុង New York ទៅកាន់​ឧទ្យាន​មួយ​កន្លែង​នៅ​ក្បែរ​នោះ ហើយ​បន្ទាប់​មក​បាន​ចូលរួម​ជា​លើក​ដំបូង​បង្អស់​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ថ្ងៃ ដែល​ហៅ​ថា «ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ (Working Man's Holiday)»។

សំណើ​ដំបូងៗ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ​ជា​ផ្លូវការ​បាន​ស្នើ​ថា ការ​ប្រារព្ធ​ទិវា​នេះ ​គួរតែ​បញ្ចូល​នូវ​ក្បួន​ព្យុះហយាត្រា​តាម​ដង​ផ្លូវ ហើយ​បន្ទាប់​មក​មាន​ការ​ប្រារព្ធ​ការ​សម្រាក​កម្សាន្ត​របស់​កម្មករ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

សព្វថ្ងៃ​នេះ ដំណាច់​សប្ដាហ៍​នៃ​ទិវា​ពលកម្ម​ គឺជា​សញ្ញា​បញ្ចប់​ជា​ផ្លូវការ​នៃ​រដូវ​ក្ដៅ។ ដោយ​រក្សា​តាម​ការ​អនុវត្ត​កាលពី​ដើម​ដំបូង​បង្អស់​នៃ​ថ្ងៃ​ឈប់​សម្រាក​នេះ ទិវា​ពលកម្ម​នេះ ​នៅតែ​ប្រារព្ធ​ឡើង​ដោយ​មាន​ក្បួន​ព្យុះហយាត្រា​ និង​ការ​ជួបជុំ​សម្រាក​កម្សាន្ត​របស់​ក្រុម​គ្រួសារ ដែល​មាន​ដូចជា​ការ​ជប់លៀង​អាំង​សាច់​ហូប​កម្សាន្ត​ជាដើម។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Grover Cleveland ដែល​បាន​ចុះ​ហត្ថលេខា​ឲ្យ​ក្លាយទៅជា​ច្បាប់​កាលពី​ឆ្នាំ ១៨៩៤ លើ​សំណើ​ច្បាប់​ដែល​ប្រកាស​ទិវា​ពលកម្ម​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ បាន​មាន​ប្រសាសន៍​ថា៖ «ទស្សនៈ​អាមេរិក​ដ៏​ពិត​ប្រាកដ​មួយ​ទទួលស្គាល់​នូវ​សេចក្ដី​ថ្លៃថ្នូរ​នៃ​ពលកម្ម​ និង​ការពិត​ដែល​ថា កិត្តិយស​ស្ថិត​លើ​ការ​តស៊ូ​ព្យាយាម​ដ៏​ស្មោះត្រង់»៕

XS
SM
MD
LG