តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ទោះជាសកម្មភាពរូបិយវត្ថុឌីជីថលភាគច្រើនជាការត្រឹមត្រូវតាមច្បាប់ក៏ដោយ ក៏សកម្មភាពនេះអាចត្រូវរំលោភដោយសកម្មភាពឧក្រិដ្ឋ ដោយមានរួមការបញ្ចៀសការដាក់ទណ្ឌកម្មផងដែរ។ សហរដ្ឋអាមេរិកបន្តចាត់វិធានការប្រឆាំងនឹងពួកតួអង្គអាក្រក់និងសេវាខាងធនធានបែបឌីជីថល ដែលពួកគេប្រើ មានរួមប្រព័ន្ធសេវាលាយបញ្ចូលរូបិយវត្ថុឌីជីថល (crypto) ស្រដៀងគ្នាឱ្យចូលគ្នាដើម្បីបង្វែរដានប្រភពដើម ហៅ currency mixer មានឈ្មោះថា Tornado Cash ដោយសារប្រព័ន្ធនេះបានជាប់ទាក់ទិនក្នុងការលាងលុយមួយផ្នែកនៃទឹកប្រាក់៦០០លានដុល្លារដែលពួកចោរលួចចូលក្នុងបណ្តាញកុំព្យូទ័រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ DPRK បានលួចកាលពីដើមឆ្នាំនេះ។
ក្រុមចោរទាំងនេះមានជាប់ពាក់ព័ន្ធជាមួយសេវា APT38 និងក្រុម Lazarus Group ដែលត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩។
នេះជាប្រព័ន្ធ currency mixer ទីពីរដែលត្រូវកំណត់ឈ្មោះដើម្បីដាក់ទណ្ឌកម្មដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាក់ទណ្ឌកម្មលើសេវា Blender.io កាលពីខែឧសភា ឆ្នាំ២០២២។ សេវានេះក៏មានទាក់ទិនក្នុងការលាងលុយកខ្វក់មួយផ្នែកនៃប្រាក់ជាង៦០០លានដុល្លារ ដែលក្រុមចោរ hackers នៃសាធារណរដ្ឋ DPRK (កូរ៉េខាងជើង) បានលួចកាលពីដើមឆ្នាំនេះ។
ប្រព័ន្ធ currency mixer មានឈ្មោះថា Tornado Cash ក៏ត្រូវបានប្រើដែរដើម្បីលាងសម្អាតប្រាក់ជាង៩៦លានដុល្លារ បានមកពីព្រឹត្តិការណ៍លួចប្លន់ Harmony Bridge Heist កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ និងប្រាក់យ៉ាងតិចណាស់៧.៨លានដុល្លារបានមកពីព្រឹត្តិការណ៍លួចប្លន់ Nomad Heist កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ គេរាយការណ៍ថា Tornado Cash ក៏ត្រូវបានគេប្រើដែរសម្រាប់លាងលុយឌីជីថល តម្លៃរាប់ពាន់លានដុល្លារ ចាប់តាំងពីវាត្រូវបានបង្កើតក្នុងឆ្នាំ២០១៩មក។
រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាភេរវកម្មនិងការស៊ើបការណ៍សម្ងាត់ហិរញ្ញវត្ថុលោក Brian Nelson បាននិយាយថា៖ «ទោះជាមានការធានាអះអាងសាធារណៈក៏ដោយ ក៏ Tornado Cash បានខកខានមិនបានដាក់កំហិតការត្រួតត្រាប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការលាងសម្អាតប្រាក់កាសសម្រាប់ពួកតួអង្គអនឡាញអាក្រក់ៗជាទៀងទាត់ ហើយគ្មានវិធានការជាមូលដ្ឋានសម្រាប់ដោះស្រាយហានិភ័យនេះទេ។ ក្រសួងហិរញ្ញវត្ថុនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងពួក currency mixers ដែលលាងសម្អាតរូបិយវត្ថុឌីជីថលនិងពួកជនដែលជួយសេវាទាំងនេះ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការដើម្បីលាតត្រដាងសាខានៃប្រព័ន្ធរូបិយវត្ថុឌីជីថលដូចជា Tornado Cash និង Blender.io ជាដើម ដែលពួកឧក្រិដ្ឋជនតាមអនឡាញបានប្រើសម្រាប់លាក់បាំងប្រាក់បានមកពីសកម្មភាពតាមអនឡាញខុសច្បាប់និងឧក្រិដ្ឋកម្មឯទៀតៗ។ រូបិយវត្ថុឌីជីថលអាចត្រូវគេប្រើសម្រាប់សកម្មភាពខុសច្បាប់មួយចំនួន មានរួមការគេចពីការដាក់ទណ្ឌកម្មតាមរយៈសេវាលាយបន្លំ mixer ការដូរធនធានដោយផ្ទាល់ បណ្តាញផ្សារងងឹតនិងការប្តូរធនធានគ្នា ព្រមទាំងការសម្រួលការលួច ផែនការជំរិតទារប្រាក់តាមអ៊ីនធឺណិត (ransomware) ការគៃបន្លំ និងឧក្រិដ្ឋកម្មតាមអនឡាញឯទៀតៗ។
សហរដ្ឋអាមេរិកបន្តប្រើប្រាស់អំណាចខ្លួនប្រឆាំងពួកតួអង្គអនឡាញអាក្រក់ៗ ដោយធ្វើសហការជាមួយក្រសួងនិងទីភ្នាក់ងារសហរដ្ឋអាមេរិកឯទៀតៗដើម្បីលាតត្រដាង បង្អាក់និងដាក់ឱ្យមានការទទួលខុសត្រូវលើពួកអ្នកប្រព្រឹត្តល្មើសនិងក្រុមមនុស្សដែលអាចធ្វើឱ្យក្រុមឧក្រិដ្ឋជនអាចបានចំណេញពីសកម្មភាពឧក្រិដ្ឋកម្មតាមអនឡាញ និងសកម្មភាពខុសច្បាប់ឯទៀតៗ៕