តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក បានសម្តែងកង្វល់អំពីការពង្រីកការបង្ក្រាបដោយរដ្ឋាភិបាលរុស្ស៊ីលើសង្គមស៊ីវិល។
កាលពីថ្ងៃទី២៨ ខែធ្នួ ក្រសួងយុត្តិធម៌រុស្ស៊ី បានបន្ថែមបុគ្គលប្រាំនាក់ទៀត ដោយមានរួមបញ្ជូលសកម្មជនសិទ្ធិមនុស្សល្បីឈ្មោះម្នាក់ គឺលោក Lev Ponomaryov ក្នុងបញ្ជីនៃអ្វីដែលហៅថា «ពួកភ្នាក់ងារបរទេស។ ជនបួននាក់ទៀត គឺអ្នកស្រី Lyudmila Savitskaya ជាអ្នកកាសែត លោក Denis Kamalyagin ជាបណ្ណាធិការសារព័ត៌មាន អ្នកកាសែតអនឡាញ លោក Sergei Markelov សិល្បករនិងសកម្មជនសិទ្ធិមនុស្ស Daria Apakhonchich។
អ្នកស្រី Savitskaya លោក Markelov និងលោក Kamalyagin ជាអ្នករួមចំណែកក្នុងការផ្សាយនៃសេវាជាភាសារុស្ស៊ីនៃវិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាពដែលឋិតនៅក្រោមការមើលខុសត្រូវនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល USAGM។
ចំណាត់ការរបស់រដ្ឋាភិបាលរុស្ស៊ីបែបនេះកត់សម្គាល់ជាលើកដំបូងហើយដែលពួកបុគ្គល មិនមែនអង្គការទេ ត្រូវដាក់ក្នុងបញ្ជីនៃក្រសួងយុត្តិធម៌ដែលពង្រឹងការពិនិត្យពិច័យខាងការិយាធិបតេយ្យ ការតម្រូវឱ្យរាយការណ៍ ការត្រួតពិនិត្យធនធានហិរញ្ញវត្ថុ និងការដាក់ទណ្ឌកម្មតឹងតែង ប្រសិនបើពួកគេមិនបានគោរពតាមការតម្រូវតឹងរ៉ឹងនៃច្បាប់នេះទេនោះ។
ប្រទេសរុស្ស៊ី បានអនុម័តច្បាប់មួយកាលពីឆ្នាំ២០១២ ដែលអនុញ្ញាតឱ្យខ្លួនចាត់ទុកអង្គការក្រៅរដ្ឋាភិបាលទទួលប្រាក់ពីបរទេសនិងក្រុមសិទ្ធិមនុស្សដែលខ្លួនយល់ឃើញថាទាក់ទិននឹងសកម្មភាពនយោបាយ ជាភ្នាក់ងារបរទេស។ បន្ទាប់មកច្បាប់នេះ ត្រូវបានពង្រីកដោយមានរួមបញ្ចូលបណ្តាញផ្សាយព័ត៌មាន និងពួកអ្នកកាសែតឯករាជ្យ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកប្រធានាធិបតី Vladimir Putin បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់បន្ថែមដើម្បីពង្រីកច្បាប់នេះ ដែលបុគ្គលម្នាក់ ឬអង្គភាពមួយអាចត្រូវចាត់ទុកជាផ្លូវការជា«ភ្នាក់ងារបរទេសមួយ» ហើយបង្កើនទណ្ឌកម្មដោយមានរួមបញ្ចូលការឃុំឃាំងក្នុងពន្ធនាគារសម្រាប់ពួកបុគ្គល ឬអង្គការត្រូវចាត់ទុកថា ជាភ្នាក់ងារបរទេសដែលមិនបានប្រាប់អង្គភាពផ្លូវការអំពីឋានៈពួកគេ ឬប្រកែកមិនព្រមរាយការណ៍អំពីសកម្មភាពពួកគេ។ អង្គការ Amnesty International បានហៅសេចក្តីព្រាងច្បាប់នេះថា ជា«ការធ្វើទុក្ខបុកម្នេញថ្មីមួយលើក្រុមសង្គមស៊ីវិលនិងពួកអ្នកការពារសិទ្ធិមនុស្សដែលងើបឈរប្រឆាំងដើម្បីយុត្តិធម៌និងសេចក្តីថ្លៃថ្នូរ»។
អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Cale Brown បាននិយាយនៅក្នុងសារ Twitter មួយថា ដោយចាត់ទុកបុគ្គលទាំងប្រាំនាក់នេះថាជា«ពួកភ្នាក់ងារបណ្តាញព័តមានបរទេស»រដ្ឋាភិបាលរុស្ស៊ី កំពុង«បង្កើនការបង្ក្រាបលើសង្គមស៊ីវិល...ក្នុងការគំរាមកំហែងប្រឆាំងនឹងបណ្តាញព័ត៌មានឯករាជ្យ»។
អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Cale Brown ក៏បានកត់សម្គាល់ដែរថា «ប្រទេសរុស្ស៊ីអនុម័តច្បាប់ថ្មីៗមួយចំនួនដែលពង្រីកអំណាចរដ្ឋាភិបាលដោយរឹតត្បិតថែមទៀតលើសេរីភាពខាងការនិយាយស្តីបញ្ចេញមតិ សេរីភាពកាសែត និងសេរីភាពខាងការរួមប្រជុំដោយផ្តល់វិធីបន្ថែមសម្រាប់បង្ក្រាបការពិតជាក់ស្តែងដែលខ្លួនមិនចូលចិត្តនិងបំបាត់សំឡេងប្រឆាំង»។
លោក Cale Brown បាននិយាយថែមទៀតថា «ការកែប្រែច្បាប់ស្តីពីភ្នាក់ងារបរទេសជាការណ៍គួរឲ្យបារម្ភ ព្រោះការណ៍នេះ អនុញ្ញាតឱ្យអាជ្ញាធរអនុវត្តការដាក់បន្ទុកឲ្យចុះឈ្មោះនិងការតម្រូវឱ្យដាក់ឈ្មោះ អាចជំទាស់នឹងសកម្មភាពអង្គការមួយនិងអាចចាប់ដាក់គុកពួកជនទាំងឡាយណាដែលត្រូវរកឃើញថារំលោភលើច្បាប់នេះ។ យើងអំពាវនាវដល់ប្រទេសរុស្ស៊ីឱ្យគោរពសិទ្ធិពលរដ្ឋរបស់ខ្លួន»៕