Accessibility links

Breaking News

បទវិចារណកថា៖ ការដក​មេធាវី​សិទ្ធិ​មនុស្ស​អាស៊ែបៃហ្សង់​ម្នាក់​ចេញ​ពី​សមាគម​មេធាវី


អ្នកស្រី Shahla Humbatova ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាស៊ែបៃហ្សង់​ម្នាក់​។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken បាន​សម្តែង​ការ​បារម្ភ​ចំពោះការ​ដកអ្នក​ការពារ​សិទ្ធិ​មនុស្ស​អាស៊ែបៃហ្សង់​ម្នាក់​ គឺ​អ្នកស្រី Shahla Humbatova ដែលជា​ជ័យលាភីរង្វាន់ស្ត្រី​ក្លាហាន​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០២០ (2020 International Women of Courage) ហៅ​កាត់​ថា​ IWOC។ ​អ្នកស្រី Humbatova ជា​មេធាវី​ល្បី​ឈ្មោះ​ម្នាក់ដែល​បានការពារ​ក្នុង​រឿងក្តី​រសើប​ខាងនយោបាយ ដោយ​មាន​រួម​បញ្ចូលរឿងក្តីរបស់សកម្មជន​ខាងសិទ្ធិ​មនុស្ស ​អ្នក​កាសែត​និង​សមាជិកនៃ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBTQ+) ដែលល្មើស​នឹង​បទបញ្ជារដ្ឋាភិបាល​អាស៊ែបៃហ្សង់។​

សមាគមមេធាវីនៃ​ប្រទេស​អាស៊ែបៃហ្សង់​ បានដក​សមាជិកភាពរបស់អ្នកស្រី Humbatova កាល​ពី​ថ្ងៃ​ទី៥​ ខែ​មីនា ​ឆ្នាំ​២០២១ ដោយ​ថា​ អ្នកស្រី​មិន​បាន​បង់ប្រាក់​សមាជិកភាព។ ក៏​ប៉ុន្តែរបាយការណ៍ថ្មី​បំផុតរបស់​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​អំពីស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់​កត់​សម្គាល់ថា នៅ​ពេលដែល​សមាគម​មេធាវី​នេះ ចាប់ផ្តើមរៀបចំ​ដំណើរការ​ដក​សមាជិកភាព​អ្នកស្រី Humbatova កាល​ពី​ឆ្នាំ​២០១៩ ហេតុផល​ «ត្រូវគេ​ចាត់ទុក​ជា​ទូទៅថា​ មាន​ទាក់​ទិន​នឹង​នយោបាយ»។ បន្ថែម​លើ​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​រាយការណ៍​ថា​ បើ​តាម​ពួក​អ្នក​តំណាង​នៃ​សហគមន៍អ្នក​ច្បាប់​និង​អង្គការក្រៅ​រដ្ឋាភិបាលថា ​ច្បាប់​មួយកាល​ពី​ឆ្នាំ​២០១៨ ដែល​បាន​ធ្វើ​ឱ្យ​សមាជិកភាពក្នុង​សមាគម​មេធាវីជា​ការ​ចាំបាច់​សម្រាប់​ក្រុម​មេធាវី​ «ផ្តល់​អំណាចថែម​ទៀត​ទៅ​ឱ្យ​សមាគម​មេធាវីដែលគ្រប​ដណ្តប់ដោយ​រដ្ឋាភិបាល ដើម្បី​រារាំងក្រុមមេធាវីសិទ្ធិមនុស្សមិន​ឱ្យតំណាង​ក្រុម​បុគ្គលនៅ​ក្នុង​រឿង​ក្តីទាក់ទិន​នឹង​នយោបាយ​ដោយ​កម្រិតចំនួន​ជនជា​សមាជិកសមាគម​មេធាវី​ដែល​បានបំពេញ​កាតព្វកិច្ច​ខ្លួនដោយ​ត្រឹមត្រូវ»។

អ្នកស្រី Humbatova ត្រូវ​បាន​ដក​សមាជិកភាពក្នុង​សមាគម​មេធាវីនៅល្ងាច​មុន​ទិវា​ស្ត្រី​អន្តរជាតិ​ គឺមួយ​ឆ្នាំក្រោយ​ពី​អ្នកស្រី​បាន​ទទួល​រង្វាន់ស្ត្រី​ក្លាហាន​អន្តរជាតិ​ (IWOC) ​របស់​ក្រសួង​ការ​បរទេស​អាមេរិក។ រង្វាន់ IWOC ត្រូវ​ប្រគល់រៀង​រាល់​ឆ្នាំ​ឱ្យ​ក្រុម​ស្ត្រីនៅ​ទូទាំង​ពិភពលោក​ដែល​បាន​បង្ហាញ​សេចក្តី​ក្លាហាន ភាព​រឹងមាំ​និង​ភាព​ជា​មេដឹកនាំនៅ​ក្នុងការ​ប្រយុទ្ធ​ដើម្បី​សន្តិភាព យុត្តិធម៌​ សិទ្ធិមនុស្ស​និង​សមភាព​យេនឌ័រ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ជាលាយ​លក្ខណ៍​អក្សរ​ លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​មាន​ប្រសាសន៍​ថា៖ «ការងាររបស់​អ្នកស្រី Humbatova និងកិច្ចការ​របស់ក្រុម​អ្នក​កាពារ​សិទ្ធិមនុស្ស​ឯ​ទៀតៗ​ក្នុងប្រទេស​អាស៊ែបៃហ្សង់​គួរ​ត្រូវ​អបអរសាទរមិនមែន​ត្រូវ​ដាក់ទណ្ឌកម្មឡើយ ហើយ​យើង​អំពាវនាវ​ដល់ជន​ទទួល​ខុសត្រូវ​ឱ្យ​ពន្លឿនការ​ដាក់​បញ្ចូលអ្នកស្រី Humbatova ជា​ថ្មី ជា​សមាជិកា​នៃ​សមាគម​មេធាវី​នៃ​ប្រទេស​អាស៊ែបៃហ្សង់»។

លោក Blinken បាន​ប្រកាសថា៖ ​«សហរដ្ឋ​អាមេរិក​ប្តេជ្ញាឱ្យ​មាន​ពិភពលោកមួយ​ដែល​ក្នុង​នោះ​ សិទ្ធិ​មនុស្សត្រូវ​គោរព ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្សត្រូវ​បាន​អបអរសាទរ ​ហើយ​ក្រុម​ជនដែល​រំលោភ​លើ​សិទ្ធិមនុស្សត្រូវទទួល​ខុស​ត្រូវ។ យើង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វិធានការទាំង​អស់​ឆ្ពោះ​ទៅ​កាន់កំណែ​ទម្រង់​ជា​ប្រព័ន្ធក្នុង​ប្រទេស​អាស៊ែបៃហ្សង់ ជា​ពិសេសការ​កែទម្រង់​ទាំង​ឡាយ​ណាស្តី​ពី​ការ​ការពារ​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន ​ដែលជាវិស័យនឹង​ផ្តល់ផល​ប្រយោជន៍ដល់​ប្រជាជន​អាស៊ែបៃហ្សង់​ និងបង្កើត​ឱកាសសម្រាប់​បង្កើន​កិច្ច​សហប្រតិបត្តិការរបស់​យើង​ផងដែរ»៕

XS
SM
MD
LG