Accessibility links

Breaking News

បទវិចារណកថា៖ ការគាំទ្រ​សន្តិភាព​នៅក្នុង​ប្រទេស​យេម៉ែន


រូបឯកសារ៖ ជំនួយមនុស្សធម៌​ ដែលបានផ្តល់ឲ្យ​ដល់ប្រទេសយេម៉ែន។
រូបឯកសារ៖ ជំនួយមនុស្សធម៌​ ដែលបានផ្តល់ឲ្យ​ដល់ប្រទេសយេម៉ែន។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​នៅ​បន្ត​គាំទ្រ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​សម្រាប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​មាន​ការ​ចូលរួម​មតិ​ដ៏​មាន​ប្រយោជន៍​ពី​គ្រប់​ភាគី​ទាំងអស់​ដូចជា​ស្ត្រី មេដឹកនាំ​សង្គម​ស៊ីវិល និង​ក្រុម​ជន​ដែល​គេ​មិន​សូវ​ឱ្យ​តម្លៃ​ជាដើម ហើយ​ស្រប​ពេល​នោះ​ដែរ សហរដ្ឋ​អាមេរិកក៏​ផ្ដល់​ជំនួយ​មនុស្សធម៌​ដែល​ត្រូវការ​ជា​ចាំបាច់​បំផុត​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​យេម៉ែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​ស្វាគមន៍​ការ​ចាប់ផ្ដើម​នៃ​ការ​ប្រឹក្សា​យោបល់​ដែល​មាន​ការ​រួម​បញ្ចូល​ទាំងអស់ ដែល​ធ្វើ​ឡើង​ដោយ​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​លោក Hans Grunberg ហើយ​យើង​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំងអស់​ឱ្យ​ចូលរួម​ឱ្យ​បាន​ពេញលេញ​នៅក្នុង​ការ​ប្រឹក្សា​យោបល់​នេះ ដែល​នឹង​ផ្ដល់​គោលការណ៍​សំខាន់​ដល់​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ដ៏​ទូលំទូលាយ​ថ្មី​មួយ​សម្រាប់​ដំណើរការ​សន្តិភាព»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​កត់​សម្គាល់​ថា ដើម្បី​ឱ្យ​ដំណើរការ​សន្តិភាព​ទទួល​បាន​ជោគជ័យ ដំណើរការ​នេះ​ត្រូវតែ «បញ្ចូល​នូវ​ទស្សនៈ​និង​សារទុក្ខ​របស់​ប្រជាពលរដ្ឋ​យេម៉ែន​នៅ​ទូទាំង​ប្រទេស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​ និង​ការ​ទទួល​ខុសត្រូវ​ផងដែរ»។

សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​អនុម័ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​សេចក្ដី​សម្រេច​លេខ ២៦២៤ ដែល​រំឭក​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​អំពី​កាតព្វកិច្ច​របស់​ពួកគេ​ទាក់ទិន​នឹង​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​អាវុធ​លើ​ប្រទេស​យេម៉ែន និង​ការ​បន្ត​ដាក់​ទណ្ឌកម្ម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​និង​បង្កក​ទ្រព្យ​សម្បត្តិ​លើ​អ្នក​ដែល​គំរាមកំហែង​ដល់​សន្តិភាព​នៅក្នុង​ប្រទេស​យេម៉ែន។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​បញ្ជាក់​ថា ការ​បញ្ឈប់​លំហូរ​ខុសច្បាប់​នៃ​សព្វាវុធ​ពី​ប្រទេស​អ៊ីរ៉ង់​ទៅ​ក្រុម​ហ៊ូធី (Houthi) គឺជា​អាទិភាព​ចម្បង។ សព្វាវុធ​ទាំងនេះ​ គឺ​មានតែ​បញ្ឆេះ​សង្គ្រាម ធ្វើ​ឱ្យ​តំបន់​គ្មាន​ស្ថិរភាព និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យេម៉ែន​កាន់តែ​ឈឺចាប់​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ។

ជា​ទី​បញ្ចប់ ប្រទេស​យេម៉ែន​នៅតែ​ជា​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដូច​ដែល​បាន​បង្ហាញ​ដោយ​ក្ដី​បារម្ភ​ខ្ពស់​កាលពី​ពេល​ថ្មីៗ​នេះ​ទាក់ទិន​នឹង​ទិន្នន័យ​ផ្នែក​អសន្តិសុខ​ស្បៀង​អាហារ។

ដើម្បី​បំពេញ​តាម​តម្រូវការ​ខ្លាំងក្លា​នៃ​ជំនួយ​មនុស្សធម៌ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ១៦ ខែ​មីនា ​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ចំនួន​ជិត ៥៨៥ លាន​ដុល្លារ​ដល់​ប្រទេស​យេម៉ែន។ ជំនួយ​នេះ​ គឺជា​ការ​រួម​ចំណែក​ដ៏​ច្រើន​បំផុត​របស់​សហរដ្ឋ​អាមេរិក​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

គិត​ទាំង​ជំនួយ​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​សរុប​ជិត ៤.៥០០ លាន​ដុល្លារ តាំង​ពី​ពេល​ដែល​វិបត្តិ​នៅក្នុង​ប្រទេស​យេម៉ែន​បាន​ចាប់ផ្ដើម​កាលពី​ជាង ៧ ឆ្នាំ​មុន​មក។ សម្រាប់​ចំណែក​តែ ៣០% ប៉ុណ្ណោះ​នៃ​ថវិកា​ត្រូវការ​ដើម្បី​ឆ្លើយតប​ផ្នែក​មនុស្សធម៌​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស​យេម៉ែន​ដែល​បាន​លើកឡើង​កាលពី​ថ្ងៃ​ទី ១៦ ខែ​មីនា​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ដល់​ប្រទេស​ផ្ដល់​ជំនួយ​នានា ជាពិសេស​ប្រទេស​ផ្ដល់​ជំនួយ​ក្នុង​តំបន់ ឱ្យ​រួម​ចំណែក​ថវិកា​ជួយ​ដោះស្រាយ​ក្ដី​ឈឺចាប់​ផ្នែក​មនុស្សធម៌​នៅក្នុង​ប្រទេស​យេម៉ែន។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា ជំនួយ​នេះ​គឺ​មាន​សារៈសំខាន់​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​និង​កាត់​បន្ថយ​ការ​ឈឺចាប់ ប៉ុន្តែ​ជំនួយ​នេះ​ចាំបាច់​ត្រូវតែ​អាច​បញ្ជូន​ទៅ​ដល់​ដៃ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ​នេះ​ខ្លាំង​បំផុត។

លោក Blinken ថ្លែង​ដូច្នេះ​ថា៖ «ជាថ្មី​ម្ដង​ទៀត យើង​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំងអស់​ឱ្យ​បញ្ឈប់​ការ​បង្អាក់​ដល់​ប្រតិបត្តិការ​ផ្ដល់​ជំនួយ ដើម្បី​ធានា​ថា​ជំនួយ​បាន​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវការ​ជំនួយ»។

ជំនួយ​មនុស្សធម៌​តែ​មួយ​គត់​មិន​អាច​ដោះស្រាយ​ឫសគល់​នៃ​វិបត្តិ​នេះ​បានទេ។ ភាគី​ទាំងអស់​នៃ​ជម្លោះ​នេះ​ត្រូវតែ​បញ្ឈប់​អរិភាព​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ដ៏​ឋិតថេរ​និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​សម្រាប់​ជម្លោះ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យេម៉ែន៕

XS
SM
MD
LG