Accessibility links

Breaking News

បទវិចារណកថា៖ ការ​ដាក់​ទណ្ឌកម្ម​បុគ្គល​​ដែល​ធ្វើ​ឱ្យ​អន្តរាយ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី


(រូប​ឯកសារ) បាតុករ​កាន់​បដា​​តវ៉ា​នៅ​រដ្ឋធានី​ប៊ីលីស៊ី ប្រទេស​ហ្សកហ្ស៊ី ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ ចំពោះ​ច្បាប់​«ភ្នាក់ងារ​បរទេស‍» ក្រោយ​ពី​សភា​ហ្សកហ្ស៊ី​បាន​ជម្នះ​ការ​​សម្រេច​វ៉េតូ​របស់​ប្រធានាធិបតី​។
(រូប​ឯកសារ) បាតុករ​កាន់​បដា​​តវ៉ា​នៅ​រដ្ឋធានី​ប៊ីលីស៊ី ប្រទេស​ហ្សកហ្ស៊ី ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ ចំពោះ​ច្បាប់​«ភ្នាក់ងារ​បរទេស‍» ក្រោយ​ពី​សភា​ហ្សកហ្ស៊ី​បាន​ជម្នះ​ការ​​សម្រេច​វ៉េតូ​របស់​ប្រធានាធិបតី​។

បុរស​ទាំង​៤នាក់​នេះ​បាន​ត្រូវ​ដាក់​ទណ្ឌកម្ម​នៅ​ក្រោម​បទបញ្ជា​នីតិប្រតិបត្តិ​លេខ ១៣៨១៨ ដែល​ដៅ​លើ​មនុស្ស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​​និង​អំពើ​ពុករលួយ​នៅ​ជុំវិញ​ពិភពលោក។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល ​អាមេរិកាំង

នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​នេះ សភា​ប្រទេស​ហ្សកហ្ស៊ី​ដែល​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​គណបក្ស​សុបិន្ត​ហ្សកហ្ស៊ី​ឬ Georgian Dream Party បាន​អនុម័ត​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា​«តម្លាភាព​នៃ​ឥទ្ធិពល​បរទេស»។ ច្បាប់​នេះ​តម្រូវ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ទទួល​បាន​ថវិកា​យ៉ាង​តិច​ណាស់​ក៏២០ភាគរយ​មកពី​បរទេស​ត្រូវ​ចុះបញ្ជី​និង​ប្រកាស​ថា​ ពួកគេ​កំពុង​«បម្រើ​ផលប្រយោជន៍​របស់​មហា​អំណាច​បរទេស»។

ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​អនុម័ត​នូវ​អ្វី​ដែល​ពលរដ្ឋ​ហ្សកហ្ស៊ី​ជា​ច្រើន​ហៅ​ថា​«ច្បាប់​រុស្ស៊ី»​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​ឯករាជ្យ​របស់​ហ្សកហ្ស៊ី។ រដ្ឋាភិបាល​បាន​ឆ្លើយតប​ដោយ​ប្រើ​កម្លាំង​ហួស​និង​ហួសហេតុ។

នៅពេល​នោះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ឆ្លើយតប​ដោយ​ការអនុវត្ត​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​បុគ្គល​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​បាន​ចូល​ដៃ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី។

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ក្រសួង​ការបរទេស​និង​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​២នាក់​បន្ថែម​ទៀត​របស់​រដ្ឋាភិបាល​ហ្សកហ្ស៊ី​ចំពោះ​ការ​ទាក់ទិន​របស់​ពួកគេ​ក្នុង​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​នៃ​ការ​ឆ្លើយ​តប​ហិង្សា​ដល់​ការ​តវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ច្បាប់​ឥទ្ធិពល​បរទេស​ និង​មេដឹកនាំ​ហ្សកហ្ស៊ី​២នាក់​របស់​ក្រុម​ជ្រុល​និយម​ហិង្សា​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ។

លោក Zviad “Khareba” Kharazishvili ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ពិសេស​នៅ​ឯ​ក្រ សួង​ការងារ​ផ្ទៃ​ក្នុង​ហ្សកហ្ស៊ី។ ក្នុង​អំឡុង​នៃ​ការ​តវ៉ា​ប្រឆាំង លោក​និង​អនុ​ប្រធាន​របស់​លោក​គឺ​លោក Mileri Lagazauri បាន​បញ្ជា​អង្គភាព​ដែល​បាន​វាយប្រហារ​ដ៏​ខ្លាំង​លើ​ពលរដ្ឋ មេដឹកនាំ​នយោបាយ​បក្ស​ប្រឆាំង អ្នក​កាសែត​និង​សកម្មជន​ក្មេងៗ​ហ្សកហ្ស៊ី​ដែល​បាន​សម្តែង​នូវ​ទស្សនៈ​របស់​ពួកគេ​ដោយ​សន្តិវិធី។

