តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ចេញផ្សាយកាលពីដើមខែឧសភាថាកាលពីឆ្នាំទៅមានសង្គ្រាមជាង១០០នៅទូទាំងពិភពលោក។ ហើយនៅពេលដែលរយៈពេលជាមធ្យមនៃជម្លោះបែបនេះមានជាង៣០ឆ្នាំ ក្រុមជនស៊ីវិលនៅតែបន្តមានការលំបាកខ្លាំងនិងយូរតទៅទៀត។
អ្នកតំណាងសហរដ្ឋអាមេរិកប្រចាំអ.ស.ប.លោកស្រី Linda Thomas-Greenfield បាននិយាយថា៖ «ក្នុងឆ្នាំ២០២២ អ.ស.ប.បានកត់ត្រាការស្លាប់របស់ជនស៊ីវិលជិត១៧.០០០នាក់ក្នុងសង្គ្រាម១២ គឺមានកំណើន៥៣ភាគរយបើប្រៀបធៀបជាមួយឆ្នាំ២០២១។ នៅក្នុងប្រទេសអ៊ុយក្រែនតែមួយគត់ អ.ស.ប.បានកត់ត្រាការស្លាប់ជនស៊ីវិលជិត៨.០០០នាក់ ទោះជាតួលេខពិតប្រាកដទំនងជាមានខ្ពស់ជាងនេះ។ នេះជាការខាតបង់ខាងជីវិតមនុស្សនៃសង្គ្រាមឈ្លានពានគ្មានការបង្ករឿងនិងឃោរឃៅរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន»។លោកស្រីបានថ្លែងទៀតថា៖ «សង្គ្រាមនេះក៏មានផលប៉ះពាល់ខ្លាំងលើប្រជាជនងាយរងគ្រោះក្នុងប្រទេសនានាឆ្ងាយពីប្រទេសអ៊ុយក្រែនដែរ។
មនុស្សច្រើនលាននាក់ថែមទៀតត្រូវបានរុញច្រានទៅក្នុងអសន្តិសុខស្បៀងដែលជាលទ្ធផលមួយនៃសង្គ្រាមនេះ។ ហេតុអ្វី? ពីព្រោះរុស្ស៊ីបានប្រើស្បៀងអាហារជាអាវុធមួយក្នុងប្រទេសអ៊ុយក្រែន»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា ក៏មានសេចក្តីត្រូវការក្នុងការការពារនិងជួយ«ក្រុមជនដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះពួកគេ ដោយមិនដឹងពិតប្រាកដថាពួកគេនឹងអាចវិលមកផ្ទះវិញបាននៅពេលណាមួយឬមួយប្រសិនបើពួកគេនឹងអាចទៅផ្ទះបានឬទេ»។
លោកស្រីបានថ្លែងថា៖ «មនុស្សជាង១០០លាននាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងដោយបង្ខំដែលជាលទ្ធផលនៃសង្គ្រាម អំពើហិង្សា ការធ្វើទុក្ខបុកម្នេញ និងការរំលោភលើសិទ្ធិមនុស្សនិងការរំលោភផ្សេងៗទៀត។ ប្រទេសបួគីណាហ្វាសូ សូម៉ាលី ភូមានិងប្រទេសអ៊ុយក្រែនប្រឈមនឹងវិបត្តិខ្ចាត់ព្រាត់ពីលំនៅដ្ឋានលឿនបំផុត។ ហើយបើតាមទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប.ថា ការប្រយុទ្ធគ្នានៅប្រទេសស៊ូដង់អាចធ្វើឱ្យមានមនុស្សមួយលាននាក់ថែមទៀតដែលអាចខ្ចាត់ព្រាត់ពីផ្ទះគេ»។
លោកស្រី Thomas-Greenfield បានថ្លែងថា៖ «យើងទាំងអស់គ្នាត្រូវតែចាត់វិធានការថែមទៀត ដើម្បីបន្ថយការស្រេកឃ្លាននិងជួយស្រោចស្រង់ជីវិតមនុស្ស។ នៅពេលជាមួយគ្នានេះ យើងទាំងអស់គ្នាត្រូវតែទទួលស្គាល់ថា គ្មានជំនួយណាមួយនឹងអាចបំពេញសេចក្តីត្រូវការរបស់ក្រុមជនងាយរងគ្រោះបំផុតក្នុងពិភពលោកបានទេប្រសិន បើជំនួយនេះមិនបានទៅដល់ក្រុមជនងាយរងគ្រោះបំផុតទេនោះ»។
លោកស្រីបាននិយាយថា៖ «ជាញឹកញយណាស់ ភាគីច្បាំងគ្នាបានរារាំងដោយចេតនាការផ្តល់ជំនួយមនុស្សធម៌។ ហើយជាញឹកញាប់ណាស់ ក្រុមជនដែលបានឧទ្ទិសជីវិតដើម្បីជួយជីវិតមនុស្សឯទៀតបានត្រូវយកជាទីដៅនៃការវាយប្រហារ។
កាលពីឆ្នាំទៅ អ្នកធ្វើការខាងមនុស្សធម៌និងខាងការថែទាំសុខភាពជាង២៥០នាក់ត្រូវបានសម្លាប់។ អ្នកធ្វើការទាំងនេះច្រើននាក់ទៀតបានរងរបួស ត្រូវវាយប្រហារឬត្រូវចាប់ពង្រត់។ ការចាប់ពង្រត់បុគ្គលិកពេទ្យនៅតែមានតទៅទៀតនៅក្នុងសង្គ្រាម។ ការយកក្រុមអ្នកធ្វើការខាងផ្តល់ជំនួយជាការរំលោភច្បាស់លាស់លើច្បាប់មនុស្សធម៌អន្តរជាតិហើយត្រូវតែថ្កោលទោសជាសាកល»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា៖ «យើងត្រូវចាត់វិធានការថែមទៀតជាមួយគ្នាដើម្បីការពារក្រុមជនស៊ិវិលដែលប្រឈមនឹងសង្គ្រាម។ យើងត្រូវឃើញមនុស្សធម៌រួមគ្នារបស់យើងក្នុងក្រុមជនដែលរងទុក្ខវេទនា។ ចូរយើងទាំងអស់គ្នាធ្វើអ្វីទាំងអស់ក្នុងអំណាចរបស់យើងដើម្បីសម្រាលការរងទុក្ខវេទនានេះ ហើយធ្វើឱ្យមានអនាគតមួយមានសន្តិភាពនិងយុត្តិធម៌ជាងមុនសម្រាប់មនុស្សគ្រប់ៗគ្នា»៕