Accessibility links

Breaking News

បទវិចារណកថា៖ ការបង្ការ​បច្ចេកវិទ្យា​ឈ្លប​មើល​ពី​ការប្រើប្រាស់​ខុស


រូបឯកសារ៖ បុរស​ម្នាក់​ពាក់ម៉ាស់​ការពារមុខដើរក្រោមកាមេរ៉ាសុវត្ថិភាព​ នៅទីក្រុង​សៀងហៃ​នៃប្រទេសចិន។
រូបឯកសារ៖ បុរស​ម្នាក់​ពាក់ម៉ាស់​ការពារមុខដើរក្រោមកាមេរ៉ាសុវត្ថិភាព​ នៅទីក្រុង​សៀងហៃ​នៃប្រទេសចិន។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព​ អាច​ឈ្លប​មើល​បានកើន​ឡើង​យ៉ាង​ខ្លាំង ហើយ​កំណើន​នេះ​ ក៏​នាំ​មក​នូវ​លទ្ធភាព​កាន់ច្រើន​នៃ​ការ​ប្រើ​ខុស​បច្ចេកវិទ្យាទាំង​នេះ​សម្រាប់​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។ ហេតុ​នេះ​ហើយទើបក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ចេញ​គោលការណ៍​ណែនាំ​ដល់​ក្រុមហ៊ុន​អាមេរិក​នានា ​អំពី​របៀប​បង្ការ​មិន​ឲ្យ​ផលិតផល​និង​សេវាកម្ម​របស់​ពួក​គេ​ ត្រូវរដ្ឋាភិបាល​បរទេស​យក​ទៅ​ប្រើ ​ដើម្បី​រំលោភ​សិទ្ធិមនុស្ស។ នេះ​ បើ​តាម​ប្រសាសន៍​របស់​លោក Scott Busby ឧបការី​រង​រដ្ឋមន្ត្រី​ស្តី​ទី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ពលកម្ម។

ផលិតផល ​និង​សេវាកម្ម​ដែលអាចផ្តល់​លទ្ធភាព​ក្នុង​ការ​មើលដោយ​ផ្ទាល់ ​ឬ​ដោយ​ប្រយោល អាច​រួម​ចំណែក​ដោយ​វិជ្ជមាន​ដល់​សុខុមាលភាពសេដ្ឋកិច្ច សង្គម និង​សន្តិសុខ​របស់​ប្រទេស​មួយ។ ជា​ឧទាហរណ៍ ផលិតផល ​ឬ​សេវាកម្ម​ទាំង​នេះ ​អាច​ត្រូវ​គេ​ប្រើ​ដើម្បី​ការពារ​ប្រព័ន្ធ​បោះឆ្នោត​ពី​ការ​ជ្រៀតជ្រែក។ ​

ប៉ុន្តែ​ជា​ញឹកញាប់​ណាស់ បច្ចេកវិទ្យា​និង​ផលិតផលដែល​អាច​ឈ្លប​មើល ត្រូវ​ប្រើខុស​ដោយ​រដ្ឋាភិបាល​បរទេស​ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង យាយី​អ្នក​ការពារ​សិទ្ធិ​មនុស្ស គំរាម​កំហែង​សហគមន៍​ជនជាតិ​ភាគ​តិច រារាំង​ដល់​អ្នក​ទម្លាយ​រឿង​អាស្រូវ​សម្ងាត់ បំភ័យ​មិន​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី ដាក់​ជា​គោលដៅ​នូវអ្នក​នយោបាយ​ប្រឆាំង​ អ្នក​សារព័ត៌មាន និង​អ្នក​ច្បាប់ ក៏​ដូច​ជា​ជ្រៀតជ្រែក​តាម​តែ​អំពើ​ចិត្ត ឬ​ដោយ​ខុស​ច្បាប់​ទៅ​លើ​ឯកជនភាព។​

