តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជារៀងរាល់ឆ្នាំ នៅថ្ងៃច័ន្ទសប្តាហ៍ទី ១ នៃខែកញ្ញា សហរដ្ឋអាមេរិកឈប់សម្រាក ដើម្បីគោរពដល់អ្នកធ្វើការងាររបស់ខ្លួន និងការចូលរួមចំណែករបស់ពួកគេ ដើម្បីធ្វើឲ្យប្រទេសជាតិមានភាពរុងរឿង។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ១៨៨២ បុរសនិងស្ត្រីជាង ១០.០០០ នាក់ បានដើរហែក្បួនតាមដងផ្លូវនានាក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ក ដើម្បីអបអរទិវាពលកម្មជាលើកដំបូង។
សហជីពកម្មករ Central Labor Union នៃទីក្រុងញូវយ៉ក បានរៀបចំទិវាប្រារព្ធពិធីនេះ ដើម្បីជាការផ្តល់កិត្តិយសដល់កម្មករដែលបានប្រយុទ្ធតស៊ូដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ ម៉ោងការងារតិចជាងមុន និងលក្ខខណ្ឌការងារល្អប្រសើរឡើងសម្រាប់កម្មករ។
នេះជាថ្ងៃនៃការប្រារព្ធអបអរ ប៉ុន្តែក៏ជាថ្ងៃនៃការលះបង់ផងដែរ។ កម្មករបានលះបង់ប្រាក់ឈ្នួលនៅថ្ងៃនោះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការទាមទារឲ្យបាននូវប្រាក់ឈ្នួល ឲ្យសមស្របទៅនឹងការខិតខំធ្វើការងាររបស់ពួកគេ។
នៅឆ្នាំនេះ ជំងឺរាតត្បាតកូវីដ១៩ បានបង្កើតនូវបញ្ហាប្រឈមថ្មីៗមិនធ្លាប់មានក្នុងពេលកន្លងមក សម្រាប់អ្នកធ្វើការ។
ខណៈដែលមនុស្សរាប់លាននាក់ បានធ្វើការពីផ្ទះអស់រយៈពេលជាច្រើនខែ ដើម្បីរារាំងការរាតត្បាតនៃវីរុសកូរ៉ូណា មនុស្សរាប់សែននាក់ ត្រូវចេញពីផ្ទះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ បុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានប្រថុយជីវិតរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺ និងលួងលោមដល់អ្នកដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហៀបនឹងស្លាប់ ហើយជាក់ស្តែងបុគ្គលិកសុខាភិបាលរាប់រយនាក់ បានបាត់បង់ជីវិតក្នុងពេលដែលពួកគេបំពេញការងារ។
ក្រៅពីនោះ មានមនុស្សរាប់លាននាក់ផ្សេងទៀត ដែលពួកគេភាគច្រើនកំពុងធ្វើការដែលមានប្រាក់ខែទាប ដែលបន្តធ្វើការងាររបស់ពួកគេ ដើម្បីធ្វើឲ្យប្រទេសមានដំណើរការទៅមុខ។
ដំណាំ នៅតែត្រូវបានបន្តដាំដុះ ម្ហូបអាហារកែច្នៃនៅតែត្រូវបានបន្តផលិត ចែកចាយនិងលក់ ដើម្បីអាចឲ្យពលរដ្ឋនានា មានម្ហូបបរិភោគ។ សំបុត្រ នៅតែត្រូវបានដឹកជញ្ជូនទៅទូទាំងប្រទេស និងបញ្ជូនទៅតាមគោលដៅ។ ការងាររបស់អ្នកដែលធ្វើការនៅរោងចក្រផលិតថាមពល និងស្ថានីយ៍ចម្រោះទឹកនានា មានសារៈសំខាន់ចំពោះការរស់រានមានជីវិតរបស់ពលរដ្ឋ ស្មើគ្នានឹងការងាររបស់មេដឹកនាំនយោបាយនៅទូទាំងប្រទេស ដែលរៀបចំការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុសកូរ៉ូណា ឬ រកវិធីថ្មីដើម្បីទទួលបានឧបករណ៍ការពារនិងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលខ្វះខាត។
លោកប្រធានាធិបតី Donald Trump បានថ្លែងថា៖ «នៅក្នុងគ្រាដ៏លំបាកនេះ ជាថ្មីម្តងទៀតពិភពលោក បានឃើញនូវភាពខ្លាំងរបស់សហរដ្ឋអាមេរិក»។ នៅទូទាំងប្រទេសជនក្លាហានបានរូតរះបំពេញភារកិច្ចរបស់ពួកគេ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា សុខចិត្តអត់ងងុយជាច្រើនយប់ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ កសិករ អ្នកបើករថយន្តដឹកទំនិញ និងអ្នកលក់គ្រឿងទេស ព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានម្ហូបបរិភោគ។ ក្រុមគ្រួសារនានា កំពុងជួយអ្នកជិតខាងរបស់ខ្លួន ដែលខ្វះខាតហើយសហគមន៍ទាំងមូល កំពុងរួបរួមគ្នាដើម្បីកម្ចាត់គ្រោះមហន្តរាយនេះ»។
ប៉ុន្តែ អ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះប្រទេសនេះ និងប្រជាពលរដ្ឋនោះ គឺ អ្វីដែលពួកគេអាចធ្វើបានរួចហើយ និងចំនួនជីវិតមនុស្សដែលបានសង្គ្រោះ»៕