លោក Konstantine Morgoshia ជា​អ្នក​បង្កើត​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មានAlt-Infoដែល​លោក​បាន​ប្រើ​ដើម្បី​ពង្រីក​ព័ត៌មាន​ក្លែងក្លាយ​និង​ផ្សព្វផ្សាយ​សម្តី​ស្អប់​ខ្ពើម​និង​ការ​គំរាមកំហែង​ប្រឆាំង​នឹង​សហគមន៍​ដែល​បាន​គេ​ចាត់​ទុក​បន្ទាប់​បន្សំ។ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២១​ និង​ឆ្នាំ២០២៣ លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​វាយ​ប្រហារ​ហិង្សា​ប្រឆាំង​នឹង​មនុស្ស​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​បន្ទាប់​បន្សំ​ដែល​បាន​អនុវត្ត​ដោយ​សន្តិវិធី​នូវសេរីភាព​ដ៏​សំខាន់​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ជួបប្រជុំ។ លោក​បាន​ដឹកនាំអ្នក​ដើរ​តាម​របស់​ខ្លួន​រាប់​រយ​នាក់​ទម្លុះ​ចូល​ក្នុង​ការិយាល័យ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាលនិង​វាយ​ប្រហារ​អ្នក​កាសែត​និង​មន្ត្រី​ប៉ូលិស​នៅ​ឯ​កន្លែង​នោះ។

លោកZurab Makharadzeជា​បុគ្គលិក​បណ្តាញ​ព័ត៌មាន​ដែល​ទាក់ទិន​ជាមួយ​ក្រុមហ៊ុន Alt-Info។ លោក​បាន​លើកទឹកចិត្ត​ដោយ​ផ្ទាល់​ឱ្យ​មាន​ហិង្សា​ប្រឆាំង​នឹង​ក្រុម​សំឡេង​ភាគ​តិច​ និង​អ្នក​កាសែត​អនឡាញ​ នៅ​មុន​ការ​វាយ​ប្រហារ​ហិង្សា​លើ​សហគមន៍​ដែល​ត្រូវគេ​ចាត់​ទុក​បន្ទាប់​បន្សំ ​ហើយ​បាន​ជួយ​បញ្ជា​ រៀបចំ​និង​រៃ​អង្កៀស​ប្រាក់​សម្រាប់​អំពើ​ហិង្សា​ប្រឆាំង​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ​២០២១ និង២០២៣។

បុរស​ទាំង​៤នាក់​នេះ​បាន​ត្រូវ​ដាក់​ទណ្ឌកម្ម​នៅ​ក្រោម​បទបញ្ជា​នីតិប្រតិបត្តិ​លេខ ១៣៨១៨ ដែល​ដៅ​លើ​មនុស្ស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរនិង​អំពើ​ពុករលួយ​នៅ​ជុំវិញ​ពិភពលោក។

លោក Bradley Smith រដ្ឋលេខាធិការ​ស្តីទី​ក្រសួង​ហិរញ្ញវត្ថុ​ទទួល​បន្ទុក​ភេរវកម្ម​និង​ការ ស៊ើបការណ៍​សម្ងាត់​ហិរញ្ញវត្ថុ​បាន​និយាយ​ថា៖ «សកម្មភាព​ថ្ងៃ​នេះ​សង្កត់​នូវ​ការ​ព្រួយ​កង្វល់​របស់​យើង​អំពី​ផលវិបាក​នានា​នៃ​សកម្មភាព​ប្រឆាំង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី​ និង​ការ​ខំ​ប្រឹងប្រែង​ដោយ​បុគ្គល​សំខាន់ៗ​ប្រើប្រាស់​ហិង្សា​និង​ការ​បំភិតបំភ័យ​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​នូវ​គោលបំណង​របស់​ខ្លួន។ សហរដ្ឋ​អាមេរិក​នៅ​តែ​តាំងចិត្ត​ធ្វើ​ឱ្យអ្នក​ទាំង​នោះ​ទទួល​ខុសត្រូវ ​ចំពោះ​ការ​ដែល​ពួក​គេស្វះស្វែង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្សកហ្ស៊ី»៕

XS
SM
MD
LG