Accessibility links

Breaking News

បទវិចារណកថា៖ ការប្រែប្រួល​សំខាន់​មួយ​សម្រាប់​ប្រទេស​យេម៉ែន


រូបឯកសារ៖ លោក Hans Grundberg ប្រេសិត​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​យេម៉ែន ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សង្គ្រាម​​នៅ​ប្រទេស​​យេម៉ែន ​នៅ​ក្នុង​រដ្ឋធានី​រីយ៉ាដ​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​

លោក Hans Grundberg ប្រេសិត​ពិសេស​របស់​អ.ស.ប.ទទួល​បន្ទុក​កិច្ចការប្រទេស​យេម៉ែន​បាន​និយាយថា​ កិច្ចព្រមព្រៀង​កាលពី​ពេល​ថ្មីៗ​ដើម្បីបន្តការ​ឈប់​បាញ់គ្នារវាង​ភាគីច្បាំង​គ្នាក្នុង​ប្រទេស​យេម៉ែនរហូត​ដល់​ថ្ងៃទី២សីហា «ជា​ការ​ប្រែប្រួល​សំខាន់​មួយ​ក្នុងសង្គ្រាម​នេះ»។

សង្គ្រាម​ក្នុងប្រទេស​យេម៉ែនបានចាប់ផ្តើមក្នុង​ឆ្នាំ២០១៤​ នៅ​ពេល​ដែលពួកឧទ្ទាម
Houthi គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​បានវាយ​យក​បានផ្នែកធំៗ​របស់ប្រទេស​ ហើយ​បានបង្ខំ​ឱ្យ​ប្រធានាធិបតីប្រទេស​យេម៉ែន​ដែល​ត្រូវ​បានទទួល​ស្គាល់​ជា​អន្តរជាតិ​និរទេស​ខ្លួនទៅក្រៅប្រទេស​ និងបង្អាក់​ដំណើរការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​របស់​ប្រទេសនេះ។ តាម​សំណើសុំ​របស់រដ្ឋាភិបាលយេម៉ែន ប្រទេស​អារ៉ាប៊ីសាអូឌីត​បានដឹកនាំ​ក្រុមចម្រុះ​មួយ​ប្រឆាំង​នឹង​ពួក​ Houthi ចាប់ផ្តើម​ពី​ខែមីនា​ ឆ្នាំ២០១៥។ មនុស្ស​ប្រមាណ​៣៧៧.០០០នាក់ បានស្លាប់ក្នុង​សង្គ្រាម​នេះ ហើយប្រទេស​នេះ​បាន​ធ្លាក់ក្នុង​ភាពក្រីក្រ​ និង​ការស្រេកឃ្លាន។

នៅពេល​ចាប់ផ្តើម​ខែ​ពិសិដ្ឋ Ramadan នៅ​ថ្ងៃទី២​ ខែមេសា​ អ.ស.ប.បាន​សម្រប​សម្រួលឱ្យ​មានការ​ឈប់បាញ់គ្នាពីរ​ខែ ​ដែលជា​ការ​នាំ​ឱ្យ​មានការចុះថយយ៉ាង​ច្រើន​នៃចំនួនជន​ស៊ីវិល​ដែលស្លាប់និង​របួស បានធ្វើឱ្យការធ្វើដំណើរ​ល្អ​ប្រសើរ​ជាង​មុននិង​បានបង្កើន​លទ្ធភាព​មានប្រេងឥន្ធនៈ​និង​ទំនិញជា​មូលដ្ឋាន​ច្រើនជាងមុនផងដែរ។ ភាគី​ក្នុង​សង្គ្រាមនេះ​បានយល់​ស្រប​គ្នា​បន្ត​កិច្ច​ឈប់​បាញ់គ្នាចំនួន៦០ថ្ងៃ​ថែមទៀតនៅ​ថ្ងៃទី២ ខែមិថុនា។ លោក Grundberg ប្រសិត​ពិសេស​អ.ស.ប.បាន​ថ្លែងថា «ដោយ​យល់ស្រប​គ្នាអនុវត្ត ​និង​នៅ​ពេល​នេះធ្វើឱ្យមាន​ការឈប់បាញ់គ្នាថ្មី​ទៀត ភាគី​ទាំង​អស់​បានផ្តល់ឱ្យមានសេចក្តី​សង្ឃឹម​មួយដល់ប្រជារាស្ត្រ​យេម៉ែនថា​នឹង​បញ្ចប់​សង្គ្រាម​នេះ»។

