Accessibility links

Breaking News

បទវិចារណកថា៖ លោកប្រធានាធិបតី Biden មាន​គោលដៅ​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​យេម៉ែន


លោក Timothy Lenderking ​ជា​​​​ប្រេសិត​ពិសេស​​​របស់​​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​​កិច្ចការ​​ប្រទេសយេម៉ែន។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី Joe Biden បាន​បង្ហាញ​ចំណុចសំខាន់ៗ​នៃគោលនយោបាយ​ការបរទេសធំៗរបស់​លោកសម្រាប់​ពេលអនាគតដ៏​ខ្លី​ខាងមុខនេះ។​ ចំណុច​សំខាន់​ធំ​មួយ​ក្នុងបណ្តា​ចំណុច​សំខាន់​ៗទាំង​នេះ គឺ​ការ​បញ្ចាប់សង្គ្រាមក្នុងប្រទេសយេម៉ែន។

​ប្រទេសយេម៉ែន ជាប្រទេស​ក្រីក្របំផុតក្នុង​បណ្តា​ប្រទេស​អារ៉ាប់​ទាំង​អស់។ ប្រទេសនេះ​ បានរង​គ្រោះជាយូរ​មក​ហើយដោយសារភាពទី​ទាល់​ក្រ​តាម​តំបន់ដែលភាគច្រើនដោយសារ​ការ​ខ្វះទឹក​និង​ធនធាន​ផ្សេងទៀត ការ​កើន​ចំនួន​ប្រជារាស្ត្រ​យ៉ាង​ច្រើន ជម្លោះ​ក្នុង​មូលដ្ឋាន​ និង​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ។ បន្ថែមពី​លើ​នេះ​ សង្គ្រាម​ស៊ីវិលមួយ​ដែល​បានចាប់​ផ្តើម​កាល​ពី​ឆ្នាំ២០១៤ ​មិនយូរ​ប៉ុន្មាន​ បានក្លាយ​ទៅ​ជាសង្គ្រាម​ប្រយោលមួយរវាង​ប្រទេស​អ៊ីរ៉ង់​ និង​បណ្តា​ប្រទេសអារ៉ាប់​ដឹកនាំ​ដោយ​ប្រទេសអារ៉ាប់ប៊ី​សាអ៊ូឌីត។ ហើយ​ជាលទ្ធផល គឺ​ប្រជារាស្ត្រ​ស៊ីវិល​ជាអ្នករង​គ្រោះបំផុត។

សព្វថ្ងៃ​នេះ មនុស្ស​ជាង២៤លាន ៣​សែននាក់​ក្នុង​ប្រទេសយេម៉ែន មាន​សិទ្ធិទទួល​ជំនួយមនុស្សធម៌ និង​ការការពារ។ ចាប់តាំង​ពី​ឆ្នាំ២០១៥​មក ជនស៊ីវិលរាប់ម៉ឺន​នាក់ត្រូវ​បានសម្លាប់ ហើយមនុស្ស​ប្រមាណ៣លាន ៦​សែននាក់ទៀត ​បាន​ខ្ចាត់ព្រាត់ពីផ្ទះ​សំបែងពួក​គេ។​

លោកប្រធានាធិបតី Biden បាន​មានប្រសាសន៍ថា «យើង...កំពុងបង្កើនកិច្ចការ​ទូតរបស់​យើងដើម្បីបញ្ចប់​សង្គ្រាមក្នុង​ប្រទេស​យេម៉ែន ដែល​ជា​សង្គ្រាម​មួយបានបង្កើត​ឱ្យ​មាន​មហន្តរាយខាងមនុស្សធម៌និង​ខាង​យុទ្ធសាស្ត្រ​»។

លោក​ប្រធានាធិបតី​បានមានប្រសាសន៍​ទៀតថា «ខ្ញុំ​បានសុំ​ដល់​ក្រុមការងារខ្ញុំ ដែលទទួល​បន្ទុកកិច្ចការ​មជ្ឈិម​បូព៌ាឱ្យ​គាំទ្រដល់ការ​ផ្តើមគំនិតរបស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​អនុវត្តន៍ការ​ឈប់បាញ់​គ្នា​មួយ​ បើក​ចំហបណ្តាញមនុស្ស​ធម៌​ និង​ធ្វើឱ្យ​មាន​កិច្ច​ចរចា​សន្តិភាព​ឡើង​វិញ»។