ក្នុង​ករណី​ខ្លះ រដ្ឋាភិបាល​បរទេស​ បានប្រើ​ខុស​នូវ​ផលិផល​និង​សេវាកម្ម​ទាំង​នេះ​ ដើម្បី​ដាក់​សហគមន៍​ជនជាតិទាំង​មូលឲ្យ​នៅ​ក្រោម​ការ​ឈ្លប​មើលតាម​តែ​អំពើ​ចិត្ត​និង​ដោយ​ខុស​ច្បាប់។ លោក Scott Busby ឧបការីរង​រដ្ឋមន្ត្រី​ស្តី​ទី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​បន្ត​ថា៖ «ប្រទេស​ចិន​ជាប្រទេស​មួយ​ដែលមាននទស្សនៈ​រឹតត្បិតចំពោះ​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​កំពុង​ប្រើ​បច្ចេកវិទ្យា​ឈ្លប​មើល​យ៉ាង​ទូលំ​ទូលាយ ដោយ​រំលោភ​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។​

ករណី​ទាំង​នេះ ​រួម​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឈ្លប​មើល​ដ៏​ទំនើប​និង​មាន​នៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់ស៊ីនជាង​ ដែល​នៅ​ទៅ​នោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​អនុវត្ត​នូវ​យុទ្ធនាការគាបសង្កត់​ជនជាតិវីហ្គើ ជនជាតិ​កាហ្សាក់ និង​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគ​តិច​មូស្លីម​ផ្សេង​ទៀត។ រដ្ឋាភិបាល​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក ក៏​កំពុង​ប្រើប្រាស់​នូវបច្ចេកវិទ្យា​ដូច​គ្នា​នេះ​ចំពោះ​ពលរដ្ឋ​របស់​ពួក​គេ។ ប្រទេស​ទាំង​នោះ រួម​មាន អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា ហើយ​បើ​តាម​ការ​ស៊ើប​អង្កេតមួយ​នៅ​ឆ្នាំ​២០១៩ របស់​សារព័ត៌មាន Wall Street Journal ក៏​រួម​បញ្ចូល​ប្រទេស​អាល់ហ្សេរី អ៊ូហ្គាន់ដា និងសំប៊ី ផងដែរ។

មិន​ធ្លាប់​មានពេល​ណា​ពី​មុន​មក ​ដែលក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក ចាំបាច់​ត្រូវ​អនុវត្ត​គោលនយោបាយ ​ដែល​ការពារការ​ប្រើប្រាស់​ខុសនូវ​ផលិតផល​របស់​ពួក​គេ ដូច​ពេល​នេះ​ទេ។ លោក Scott Busby ឧបការី​រង​រដ្ឋមន្ត្រី​ស្តី​ទី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា៖ «យើង​ត្រូវ​បន្ត​ជំរុញ​នូវ​ការ​ច្នៃប្រឌិត​ទាំង​ឡាយ​ណា​ដែល​ជួយ​លើក​តម្កើង​ទស្សនៈ​ឲ្យ​តម្លៃ​ដល់​សិទ្ធិ​មនុស្ស​របស់​យើង»។

លោក Busby បន្ត​ថា៖ «ក្នុង​នោះរួម​មាន​សិទ្ធិ​សេរីភាព​រួច​ផុត​ពី​ការ​ជ្រៀតជ្រែក​តាម​អំពើ​ចិត្ត​និង​ដោយខុស​ច្បាប់ ទៅ​លើ​ឯកជនភាព​និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ ក៏​ដូច​ជាការ​គោរព​នីតិរដ្ឋ។ យើង​ស្វាគមន៍​នឹង​ធ្វើ​ការ​ជាមួយ​សហគមន៍​ធុរកិច្ច​សហរដ្ឋ​អាមេរិក និង​អនុវត្ត​គោលការណ៍​ណែនាំ​ទាំង​នេះ ដើម្បី​ធានា​ថា ក្រុមហ៊ុន​អាមេរិក​នានា​ បន្ត​តំណាង​ឲ្យ​គុណតម្លៃ​ដ៏​ល្អ​បផុត​របស់​អាមេរិក»៕

XS
SM
MD
LG