បទវិចារណកថា៖ ស្លូវេនី ចាត់ទុក Hezbollah ជា​ក្រុម​ភេរវជន

ប៉ូលិសពិសេស​របស់​អាល្លឺម៉ង់ ឈរជជែក​គ្នា​នៅ​ជិត​មជ្ឈមណ្ឌល El-Irschad (Al-Iraschad e.V. ) ក្នុង​ទីក្រុង​ប៊ែរឡាំង កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០ បន្ទាប់ពី​អាល្លឺម៉ង់ បាន​ហាមឃាត់​ក្រុម Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​មិន​ឲ្យ​ចូល​ទឹកដី​របស់​ខ្លួន ហើយ​បាន​កំណត់​ថា ជា​ក្រុម​ភេរវជន។

ត​ទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​ស្លូវេនីបាន​ចាត់​ទុក​ក្រុម Hezbollah ទាំងមូល​ថា​ជា​ក្រុម​ភេរវជន ​ដោយ​ច្រានចោលការ​បែងចែកមិន​ពិត​រវាងសាខា​នយោបាយ​ និង​សាខាយោធា​របស់ក្រុម​នេះ។ ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ស្លូវេនី​បានឲ្យ​ដឹង​ថា Hezbollah ជា​ក្រុមភេរវជន​ឧក្រិដ្ឋ ដែល​គំរាម​កំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​សាកលលោក។

សហរដ្ឋ​អាមេរិក​សរសើរប្រទេស​ស្លូវេនី​ដែល​បាន​ចាត់​វិធានការ​នេះដើម្បី​រារាំងក្រុម Hezbollah មិន​ឱ្យ​ធ្វើ​កិច្ចប្រតិបត្តិការ​ក្នុង​ទ្វីប​អឺរ៉ុប​បាន។

ប្រទេស​ស្លូវេនីបាន​ដើរ​តាម​រដ្ឋាភិបាល​អឺរ៉ុបជាច្រើន​ទៀត​ដែល​មានរួម​បញ្ចូលចក្រភពអង់គ្លេស ប្រទេសលីទុយអានី​ ឡេតូនី កូសូវ៉ូ​ និងអេស្តូនី ដែល​បាន​ចាត់វិធានការ​ច្រើនក្រាស់​ក្រែលក្នុង​ការ​ចាត់​ទុក​ក្រុម Hezbollah ថា​ជា​ក្រុម​ភេរវជន និង​បាន​ហាមប្រាម ​ឬរឹតត្បិត​ក្រុម​នេះ ​កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​នេះ។

ដោយ​ត្រូវ​បាន​បង្កើតដោយ​របប​គ្រប់គ្រង​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​១៩៨២​ ​ក្រុម Hezbollah បានអភិវឌ្ឍទៅ​ជាបណ្តាញ​អាក្រក់​មួយ ដែល​មាន​រួម​បញ្ចូលផ្នែក​នយោបាយ យោធា ភេរវកម្ម ​និងឧក្រិដ្ឋកម្ម។ ក្រុម Hezbollah បានបង្កើតកម្លាំង​ភេរវជន​ដ៏​មាន​ឥទ្ធិពលមួយ ដែល​មាន​យុទ្ធជនរាប់​ម៉ឺន​នាក់​ប្រដាប់​ដោយរ៉ុកកែត​ និង​គ្រាប់​មីស៊ីលចំនួន​១ សែន ៣ ម៉ឺន។ បន្ថែម​លើ​នេះ​ទៀត ​ក្រុម​នេះបាន​បង្កើតប្រព័ន្ធ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​ចាប់ពី​អាមេរិក​ឡាទីន ដល់​អឺរ៉ុប មជ្ឈិម​បូព៌ា​ និង​អាស៊ី​ថែម​ទៀតផង។

ក្រុម Hezbollah មាន​ប្រវត្តិ​យូរយារ​ណាស់​មក​ហើយនៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ និងការ​វាយ​ប្រហារ​ទាក់ទិន​នឹង​ភេរវកម្មប្រឆាំង​នឹងផល​ប្រយោជន៍​អឺរ៉ុប។ ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៨០ ​មក​ ក្រុម​នេះ​បាន​ធ្វើ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួនប្រឆាំង​នឹងទីដៅអឺរ៉ុបក្នុង​ប្រទេស​លីបង់​ និង​ទ្វីប​អឺរ៉ុប​ ដោយ​មាន​រួម​បញ្ចូលប្រទេស​បារាំង អេស្ប៉ាញ​ អាល្លឺម៉ង់ ប៊ុលហ្គារី និង​ប្រទេស​ស៊ីប​ផងដែរ។

ក្រុម​ Hezbollah ​បាន​បង្កើតហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ធ្វើ​សកម្មភាពភេរវកម្ម​នៅ​លើ​ទឹកដី​អឺរ៉ុប ហើយ​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​បណ្តាញឧក្រិដ្ឋ​ខាង​ហិរញ្ញវត្ថុនៅ​ទូទាំង​ទ្វីប​អឺរ៉ុប ដោយ​មាន​រួម​បញ្ចូល​ការ​ជួញដូរ​គ្រឿងញៀន ការ​លាង​លុយ ​និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ផង​ដែរ។ ក្រុម Hezbollah បាន​បញ្ជូនយុទ្ធជន​របស់​ខ្លួន​ឱ្យ​ទៅប្រយុទ្ធ​ក្នុង​សង្គ្រាម​បុស្ន៊ី កាល​ពីដើម​ទសវត្សរ៍​ ១៩៩០។

រដ្ឋបាល​លោក Trump ​បាន​ធ្វើការ​ទាក់ទង​ខាង​ការទូតដើម្បី​បញ្ចុះបញ្ចូលសហគមន៍​អន្តរជាតិឱ្យសង្កេត​មើល​សកម្មភាព​អាក្រក់របស់​ក្រុម Hezbollah និង​ចាត់វិធានការរារាំងក្រុម​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​មួយ​នេះ មិន​ឲ្យធ្វើ​កិច្ច​ប្រតិបត្តិការក្នុង​ដែនដី​ពួកគេ​នោះ​ឡើយ។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo បានកត់​សម្គាល់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​បាន​ឱ្យ​ទម្ងន់ ជា​ពិសេស​ដល់អឺរ៉ុប»។ ហើយ​យុទ្ធនាការការ​ទូត​ដឹក​នាំ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជា​លទ្ធផល​ផ្លែផ្កា ដោយ​ប្រទេស​អឺរ៉ុប​ចំនួន​ ៦ បាន​ដាក់​កំហិត​លើ​ក្រុម Hezbollah កាលពី​ឆ្នាំ​ទៅ​មិញ ហើយរដ្ឋាភិបាល​ឯ​ទៀតៗ​ក្នុង​ទ្វីប​អឺរ៉ុបកំពុង​ពិចារណាអំពី​វិធានការ​ថ្មីៗ​ដែរ។

សហរដ្ឋ​អាមេរិក​ស្វាគមន៍វិធានការទាំង​នេះ​ដោយ​ប្រទេស​ស្លូវេនី​ និងប្រទេសអឺរ៉ុប​ឯ​ទៀតៗ​ថា​ ជា​ការ​ជឿនលឿនឆ្ពោះ​ទៅ​កាន់ការ​បំបាត់វត្តមាន​ក្រុម Hezbollah នៅ​ក្នុង​ទ្វីប​អឺរ៉ុប៕