នៅពេល​ជា​មួយ​គ្នា​នោះ​ លោកប្រធានាធិបតី​ ​បាន​ប្រកាស​អំពីការតែងតាំងអ្នកការទូតជើង​ចាស់​និង​ជា​អ្នក​ជំនាញខាងកិច្ចការតំបន់ឈូង​សមុទ្រ Perse គឺ​លោក Timothy Lenderking ឱ្យកាន់​តំណែង​ជាប្រេសិត​ពិសេស​របស់សហរដ្ឋ​អាមេរិក​ទទួល​បន្ទុកកិច្ចការប្រទេសយេម៉ែន។ លោក​នឹងមើលការខុស​ត្រូវ​អំពីកិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​របស់​សហរដ្ឋ​អាមេរិក ដើម្បីបញ្ចប់សង្គ្រាម​នេះ។ លោកប្រធានាធិបតី Biden បាន​មានប្រសាសន៍​ទៀតថា៖

«លោក Tim មានបទពិសោធន៍មួយ​ជីវិតក្នុង​តំបន់នោះ​ ហើយលោក​នឹងធ្វើការ​ជាមួយ​ប្រេសិតអង្គការ​សហប្រជាជាតិ ​និង​ភាគីទាំង​អស់​នៃជម្លោះ​នេះដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ខាងការទូត​មួយ។ ហើយកិច្ច​ការទូត​របស់​លោក Tim នឹង​ត្រូវទ្រទ្រង់​ដោយ​ទីភ្នាក់ងារ​ជំនួយ USAID​ និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​ឱ្យប្រាកដប្រជា​ថា ​ជំនួយមនុស្សធម៌ បានទៅ​ដល់ពលរដ្ឋ​យេម៉ែន ដែល​បានរងគ្រោះ​ដោយសារការខ្ទេច​ខ្ទាំ​ ដែល​មិន​អាច​ទ្រាំទ្រ​បាន​ទៀត​ទេ​»។

ជា​ទី​បញ្ចប់​ លោក​ប្រធានាធិបតី Biden បាន​មានប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​បញ្ឈប់ការគាំទ្រទាំង​អស់​របស់​សហរដ្ឋ​អាមេរិកដល់កិច្ច​ប្រតិបត្តិការ​វាយលុក​ក្នុងសង្គ្រាមក្នុងប្រទេសយេម៉ែន ដោយមានរួម​បញ្ចូលទាំងការលក់​អាវុធ​ផង​ដែរ។​ តែ​យ៉ាង​ណា​ក៏​ដោយ ​ក៏សហរដ្ឋ​អាមេរិក​ នឹង​មិនបោះបង់យុទ្ធនាការរបស់​ខ្លួនប្រឆាំងពួក al-Qa’ida ក្នុងឧបទ្វីប​អារ៉ាប់​ទេ​ ដែល​ភាគ​ច្រើន​ធ្វើ​ក្នុង​ប្រទេស​យេម៉ែន ហើយ​ក៏​មិនបញ្ឈប់ការគាំទ្រ​របស់​ខ្លួន​ដល់សមត្ថភាពការពាររបស់ប្រទេស​អារាប៊ី​សាអ៊ូឌីត​ដែរ។ លោក​ប្រធានាធិបតី​ Biden បានមានប្រសាសន៍បន្ថែម​ទៀត​ថា៖

«ប្រទេស​អារាប៊ី​សាអ៊ូឌីត ​ប្រឈមនឹង​ការវាយ​ប្រហារដោយ​មីស៊ីល ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​អ្នកបើកបរ UAV និងការគំរាមកំហែង​ឯ​ទៀតៗពី​កងកម្លាំងទទួល​ជំនួយ​ពី​អ៊ីរ៉ង់នៅ​ក្នុងប្រទេសជា​ច្រើន។ យើង​នឹងបន្តគាំទ្រ​និង​ជួយប្រទេស​អារ៉ាប់​ប៊ី​សាអ៊ូឌីតការពារអធិបតេយ្យភាពនិង​បូរណភាពទឹកដី ​ព្រ​ម​ទាំងប្រជាពលរដ្ឋរបស់​ផង​ខ្លួន»។

លោក​ប្រធានាធិបតី​ Biden បានមានប្រសាសន៍​ថា «​សង្គ្រាមនេះ ត្រូវតែចប់»៕

XS
SM
MD
LG