Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ប្រកាស​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​ប្រទេស​យេម៉ែន


ជំនួយមនុស្សធម៌​ ដែលបានផ្តល់ឲ្យ​ដល់ប្រទេសយេម៉ែន។

ត​ទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

វិបត្តិ​មនុស្ស​ធម៌​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​យេម៉ែន ត្រូវ​បាន​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​មាន​ប្រជាជន​២០ លាន​នាក់​ រួម​ទាំង​កុមារ​រាប់​លាន​នាក់​ផង​នោះ​ កំពុង​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ម្ចាស់​ជំនួយ​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ ប្ដេជ្ញា​ធ្វើ​កិច្ចការ​ដែល​ជា​ចំណែក​របស់​ខ្លួន»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ថា ​នឹង​មាន​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​បន្ថែម​ទៀត​ជិត១៩១ លាន​ដុល្លារ​ពី​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​ថវិកា​ជំនួយ​របស់​យើង​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២១នេះ កើនឡើង​ដល់​ជាង៣៥០ លាន​ដុល្លារ។ សរុប​មក​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​ជាង៣ ពាន់ ៤ រយ​លាន​ដុល្លារ​ដល់​ប្រជាជន​យេម៉ែន ចាប់​តាំង​ពី​វិបត្តិ​ក្នុង​ប្រទេស​យេម៉ែន ​បាន​កើតឡើង​តាំង​ពី ៦ឆ្នាំ​មុន​មក»។

ថវិកា​ជំនួយ​នេះ គាំទ្រ​ដល់​បណ្ដា​ដៃ​គូរបស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចែកចាយ​នូវ​ជំនួយចាំបាច់ ដែល​រួម​មាន​ទាំង​ស្បៀងអាហារ ការ​ការពារ ការ​អប់រំ ទីជម្រក ការ​ថែទាំ​សុខភាព ទឹក អនាម័យ និង​ការ​បង្ការ និង​ការ​ព្យាបាល​ការ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ផង​ដែរ។ ថវិកា​ជំនួយ​នេះ ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជួសជុល​ប្រព័ន្ធ​ទឹក ជួសជុល​ផ្លូវថ្នល់​សំខាន់ៗ និង​ជួយ​ដល់​ប្រជាជន​ក្នុង​ការ​រក​ចំណូល​ផង​ដែរ។ ​

នៅ​ទីបំផុត មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​បញ្ចប់​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​យេម៉ែន ​គឺ​ត្រូវ​បញ្ចប់​សង្គ្រាម​នៅ​ទីនោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក កំពុង​តែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​របស់​ខ្លួន​ក្នុង​ការ​នាំ​មក​នូវ​សន្ដិភាព​មក​វិញ។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «យើង​ប្ដេជ្ញា​នឹង​យក​ចិត្ត​ទុកដាក់​លើ​សុខុមាលភាព​របស់​ប្រជាជន​យេម៉ែន​ជា​ធំ​នៅ​ក្នុង​គោលនយោបាយ​របស់​យើង ខណៈ​បន្ដ​ដាក់​សម្ពាធ​ទៅ​លើ​បណ្ដា​មេដឹកនាំ​ក្រុម Ansarallah ដែល​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ក្រុម Houthis ដែរ​នោះ។ យើង​អំពាវនាវ​ឲ្យ​ក្រុម Houthis បញ្ឈប់​ការ​វាយប្រហារ​ឆ្លង​ព្រំដែន​ និង​ប្រតិបត្តិការ​ការពាររបស់​ពួកគេ ដែល​បាន​អូសបន្លាយ​សង្គ្រាម​នេះ។ យើង​គាំទ្រ​ដល់​ដំណើរការ​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ និង​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ លោក ​Martin Griffiths នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុងការ​បង្កើត​បទ​ឈប់បាញ់ បង្កើន​ការ​ទទួល​បាន​ជំនួយ​មនុស្សធម៌ និង​ចាប់ផ្ដើម​កិច្ចប្រជុំ​ឡើងវិញ​ដើម្បី​ឈាន​ដល់​សន្ដិភាព​»។ ​

លោក Tim Lenderking បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​យេម៉ែន បាន​រាយការណ៍​ថា រដ្ឋាភិបាល​នៃ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​យេម៉ែន មាន​ការ​ប្ដេជ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​មួយ​ចំពោះ​ជម្លោះ​មួយ​នេះ។ ឥឡូវ​នេះ ក្រុម Houthis ត្រូវ​តែ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ដូចគ្នា​នេះ​ដែរ។ សហរដ្ឋ​អាមេរិក ​អំពាវនាវ​ដល់​ក្រុម Houthis ឲ្យ​បញ្ឈប់​នូវ​ការ​វាយប្រហារ​របស់​ពួកគេ​ទៅ​លើ​ទីក្រុង Marib ដែល​មាន​ប្រជាជន​ប្ដូរ​ទីជម្រក​ក្នុង​ប្រទេស​មួយ​លាន​នាក់​រស់នៅ​ទីនោះ និង​អំពាវនាវ​ឲ្យ​ក្រុម​នេះ​ចាត់​វិធានការ​សំខាន់ៗនានា​ដើម្បី​ឈាន​ដល់​សន្ដិភាព។ ​

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «យើង​សង្ឃឹម​ថា​ នឹងមាន​កិច្ចប្រជុំ​សន្ដិភាព​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស ដែល​មាន​គោលបំណង​បញ្ចប់​ជម្លោះ​នេះ»។

លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ក្នុង​ពេល​ឥឡូវ​នេះ​ គឺ​ត្រូវ​ជំរុញ​រឿង​នេះ និង​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ និង​វិបុលភាព​ជាង​មុន​សម្រាប់​ប្រទេស​យេម៉ែន ដែល​ពលរដ្ឋ​នឹង​អាច​កសាង​ជីវិត​របស់​ពួកគេ​ឡើងវិញ ហើយ​នៅ​ទីបំផុត​ ពួកគេ​នឹង​មាន​សង្ឃឹម​ថា ​អាច​នឹង​មាន​អនាគត​ល្អ​ប្រសើរ​ជាង​មុន​មួយ»៕

XS
SM
MD
LG