Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​នៅ​ប្រទេស​ម៉ាលី


ប្រធានាធិបតី​អន្តរកាល​នៃ​ប្រទេស​ម៉ាលី​លោក Bah N’Daw ជាមួយ​អនុប្រធានាធិបតី​អន្តរកាល​របស់​លោក គឺ​លោក​វរសេនីយ៍ឯក Assimi Goita ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​មជ្ឈមណ្ឌល CICB (Center International conferences de Bamako) នៅ​ក្នុងទីក្រុង Bamako កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានាធិបតី​អន្តរកាល​នៃ​ប្រទេស​ម៉ាលី​លោក Bah N’Daw ជាមួយ​អនុប្រធានាធិបតី​អន្តរកាល​របស់​លោក គឺ​លោក​វរសេនីយ៍ឯក Assimi Goita ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​មជ្ឈមណ្ឌល CICB (Center International conferences de Bamako) នៅ​ក្នុងទីក្រុង Bamako កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ទី ១៨ ខែ​សីហា ប្រធានាធិបតី​ប្រទេស​ម៉ាលី​លោក Ibrahim Boubacar Keita ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​ដែល​ត្រូវ​បាន​គេ​ថ្កោលទោស​ជា​ទូទៅ។

សហរដ្ឋ​អាមេរិក​ បាន​ផ្អាក​ភ្លាមៗ​នូវ​ជំនួយ​ផ្នែក​សន្តិសុខ​ចំពោះ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ម៉ាលី។ ហើយ​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក ដែល​ហៅ​កាត់​ថា ECOWAS បាន​ផ្អាក​សមាជិក​ភាព​របស់​ប្រទេស​ម៉ាលី​ក្នុង​ប្លុក​សេដ្ឋកិច្ច​នេះ និង​បាន​ដាក់​ទណ្ឌកម្ម​ដោយ​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​អន្តរកាល។

កាល​ពី​ចុង​ខែ​កញ្ញា លោក Bah N’Daw ដែល​ជា​វរសេនីយ៍ឯក​ចូល​និវត្តន៍ ត្រូវ​បាន​តែងតាំង​ជា​ប្រធានាធិបតី​អន្តរកាល​នៅ​ប្រទេស​ម៉ាលី។ លោក​វរសេនីយ៍ឯក Assimi Goita ដែល​ជា​មេបញ្ជាការ​យោធា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​នោះ ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធានាធិបតី​អន្តរកាល​ថ្មី​នៃ​ប្រទេស​ម៉ាលី។ លោក Moctar Ouane ដែល​ជា​អ្នក​ការ​ទូត​ស៊ីវិល​និង​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​អន្តរកាល។ ពួកគេ​នឹង​មាន​កាតព្វកិច្ច​មើល​ការ​ខុស​ត្រូវ​លើ​រដ្ឋបាល​ស៊ីវិល​អន្តរកាល​រយៈពេល ១៨ ខែ ដែល​នឹង​ឈាន​ដល់​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។

នៅ​ថ្ងៃ​ទី ៥ ខែ​តុលា លោក Bah N’Daw ដែល​ជា​ប្រធានាធិបតី​អន្តរកាល បាន​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល។ បន្ទាប់​មក សហគមន៍​សេដ្ឋកិច្ច ECOWAS បាន​ដក​ទណ្ឌកម្ម​ចេញ។

សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​នេះ​គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​វិល​ទៅ​រក​របៀប​រៀបរយ​តាម​រដ្ឋធម្មនុញ្ញ​វិញ។

អ្នកស្រី Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ថា៖ «យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អន្តរកាល [នៃ​ប្រទេស​ម៉ាលី] គោរព​តាម​ការ​តាំងចិត្ត​របស់​ខ្លួន​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​ភាគ​ខាង​លិច​នៃ​ទ្វីបអាហ្វ្រិក ដោយ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​អំឡុងពេល ១៨ ខែ​ខាង​មុខ»។

ដំណើរការ​នេះ​ក៏​សំខាន់​ផងដែរ​សម្រាប់​រដ្ឋាភិបាល​អន្តរកាល​នេះ​នៅ​ក្នុង​ការ​បំពេញ​តាម​ការ​សន្យា​របស់​ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ​ម៉ាលី ដើម្បី​ពង្រឹង​អភិបាលកិច្ច ប្រឆាំង​អំពើ​ពុករលួយ កែ​ទម្រង់​ដំណើរការ​បោះឆ្នោត និង​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​និង​ការ​ផ្សះផ្សា​ជាតិ​ឆ្នាំ ២០១៥ នៅ​ប្រទេស​ម៉ាលី។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Kelly Craft បាន​ថ្លែង​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក «នឹង​មិន​ទទួលស្គាល់​ការ​គ្រប់គ្រង​ដោយ​យោធា​លើ​អាជ្ញាធរ​ស៊ីវិល ការ​ពន្យារ​ពេល​ការ​បោះឆ្នោត ឬ​ការ​បោះឆ្នោត​ដែល​មិន​អាច​ទុក​ចិត្ត​បាន​នោះ​ទេ។ ...ការ​បោះ​ឆ្នោត​ក៏​ត្រូវ​មាន​ការ​ចូលរួម​ដោយ​ពេញលេញ ប្រកប​ដោយ​ប្រសិទ្ធភាព​និង​អត្ថន័យ របស់​ស្ត្រី ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ក្នុង​ប្រទេស​និង​ជន​ភៀសខ្លួន ព្រម​ទាំង​ពលរដ្ឋ​ជា​យុវជន​យុវតី និង​ក្រុម​ដែល​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​នៅ​ភាគ​ឧត្តរ​ផងដែរ»។

សហរដ្ឋ​អាមេរិក​ឈរ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ម៉ាលី ហើយ​បាន​ត្រៀម​ថវិកា​ចំនួន ៥៤ លាន​ដុល្លារ​ជា​ជំនួយ​មនុស្ស​ធម៌​ថ្មី​សម្រាប់​ប្រទេស​ម៉ាលី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Ortagus បាន​ថ្លែង​ថា៖ «យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រទេស​ម៉ាលី​ដែល​មាន​ប្រជាធិបតេយ្យ សម្បូរ​រុងរឿង និង​សុវត្ថិភាព គឺជា​កត្តា​គន្លឹះ​សម្រាប់​អានាគត​នៃ​តំបន់ Sahel។ ក្នុង​នាម​ជា​ដៃគូ​ប្រទេស​ម៉ាលី​ជាង ៦០ ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជាមួយ​អ្នក​ទាំង​ឡាយ​ណា​ដែល​តាំងចិត្ត​ចង់​សម្រេច​គោលដៅ​ទាំងនេះ។ ឥឡូវ​នេះ គឺជា​ពេល​វេលា​សម្រាប់​ពលរដ្ឋ​ម៉ាលី​រួបរួម​គ្នា​កសាង​ប្រទេស​ឲ្យ​បាន​ប្រសើរ​ឡើង ត្រចះត្រចង់​ឡើង​សម្រាប់​អនាគត​ទាំងអស់​គ្នា»៕

XS
SM
MD
LG