បទ​វិចារណកថា៖ សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព

បុគ្គលិក​រដ្ឋាភិបាល​ម្នាក់​ទទួល​បាន​ឧបករណ៍​ធ្វើ​តេស្ត​​ជំងឺ ដែល​ជា​អំណោយ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​គាំទ្រ​ខ្លាំងក្លា​លើ​របៀបវារៈ​ឆ្នាំ ២០៣០ របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) អ្នកស្រី Samantha Power នៅ​ក្នុង​សុន្ទរកថា​កាលពី​ពេល​ថ្មីៗ​នេះ​ថ្លែង​ទៅកាន់​វេទិកា​នយោបាយ​ជាន់​ខ្ពស់​ស្ដីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ឯ​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ អ្នកស្រី Power បាន​សង្កត់ធ្ងន់​ថា ឆ្នាំ ២០២១ មាន​បញ្ហា​ប្រឈម​ខ្លាំងក្លា ៣ ចំពោះ​សមិទ្ធផល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។ បញ្ហា​ប្រឈម​ទាំង​នោះ​គឺ ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ ការ​កើនឡើង​នៃ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ដែល​មួយ​ផ្នែក​បណ្ដាល​មកពី​អំពើ​ពុករលួយ និង​វិបត្តិ​អាកាសធាតុ។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer ចំនួន ៥០០ លាន​ដូស ដល់​គម្រោង COVAX ដែល​ជា​គម្រោង​ចាក់​វ៉ាក់សាំង​កូវីដ១៩ ពហុភាគី​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ចែកចាយ​ឲ្យ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ចំនួន ៩២ ប្រទេស និង​សហភាព​អាហ្វ្រិក។

វ៉ាក់សាំង​ទាំង​នេះ​គឺជា​ការ​បន្ថែម​ទៅ​នឹង​វ៉ាក់សាំង​ចំនួន ៨០ លាន​ដូស ដែល​សហរដ្ឋ​អាមេរិក​បាន​ប្ដេជ្ញា​ផ្ដល់​ជូន​កាលពី​លើក​មុន និង​ទឹក​ប្រាក់​ចំនួន ២ ពាន់​លាន​ដុល្លារ ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ជូន​ដល់​គម្រោង COVAX។

អ្នកស្រី Power បាន​បញ្ជាក់​ថា ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ១៩ គឺជា​ស្ថានភាព​បន្ទាន់ ដោយសារ «យើង​មិន​ត្រឹមតែ​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​នេះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រយុទ្ធ​ដើម្បី​ការពារ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​រាប់​ទសវត្សរ៍​កន្លង​មក ដែល​ជំងឺ​កូវីដ១៩ នេះ​កំពុង​បង្អាក់​ផងដែរ»។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ពលរដ្ឋ​ក្រីក្រ​បន្ថែម​ទៀត ដោយ​ធ្វើ​ឲ្យ​មនុស្ស ១២៤ លាន​នាក់​បន្ថែម​ទៀត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​និង​ភាព​អត់ឃ្លាន និង​បណ្ដាល​ឲ្យ​មាន​ការ​កើនឡើង​ជា​លើក​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក​នូវ​ភាព​ក្រីក្រ​តោកយ៉ាក​នៅ​ក្នុង​រយៈពេល​ជិត ៣០ ឆ្នាំ​កន្លង​មក​នេះ។ ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​កុមារ​ជាង ១ ពាន់​លាន​នាក់​មិន​បាន​ចូល​សិក្សា​នៅ​តាម​សាលារៀន ដែល​ក្នុង​ចំណោម​នោះ កុមារ​រាប់​លាន​នាក់ ជា​ពិសេស​កុមារី ប្រហែល​ជា​មិន​អាច​ត្រឡប់​ចូល​សិក្សា​វិញ​បាន​ជា​រៀង​រហូត»។

បន្ថែម​ពី​លើ​នេះ​ទៀត ជំងឺ​កូវីដ១៩ បាន​ផ្ដល់​លេស​ឲ្យ​របប​ដឹកនាំ​មួយ​ចំនួន​ពន្យារ​ពេល​ការ​បោះឆ្នោត ដាក់​កំហិត​ដល់​ការ​ជួបជុំ​ដោយ​សេរី និង​បំបិទ​មាត់​សារព័ត៌មាន។

អ្នកស្រី Power មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​អំពី​ការ​គាប​សង្កត់​ជិះជាន់​ដែល​កំពុង​កើតឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ ដោយ​ហេតុ​ថា យើង​ដឹង​ថា លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​របស់​រដ្ឋាភិបាល​លើ​សិទ្ធិ​មនុស្ស​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ពិត​ប្រាកដ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ប្រទេស​ណា​ដែល​មាន​ស្ថាប័ន​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព អំពើ​ពុករលួយ​ធ្ងន់ធ្ងរ និង​នីតិរដ្ឋ​ទន់ខ្សោយ ប្រទេស​នោះ​មាន​ហានិភ័យ​ពី ៣០% ទៅ ៤៥% ខ្ពស់​ជាង​ប្រទេស​ផ្សេង​ទៀត នៅ​ក្នុង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល ក៏​ដូចជា​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​ហិង្សា​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ផងដែរ»។

ឧបសគ្គ​មួយ​ទៀត​គឺ​អំពើ​ពុករលួយ។ អំពើ​ពុករលួយ​រារាំង​ការ​រីកចម្រើន​សេដ្ឋកិច្ច បង្អាក់​ដល់​ការ​វិនិយោគ បំបាត់​ទំនុកចិត្ត​លើ​ស្ថាប័ន​សាធារណៈ ឆក់ប្លន់​ធនធាន​សាធារណៈ​និង​ឯកជន និង​ជួយ​គាំទ្រ​ជន​ផ្ដាច់ការ​និង​អ្នក​រំលោភ​សិទ្ធិ​មនុស្ស។

ទាក់ទិន​ទៅ​នឹង​វិបត្តិ​អាកាសធាតុ សហរដ្ឋ​អាមេរិក​កំពុង​ដឹក​មុខ​លើ​ការ​ដោះស្រាយ​បញ្ហា​នេះ តាម​រយៈ​ការ​ប្ដេជ្ញា​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​របស់​ខ្លួន​ចាប់ពី​ពី​កម្រិត​នៅ​ឆ្នាំ ២០០៥ ឲ្យ​បាន​ត្រឹម ៥០% ទៅ ៥២% នៅ​ត្រឹម​ឆ្នាំ ២០៣០។

អ្នកស្រី Power បញ្ជាក់​ដូច្នេះ​ថា៖ «ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ​របស់​យើង​គឺជា​ឧបសគ្គ​រួម។ យើង​ត្រូវ​រួម​គ្នា​សម្រេច​ឲ្យ​បាន​តាម​ការ​សន្យា​ដ៏​ម៉ឺងម៉ាត់​របស់​យើង​នៃ​ការ​មូល​មតិ​គ្នា​ជា​ប្រវត្តិសាស្ត្រ​លើ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​មាន​ភាព​ប្រសើរ​ឡើង»៕