បទ​វិចារណកថា៖ សហរដ្ឋ​អាមេរិក​ជួយ​ស៊ូដង់​ខាងត្បូង​ ពេល​ដែល​ប្រទេស​នេះ​ប្រឈម​នឹង​វិបត្តិ​មួយ​ទៀត

រូបឯកសារ៖ ពលរដ្ឋស៊ូដង់ដែលត្រូវភៀសខ្លួនឈរនៅក្បែរតង់ស្នាក់នៅរបស់ពួកគេ នៅជំរំជនភៀសខ្លួន Otash ជាយក្រុង Nyala កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បើ​យោង​តាម​បណ្តាញ​ប្រព័ន្ធ​ព្រមាន​ជាមុន​អំពី​គ្រោះ​ទុរភិក្ស (Famine Early Warning Systems Network (FEWS NET)) ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ USAID ប្រទេស​ស៊ូដង់​ខាងត្បូង ​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​មួយ​ទៀត​ដែល​មាន​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ។ ទំហំ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ រហូត​ដល់​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ នឹង​នៅតែ​មាន​កម្រិត​ខ្ពស់​បំផុត​ដដែល​ចាប់តាំង​ពី​ឆ្នាំ ២០១៤ មក។

ស្ថានភាព​ធាតុអាកាស​អាក្រក់​ធ្ងន់ធ្ងរ និង​អស្ថិរភាព​សេដ្ឋកិច្ច​គឺ​ជា​ផ្នែក​នៃ​បញ្ហា​នេះ ប៉ុន្តែ​សង្គ្រាម​ដ៏​ឃោរឃៅ​ក៏​ជា​ផ្នែក​មួយ​នៃ​បញ្ហា​នេះ​ផង​ដែរ។

បើ​យោង​តាម​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ទឹក​ជំនន់​ដែល​កើតឡើង​នៅ​មុន​រដូវ​ច្រូតកាត់​ប្រចាំ​ឆ្នាំ​ចូល​មក​ដល់ បាន​ជន់​លិច​ទី​វាល​នានា សម្លាប់​បសុសត្វ បណ្តាល​ឲ្យ​ស្ថានភាព​ផុយស្រួយ​រួច​ស្រេច​ទៅ​ហើយ​កាន់តែ​អាក្រក់​ថែម​ទៀត និង​បណ្ដាល​ឲ្យ​មាន​គ្រោះ​អត់​ឃ្លាន ការ​ខ្វះ​អាហារូបត្ថម្ភ​និង​ការ​ចាកចេញ​ពី​ផ្ទះ​សម្បែង។ កុមារ​អាយុ​តិច​ជាង ៥ ឆ្នាំ ជា​ក្រុម​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ។

នៅ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​វិធានការ​បង្ការ​ចាំបាច់​នានា បាន​រឹតតែ​ធ្វើ​ឲ្យ​វិបត្តិ​មនុស្សធម៌​ដែល​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ​នោះ កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន​បន្ថែម​ទៀត និង​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ផុយស្រួយ​ស្រាប់​កាន់តែ​ពិបាក​ជាង​មុន​បន្ថែម​ទៀត។ ជា​លទ្ធផល នៅ​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ប្រហែល ៧ លាន ៥ សែន​នាក់ ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ជិត ១០៨ លាន​ដុល្លារ​ដល់​ប្រជាពលរដ្ឋ​ស៊ូដង់​ខាង​ត្បូង ដែល​ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ស៊ូដង់​ខាង​ត្បូង​នៅ​ក្នុង​ប្រទេស​ជិតខាង​ផង​ដែរ។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដូច្នេះ​ នៅ​ក្នុង​ពិធី​កម្រិត​ខ្ពស់​មួយ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា៖ «ការ​សន្ទនា​ជាមួយ​ប្រទេស​ផ្ដល់​ជំនួយ​ច្រើន​ជាង​គេ​បំផុត​ទាំង ១០ នៅ​លើ​ពិភពលោក​អំពី​តម្រូវការ​ផ្នែក​មនុស្សធម៌​លើ​សាកលលោក»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​មួយ​ថា៖ «ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយម្ហូប​អាហារ​គ្រា​អាសន្ន សេវា​សុខាភិបាល លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​បរិភោគ​និង​អនាម័យ និង​ជំនួយ​សម្រាប់​អ្នក​រស់​រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​យេនឌ័រ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង»។

លោក​រដ្ឋមន្ត្រី Pompeo បាន​ថ្លែង​ដូច្នេះ​ថា៖ «ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​ក៏​ផ្តល់​ជា​លក្ខណៈ​បែប​សកម្មភាព​ជួយ​សង្គ្រោះ​ជីវិត​ដល់​ជន​ភៀសខ្លួន​ស៊ូដង់​ខាង​ត្បូង​ជិត ២ លាន ២ សែន​នាក់​នៅ​ក្នុង​ប្រទេស​ជិត​ខាង ដែល​ភាគ​ច្រើន​ជា​ស្ត្រី​និង​កុមារ ក៏​ដូចជា​ផ្ដល់​ដល់​សហគមន៍​ក្នុង​មូលដ្ឋាន​ដែល​ទទួល​ជន​ភៀសខ្លួន​ទាំង​នោះ​ឲ្យ​រស់នៅ​ផង​ដែរ»។

សហរដ្ឋ​អាមេរិក​ក៏​ផ្តល់​ការ​គាំទ្រ​ដល់​សេវា​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​តាមអាកាស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ដឹក​បុគ្គលិក​ផ្នែក​ជំនួយ​មនុស្ស​ធម៌ និង​ជំនួយ​សង្គ្រោះ​នានា​នៅ​ទូទាំង​ប្រទេស​ស៊ូដង់ និង​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​នៃ​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជិត ៣០ ផង​ដែរ។

លោក​រដ្ឋមន្ត្រី Pompeo បាន​មាន​ប្រសាសន៍ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ផ្តល់​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​បំផុត​ទៅ​ឲ្យ​ប្រទេស​ស៊ូដង់​ខាងត្បូង និង​សាកលលោក។ យើង​នឹង​នៅ​បន្ត​ធ្វើ​ជា​កាតាលីករ​សម្រាប់​ការ​ឆ្លើយតប​អន្តរជាតិ​ដើម្បី​កាត់​បន្ថយ​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​ស៊ូដង់​ខាង​ត្បូង»។

លោក​រដ្ឋមន្ត្រី Pompeo បាន​បន្ថែម​ទៀត​ថា៖ «យើង​អរគុណ​ចំពោះ​វិភាគទាន​របស់​ប្រទេស​ផ្តល់​ជំនួយ​នានា​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ទទួល​ស្គាល់​ថា តម្រូវការ​ចាំបាច់​នានា​នៅ​មាន ហើយ​អំពាវនាវ​ដល់​ប្រទេស​ផ្តល់​ជំនួយ​បច្ចុប្បន្ន និង​ប្រទេស​ផ្តល់​ជំនួយ​ថ្មីៗ​ឱ្យ​ធ្វើ​វិភាគទាន​ថ្មី ឬ​ធ្វើ​តាម​ការ​សន្យា​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ជំនួយ​សង្គ្រោះ​ជីវិត​មនុស្ស​នេះ​អាច​ទៅ​រួច»៕