តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក មានការបារម្ភកាន់តែខ្លាំងអំពីកំណើនការបង្ក្រាបដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Daniel Ortega ក្នុងប្រទេសនីការ៉ាហ្គា។ សកម្មភាពរបស់របបគ្រប់គ្រងនេះតាមរយៈអ្វីដែលហៅថា «ច្បាប់ស្តីពីភ្នាក់ងារបរទេស» បានបង្ខំឱ្យមានការបិទកាលពីពេលថ្មីៗនេះនូវមូលដ្ឋានគ្រឹះពីរនៃការបញ្ចេញមតិដោយសេរី គឺ សាខាក្នុងប្រទេសនីការ៉ាហ្គានៃអង្គការ PEN International ដែលជាអង្គការមួយរបស់អ្នកនិពន្ធ និងមូលនិធិ Violeta Barrios de Chamorro ដែលជាអង្គការសង្គមស៊ីវិលមួយ។
អ្នកស្រី Cristina Chamorro ទីប្រឹក្សាមូលនិធិនេះ បានហៅច្បាប់ថ្មីនេះថា «មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិងអាក្រក់ក្រៃលែង»។ នៅក្នុងសន្និសីទកាសែតមួយតាមវីដេអូ អ្នកស្រីបាននិយាយថា៖ «វាជាការពិបាកណាស់ក្នុងការបន្តប្រតិបត្តិការនៅក្រោមច្បាប់មួយដូចច្បាប់នេះ ដែលមានគោលដៅធ្វើឱ្យសង្គមស៊ីវិល និងសំឡេងឯករាជ្យនិងសេរីដែលរបបគ្រប់គ្រងនេះមិនអាចអន់ឱនឱ្យបាន ថប់ដង្ហើមស្លាប់»។
គណបក្សរណសិរ្សរំដោះជាតិ Sandinista ដែលគ្រប់គ្រងប្រទេសនីការ៉ាហ្គា បានអនុម័ត«ច្បាប់ស្តីពីភ្នាក់ងារបរទេស»កាលពីខែតុលា ហើយបានប្រកាសកាលពីពេលថ្មីៗនេះថា ថ្ងៃទី៥ ខែកុម្ភៈ ជាថ្ងៃចុងក្រោយបង្អស់សម្រាប់ចុះឈ្មោះ។ ច្បាប់នេះតម្រូវដល់ក្រុមជននិងអង្គការដែលបានទទួលមូលនិធិពីក្រៅប្រទេសនីការ៉ាហ្គាឱ្យចុះឈ្មោះជា«ភ្នាក់ងាររបស់បរទេស» ជាមួយក្រសួងមហាផ្ទៃនិងផ្តល់គណនេយ្យនៃប្រាក់ចំណូលនិងប្រាក់ចំណាយរបស់ខ្លួនឱ្យដល់រដ្ឋាភិបាល បើមិនដូច្នេះទេ ត្រូវប្រឈមនឹងការបង់ប្រាក់ពិន័យ ការជាប់ឃុំឃាំងក្នុងពន្ធនាគារ និងការរឹបអូសយកទ្រព្យសម្បត្តិពួកគេ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រឹត្តិការណ៍ទាំងនេះ ធ្វើឱ្យសង្គមស៊ីវិលនីការ៉ាហ្គា ថប់ដង្ហើមថែមទៀតនិងអូសទាញប្រទេសនេះឱ្យឃ្លាតកាន់តែឆ្ងាយពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅខែវិច្ឆិកា។ លោក Ortega កំពុងនាំប្រទេសនីការ៉ាហ្គាទៅកាន់របបផ្តាច់ការ។ ការណ៍នេះ នឹងធ្វើឱ្យរបបគ្រប់គ្រងនេះ នៅឯកោថែមទៀតក្នុងសហគមន៍អន្តរជាតិ»។
លោកស្រី Jennifer Clement ប្រធាននៃអង្គការ PEN International បានព្រមានប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះនៅពេលវាត្រូវពិចារណាដំបូង។ អ្នកស្រីបាននិយាយថា៖ «ការកាត់ក្តី ការធ្វើទុក្ខបុកម្នេញនិងការវាយប្រហារប្រឆាំងអ្នកកាសែតនិងបណ្តាញផ្សាយព័ត៌មានដែលរិះគន់រដ្ឋាភិបាលនីការ៉ាហ្គា បង្ហាញថាអជ្ញាធររបស់ប្រទេសនេះធ្វើសកម្មភាពជាប្រព័ន្ធដើម្បីរឹតត្បិតសិទ្ធិនៃការបញ្ចេញមតិដោយសេរី»។
លោកស្រី Jennifer Clement បានថ្លែងថា៖ «ការគោរពសិទ្ធិត្រូវតែជាអាទិភាពមួយរបស់រដ្ឋ។ យើងទទូចឱ្យរដ្ឋាភិបាលនីការ៉ាហ្គាឈប់ចាត់ទុកសំឡេងឯករាជ្យជាការប្រព្រឹត្តបទឧក្រិដ្ឋ»។
សហរដ្ឋអាមេរិក ប្តេជ្ញាគាំទ្រប្រជាជននីការ៉ាហ្គានិងការទាមទាររបស់ពួកគេឱ្យមានលទ្ធិប្រជាធិបតេយ្យ។ លោក Price អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានថ្លែងថា៖ «យើងផ្តោតការយកចិត្តទុកដាក់លើការផ្តល់អំណាចឱ្យសង្គមស៊ីវិលនិងកែលម្អការគោរពសិទ្ធិមនុស្ស។ យើងទទូចឱ្យលោកប្រធានាធិបតី Ortega ផ្លាស់ប្តូរទិសដៅនៅពេលនេះ»៕