តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោក Robert de Jesus Quinnones ជាអ្នកសារព័ត៌មានឯករាជ្យគុយបានៅទីបំផុតបានជួបជុំជាមួយក្រុមគ្រួសាររបស់លោកឡើងវិញបន្ទាប់ពីទទួលរងការឈឺចាប់ដ៏ហួសប្រមាណជាអ្នកទោសមនសិការនៅក្នុងប្រទេសគុយបាមក។
ខណៈដែលអបអរនឹងដំណឹងនៃការដោះលែងលោកនេះ សហរដ្ឋអាមេរិកធ្វើការថ្កោលទោសយ៉ាងខ្លាំងម្តងហើយម្តងទៀតចំពោះការចាប់ដាក់ពន្ធនាគារដ៏អយុត្តិធម៌ដោយសារគ្រាន់តែលោកបានបំពេញការងារធម្មតារបស់លោកប៉ុណ្ណោះ។ នេះតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ របបគុយបាបានចោទប្រកាន់លោក Quiñones ពីបទចោទមិនប្រាកដប្រជាចំពោះការប្រឆាំងនិងការមិនស្តាប់បង្គាប់ហើយបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារមួយឆ្នាំនៅក្នុងជំរំការងារ។ ការឃុំឃាំងនិងការកាត់ទោសលោកត្រូវបានកត់សម្គាល់ដោយការមិនគោរពច្បាប់ស្តែងៗតែម្តង។
រដ្ឋអំណាចគុយបាទើបតែបានជូនដំណឹងដល់លោក Quinones អំពីបទចោទប្រកាន់ប្រឆាំងនឹងលោកនៅប៉ុន្មាននាទីមុនការជំនុំជម្រះប៉ុណ្ណោះហើយមិនបានអនុញ្ញាតឲ្យលោកមានមេធាវីនៅក្នុងបន្ទប់តុលាការទេ។ រដ្ឋអាជ្ញារបស់របបនោះ បានរារាំងលោក Quinones មិនឲ្យបង្ហាញភស្តុតាងពីការរងរបួសរបស់លោកក្រោមសមត្ថកិច្ចរបស់ប៉ូលិសដែលបានចាប់ខ្លួនលោក។ កាលពីខែមីនា លោកបានត្រូវគេបដិសេធមិនឲ្យគេដោះលែងដោយមានលក្ខខណ្ឌ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Pompeo បាននិយាយថា៖ «វាជាការគួរឲ្យអាម៉ាស់ដែលរបបគុយបា បានចាប់អ្នកសារព័ត៌មានម្នាក់ដាក់គុកដែលឧក្រិដកម្មរបស់លោកគឺគ្រាន់តែធ្វើការដើម្បីឲ្យសង្គមមានតម្លាភាពកាន់តែខ្លាំងឡើងប៉ុណ្ណោះ។ ការណ៍នេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ របបនេះ ប្រើលេសគ្រប់យ៉ាងដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ហើយរំលោភសិទ្ធិមនុស្សរួមមានសិទ្ធិនៃការបញ្ចេញមតិនិងការទទួលបានការកាត់ទោសត្រឹមត្រូវផង»។
គណៈកម្មាធិការការពារអ្នកសារព័ត៌មានបានប្រាប់ឲ្យដឹងថា គុយបានៅតែមានបរិយាកាសរឹតត្បិតខ្លាំងបំផុតលើសារព័ត៌មាននៅក្នុងទ្វីបអាមេរិក។ អង្គការដដែលនោះបានឲ្យចំណាត់ថ្នាក់គុយបាស្ថិតនៅក្នុងចំណោមប្រទេស១០ ដែលមានការចាប់ពិរុទ្ធសេរីភាពសារព័ត៌មានខ្លាំងបំផុត។ សារព័ត៌មានបោះពុម្ភនិងប្រព័ន្ធផ្សព្វផ្សាយត្រូវបានត្រួតត្រាទាំងស្រុងដោយរដ្ឋាភិបាលកុម្មុយនិស្តគុយបាហើយតាមច្បាប់ បណ្តាញផ្សាយទាំងនេះ«ត្រូវធ្វើឲ្យស្របទៅតាមគោលដៅរបស់សង្គមបែបសង្គមនិយម»។
សហរដ្ឋអាមេរិក អំពាវនាវដល់ដៃគូប្រកាន់លទ្ធិប្រជាធិបតេយ្យនានារបស់ខ្លួននៅទូទាំងពិភពលោកឲ្យយកការគោរពសិទ្ធិមនុស្សរួមមានសេរីភាពសារព័ត៌មាន ជាលក្ខខណ្ឌសម្រាប់ការទាក់ទងជាមួយប្រទេសគុយបា៕