Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​ទប់ទល់​នឹង​ជំងឺ​កោសិកា​ឈាម​នៅ​ទ្វីប​អាហ្វ្រិក


រូបឯកសារ៖ កោសិកាឈាម (ឆ្វេង) និង​កោសិកា​ឈាម​ក្រហម​ធម្មតា​របស់​អ្នកជំងឺ​ដែល​មាន​ជំងឺ​កោសិកា​ឈាម។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី ៧.៣០០ ឆ្នាំមុន ការ​ផ្លាស់ប្តូរ​ហ្សែន​តែមួយ​គត់​សម្រាប់​អេម៉ូក្លូប៊ីន ដែល​ជា​សមាធាតុ​មួយ​នៅ​ក្នុង​ឈាម បាន​កើត​ឡើង​ក្នុង​ចំណោម​មនុស្ស​រស់នៅ​ក្នុង​តំបន់​ម៉ែឌីទែរ៉ាណេ និង​ទ្វីប​អាហ្វ្រិក នៅ​តាម​តំបន់​ដែល​ពោរពេញ​ទៅដោយ​ជំងឺ​គ្រុនចាញ់។ បុគ្គល​ដែល​មាន​ហ្សែន​ផ្លាស់ប្តូរ​នេះ ភាគច្រើន​អាច​ទប់ទល់​នឹង​ជំងឺ​គ្រុនចាញ់​បាន។ នេះ​ គឺ​ជា​ការ​បន្សាំ​ដែល​បាន​ជួយ​ការពារ​ជីវិត​មនុស្ស​កុំ​ឲ្យ​បាត់បង់។

ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​កើត​មក​មាន​ហ្សែន​បែប​នេះ​ដល់​ទៅ​ពីរ ដែល​មួយ​ទទួល​បាន​ពី​ឪពុក និង​មួយ​ទៀត​ទទួល​បាន​ពី​ម្តាយ​នោះ នឹង​កើត​ជំងឺ​កោសិកា​ឈាម។

លោក Brett Giroir វេជ្ជបណ្ឌិត​ផ្នែក​កុមារ និង​ជា​ឧត្តមនាវី​ឯក​នៃ​ផ្នែក​សុខភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក បាន​ពន្យល់​ថា៖ «កោសិកា​ឈាម​ក្រហម​របស់​អ្នក​ផ្គុំ​គ្នា​បង្កើត​ជា​ទម្រង់​មាន​រាង​ដូច​អក្សរ C នៅ​ក្នុង​ចរន្ត​ឈាម​របស់​អ្នក។ វា​អាច​បណ្ដាល​មក​ពី​ស្ថានការណ៍​ជាក់លាក់​មួយ​ចំនួន​ដែល​ជា​រឿយៗ​មិន​អាច​ដឹង​ជា​មុន​បាន ហើយ​វា​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជា​ច្រើន»។

លោក Brett Giroir បាន​ថ្លែង​ដូច្នេះ​ថា៖ «បញ្ហា​មួយ​ចំនួន​ដែល​អ្នក​ឃើញ​កើត​មាន​ចំពោះ​វ័យ​កុមារភាព គឺ​ថា​កុមារ​មាន​អាការៈ​ឈឺចាប់​ខ្លាំង​នៅ​ក្នុង​ឆ្អឹង ឬ​នៅ​ក្នុង​ពោះ ឬ​នៅ​កន្លែង​ផ្សេងៗ​ទៀត។ អ្នក​អាច​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន។ វា​ក៏​អាច​បណ្តាល​ឲ្យ​ខូច​សរីរាង្គ​និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ផងដែរ។ ការ​បំផ្លាញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នេះ​កើតឡើង​តាំង​ពី​ពេល​វ័យក្មេង​ម្ល៉េះ។ ដូច្នេះ​ចំពោះ​កុមារ​ដែល​មិន​ទទួល​បាន​ការ​មើល​ថែ​ល្អ ពួកគេ​អាច​ស្លាប់​ភ្លាមៗ​បាន​ដោយសារ​ការ​ឆ្លង​បាក់តេរី»។

៧៥% នៃ​ករណី​ទាំង​នេះ កើតឡើង​នៅ​តំបន់​ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក។ នៅ​ទី​នោះ ជា​រៀងរាល់​ឆ្នាំ មាន​កុមារ​ប្រមាណ ៣ សែន​នាក់ ដែល​កើត​មក​មាន​ជំងឺ​ជាប់​មក​ជាមួយ។ ៨០% នៃ​កុមារ​ទាំង​នោះ បាន​ស្លាប់​នៅ​មុន​អាយុ ៥ ឆ្នាំ។

ទោះជា​យ៉ាង​នេះ​ក្ដី លោក​ឧត្តមនាវីឯក Giroir បាន​ថ្លែង​ថា ក្ដី​សង្ឃឹម​នៅតែ​មាន ដោយ​គ្រាន់តែ​ត្រូវការ​វិធានការ​សាមញ្ញ​ពីរ​បី​ប៉ុណ្ណោះ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​យក​ទារក​ដែល​ទើប​នឹង​កើត​ទៅ​ពិនិត្យ​រក​ជំងឺ​កោសិកា​ឈាម​នេះ​ពី​កំណើត និង​គ្រាន់តែ​អនុវត្ត​តាម​វិធី​ថែទាំ​សុខភាព​សាមញ្ញ​ជា​មូលដ្ឋាន នោះ​យើង​អាច​សង្គ្រោះ​ជីវិត​កុមារ​បាន ៩ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ត្រឹម​ឆ្នាំ ២០៥០»។

នេះ​ គឺជា​ជំហាន​ទីមួយ។ ជំហាន​ទី​ពីរ​គឺ​ថា កុមារ​ត្រូវការ​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ រួម​ទាំង​ការ​ចាក់​វ៉ាក់សាំង និង​ការ​ប្រើ​ថ្នាំ​ប៉េនីស៊ីលីន​ដើម្បី​បង្កា​កុំ​ឲ្យ​ឆ្លង​មេរោគ​ផងដែរ។

ជំហាន​ទី​បី​គឺ​ថា ដើម្បី​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កោសិកា​ឈាម​នេះ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ hydroxyurea ដែល​មាន​តម្លៃ​ថោក ប៉ុន្តែ​មាន​ប្រសិទ្ធភាព។

ហើយ​ជំហាន​ចុង​ក្រោយ​គឺ កុមារ​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​សម្រាប់​រាល់​ការ​ឈឺចាប់​ទាំងអស់។

លោក​ឧត្តមនាវីឯក Giroir បាន​ថ្លែង​បន្ត​ថា៖ «ជំងឺ​នេះ​នឹង​មិន​បាត់​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ប្រសិនបើ​យើង​ព្រងើយ​កន្តើយ​មិន​ចាត់​វិធានការ នោះ​នឹង​គ្មាន​ការ​ផ្លាស់ប្តូរ​ទេ។ ប៉ុន្តែ ប្រសិនបើ​យើង​ផ្តោត​លើ​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ និង​អ្វី​ដែល​មនុស្ស​សម​ទទួល​បាន នោះ​យើង​អាច​ផ្លាស់ប្តូរ​ពិភពលោក​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​បាន»៕

XS
SM
MD
LG