Accessibility links

Breaking News

បទវិចារណកថា៖ ការផ្តន្ទាទោស​និង​ការកាត់ទោស​ដ៏​គួរឱ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​តួកគី


បាតុករ​រាប់ពាន់​នាក់​ប្រមូលផ្តុំគ្នា​នៅក្នុង​ប្រទេស​តួកគី​លើ​រឿង​​តុលាការ​នៅ​ក្នុង​ប្រទេស​តួកគី​បាន​កាត់ទោស​អភិបាល​ក្រុង Istanbul លោក Ekrem Imamoglu។
បាតុករ​រាប់ពាន់​នាក់​ប្រមូលផ្តុំគ្នា​នៅក្នុង​ប្រទេស​តួកគី​លើ​រឿង​​តុលាការ​នៅ​ក្នុង​ប្រទេស​តួកគី​បាន​កាត់ទោស​អភិបាល​ក្រុង Istanbul លោក Ekrem Imamoglu។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​មាន​«ការព្រួយ​បារម្ភ​និង​ខកចិត្ត​យ៉ាង​ខ្លាំង» ចំពោះ​ករណី​ដែល​តុលាការ​នៅ​ក្នុង​ប្រទេស​តួកគី​បាន​កាត់ទោស​អភិបាល​ក្រុង Istanbul លោក Ekrem Imamoglu ឱ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ ៧ ខែ។ ប្រសិនបើ​សាលក្រម​នេះ​ត្រូវ​បាន​តម្កល់​បន្ទាប់ពី​មាន​ការ​ប្ដឹង​ឧទ្ធរណ៍ ការ​កាត់ទោស​នេះ​ក៏​នឹង​ហាម​ឃាត់​ផង​ដែរ​មិន​ឱ្យ​លោក Imamoglu កាន់​តំណែង​ ឬ​ក៏​ឈរ​ឈ្មោះ​សម្រាប់​តំណែង​នយោបាយ​ណា​មួយ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​ផ្ដន្ទាទោស​លើ​លោក [Imamoglu] គឺ​មិន​ស្រប​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​ជា​មូលដ្ឋាន និង​នីតិរដ្ឋ​ទេ»។

ប្រទេស​បារាំង អាល្លឺម៉ង់ សភា​អឺរ៉ុប និង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក៏​បាន​ថ្កោលទោស​ផង​ដែរ​ចំពោះ​ការ​ផ្តន្ទាទោស​លោក Imamoglu នេះ។

លោក Imamoglu មិន​ត្រឹមតែ​ជា​អភិបាល​ក្រុង Istanbul និង​ជា​សមាជិក​ដ៏​លេចធ្លោ​ម្នាក់​របស់​គណបក្ស Republican People's Party ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​តួកគី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៣ នៅ​ក្នុង​ប្រទេស​តួកគី​ផង​ដែរ។

ឧក្រិដ្ឋកម្ម​ដែល​គេ​ចោទ​លោក Imamoglu នោះ​គឺ​ការ​ប្រមាថ​មន្ត្រី​សាធារណៈ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​បាន​ថ្លែង​កាលពី​ឆ្នាំ ២០១៩។

អ្នក​នាំពាក្យ​ក្រសួង​ការបទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នៅតែ​មាន «ក្ដី​បារម្ភ​ខ្លាំងក្លា​អំពី​ការ​យាយី​តាម​ផ្លូវ​តុលាការ​ជា​បន្ត​លើ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ មេដឹកនាំ​នយោបាយ និង​មេដឹកនាំ​អាជីវកម្ម​នានា​នៅ​ក្នុង​ប្រទេស​តួកគី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តាម​រយៈ​ការ​ឃុំឃាំង​មុន​ការ​កាត់ទោស ការ​ចោទ​ប្រកាន់​ទូលំទូលាយ​ជ្រុល​ហួសហេតុ​ថា​មាន​ការ​គាំទ្រ​អំពើ​ភេរវកម្ម និង​ករណី​ប្រមាថ​បែប​ព្រហ្មទណ្ឌ​ផង​ដែរ»។

នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​កាលពី​ពេល​ថ្មីៗ​នេះ​បំផុត​របស់​ខ្លួន​អំពី​ប្រទេស​តួកគី ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​ថា៖ «អង្គ​តុលាការ [របស់​ប្រទេស​តួកគី] បាន​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ដាក់​កំហិត​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ ដែល​ក្នុង​នោះ​រួម​មាន​ទាំង...ការ​ចោទ​ប្រកាន់​ថា​មាន​ការ​ជ្រៀតជ្រែក​ពី​អង្គ​នីតិប្រតិបត្តិ​ផង​ដែរ»។

របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​តាមដាន​ស្ថានការណ៍ «បាន​លើកឡើង​អំពី​ក្ដី​បារម្ភ​ដែល​ថា លទ្ធផល​នៃ​សវនាការ​មួយ​ចំនួន​ហាក់​ដូចជា​ត្រូវ​បាន​កំណត់​ទុក​ជា​មុន» និង​ថា​មិន​សូវ​មាន​ការ​គោរព​នីតិវិធី​និង​ការ​ប្រកាន់​ខ្ជាប់​តាម​ស្ដង់ដារ​ភ័ស្តុតាង​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​នោះទេ។

ក្នុង​ចំណោម​ការ​បំពាន​សិទ្ធិ​ផ្សេងៗ​ទៀត របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នេះ​ក៏​បាន​លើកឡើង​ផង​ដែរ​អំពី «ការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​និង​ការ​ឃុំឃាំង​ជា​បន្ត​នូវ​មនុស្ស​រាប់​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​នយោបាយ​ប្រឆាំង​និង​អតីត​សមាជិក​សភា មេធាវី អ្នក​កាសែត [និង] សកម្មជន​សិទ្ធិ​មនុស្ស​ផងដែរ»។

លោក Price បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ថា៖ «ប្រជាពលរដ្ឋ​នៃ​ប្រទេស​តួកគី​សក្ដិសម​មាន​លទ្ធភាព​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា​មាន​ការ​សងសឹក។ សិទ្ធិ​នៅ​ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម​គឺ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​តួកគី កាតព្វកិច្ច​របស់​ប្រទេស​តួកគី​ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តរជាតិ និង​ការ​តាំងចិត្ត​របស់​តួកគី​ចំពោះ​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប (OSCE)»។

លោក Price បាន​បន្ថែម​ថា៖ «យើង​ជំរុញ​រដ្ឋាភិបាល​តួកគី​ឱ្យ​បញ្ឈប់​ការ​កាត់ទោស​នៅ​ក្រោម​ច្បាប់ ព្រហ្មទណ្ឌ​ស្ដីពី «ការ​ប្រមាថ» និង​ឱ្យ​គោរព​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​តួកគី​ទាំង​អស់ ដែល​ក្នុង​នោះ​រួម​ទាំង​តាម​រយៈ​ការ​ធានា​ឱ្យ​មាន​បរិយាកាស​បើក​ចំហ​សម្រាប់​ការ​ជជែក​ដេញដោល​ជា​សាធារណៈ​ផងដែរ»៕

XS
SM
MD
LG