លោក​ប្រធានាធិបតី​ Biden បាន​ស្វាគមន៍ការ​ឈប់បាញ់គ្នានេះ​និង​បានកត់សម្គាល់​ថា«​ពេលពីរ​ខែ​មុន​នេះនៅក្នុង​ប្រទេស​យេម៉ែន ដោយសារមាន​កិច្ចឈប់បាញ់គ្នា​ត្រូវសម្របសម្រួលកាលពី​ខែមេសា ជាពេលវេលាមួយក្នុង​បណ្តារយៈពេលមានសន្តិភាព​បំផុតតាំង​ពី​សង្គ្រាម​នេះ​បានចាប់ផ្តើម​៧ឆ្នាំមុន​នេះ។ ជីវិត​មនុស្សរាប់ពាន់​នាក់​ត្រូវបានជួយ​សង្គ្រោះ​ពីព្រោះ​ការប្រយុទ្ធ​គ្នា​បានថមថយ»។

លោក​ប្រធានាធិបតី Biden បាន​សរសើរ «ការងារដោយ​មិន​ខ្លាច​នឿយ​ហត់​»របស់​លោក Grundberg ប្រេសិត​ពិសេស​អ.ស.ប. និងលោក​ Tim Lenderking ប្រេសិត​ពិសេសស.រ.​អ.ទទួលបន្ទុកកិច្ចការ​ប្រទេស​យេម៉ែន​ដែល​បានជួយ​ធ្វើឱ្យ​មានការបន្តការឈប់បាញ់គ្នានេះ។ លោកក៏​បាន​សរសើរ​ដល់​«កិច្ចការ​ទូត​សហការ​គ្នា»នៅទូទាំង​តំបន់ ដោយលោក​បាន​មាន​ប្រសាសន៍ថា «ប្រទេស​អារ៉ាប់ប៊ីសាអូឌីតបានបង្ហាញ​ភាពដឹកនាំដ៏​ក្លាហាន​ដោយ​បានផ្តើម​គំនិត​គាំទ្រ​ និង​អនុវត្តការ​ឈប់បាញ់គ្នា​ដឹកនាំ​ដោយ​អ.ស.ប.។ ប្រទេស​អូម៉ង់​បានបំពេញ​មុខ​នាទី​សំខាន់​មួយក្នុងការ​ទទួល​រៀបចំ និងសម្រួលការសន្ទនា​គ្នា។ ប្រទេស​អេហ្សីបនិងប្រទេសហ្សកដានី​បានបើក​អាកាសយានដ្ឋាន​ពួក​គេសម្រាប់​ជើង​ហោះ​ហើរពីប្រទេស​យេម៉ែនកាលពី​ខែ​មុន​ដែលអាចធ្វើឱ្យ​មាន​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរការនេះ​ផង​ដែរ»។

ការបញ្ឈប់​សង្គ្រាមក្នុង​ប្រទេស​យេម៉ែនជា​អាទិភាពខ្ពស់មួយ​នៃ​គោលនយោបាយ​ការបរទេស​ស.រ.អ.។ រដ្ឋមន្ត្រីការបរទេស​ស.រ.អ.លោក Antony Blinken បានមានប្រសាសន៍​ជា​ថ្មី​អំពី​ការប្តេជ្ញា​របស់ស.រ.អ.ក្នុង​ការធ្វើឱ្យ​មាន«ដំណោះ​ស្រាយមួយមានការចូល​រួមពី​ភាគី​ទាំងអស់​ និងជាប់លាប់​ដល់សង្គ្រាម​នេះ​ដែលសម្រាលទុក្ខវេទនា​របស់ប្រជារាស្ត្រយេម៉េន ដែល​ផ្តល់អំណាច​ឱ្យ​ពួក​គេ​សម្រេច​អំពី​អនាគត​ប្រទេស​ពួក​គេ​ដោយគ្មាន​ការ​ជ្រៀតជ្រែកពី​បរទេស​ និង​ដែល​ដោះស្រាយការ​អំពាវ​នាវ​ឱ្យ​មានយុត្តិធម៌​ និង​ការទទួល​ខុស​ត្រុវ​ខ្ពស់...យើង​សុំ​ដល់​ភាគីទាង​អស់​ឱ្យ​ឆក់យក​ពេលវេលា​សំខាន់​នេះសម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្តិភាព​ទូលំទូលាយមួយ»៕

XS
SM
MD
LG