តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ដើម្បីរារាំងសមត្ថភាពរបស់លោក Vladimir Putin ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន កាលពីឆ្នាំទៅ បានដាក់ដាក់ទណ្ឌកម្មថ្មីៗលើបណ្តាញឧស្សាហកម្មយោធារបស់រស្ស៊ី ហើយបានរឹតបន្តឹងផ្នែកនានាដែលបានបើកដំណើរការនៅក្រោយការលុកលុយរបស់រុស្ស៊ីក្នុងតំបន់គ្រីម៉េកាលពីឆ្នាំ២០១៤។
នៅពេលដែលរុស្ស៊ីមិនអាចរកគ្រឿងបន្លាស់សំខាន់ៗសម្រាប់ការប្រើប្រាស់ប្រព័ន្ធអាវុធទំនើបៗរបស់ខ្លួន ប្រទេសនេះបានចាប់ផ្តើមរកវិធីផ្សេងទៀតដើម្បីឱ្យបានគ្រឿងបន្លាស់ទាំងនេះ។ កាលពីថ្ងៃទី១ ខែកុម្ភៈ ការិយាល័យផ្នែកគ្រប់គ្រងធនធានបរទេសនៃក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក ហៅកាត់ថា OFAC តាមរយៈបទបញ្ជានីតិប្រតិបត្តិលេខ ១៤០២៤ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាព ២២ នៅទូទាំងពិភពលោកដោយសារការទាក់ទងរបស់ពួកគេជាមួយបណ្តាញសាកលមួយដែលគេចវេះពីការដាក់ទណ្ឌកម្ម ហើយដែលគាំទ្របណ្តាញឧស្សហកម្មយោធារបស់រុស្ស៊ី។
អ្នកជួញដូរអាវុធឈ្មោះ Igor Vladimirovich Zimenkov ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីនិងប្រទេសស៊ីបដឹកនាំបណ្តាញនេះ។ សមាជិករបស់បណ្តាញនេះបានទិញសម្ភារៈ និងគ្រឿងបន្លាស់សំខាន់ៗឱ្យផ្នែកឧស្សាហកម្មយោធារុស្ស៊ី មានរួមអង្គភាពខាងការពារប្រទេស Rosoboronexport ដែលជារបស់រដ្ឋនៃប្រទេសរុស្ស៊ី និងសាជីវកម្ម Rostec របស់រដ្ឋ។ ការិយាល័យ OFAC បានដាក់ទណ្ឌកម្មកាលពីមុនៗលើអង្គភាពទាំងពីរនេះដែរ។
Igor Zimenkov និងកូនប្រុសគាត់ឈ្មោះ Jonatan Zimenkov បានធ្វើការជាមួយបុគ្គលនិងអង្គភាពមួយចំនួនដើម្បីអាចលក់អាវុធរុស្ស៊ីទៅឱ្យរដ្ឋាភិបាលទីបី ហើយជួយផ្តល់ប្រាក់កាសឱ្យបណ្តាញនេះ។
Igor និង Jonatan Zimenkov ត្រូវបានចុចឈ្មោះ តាមបទបញ្ញត្តិនីតិប្រតិបត្តិលេខ១៤០២៤ ដោយសារកំពុង ឬបានធ្វើប្រតិបត្តិការក្នុងផ្នែកទាក់ទិននឹងសម្ភារៈខាងការពារប្រទេសនៃសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ហើយឈ្មោះ Jonatan Zimenkov បានជួយខាងសម្ភារៈនិងបានគាំទ្រឈ្មោះ Igor Zimenkov។
បុគ្គលនិងក្រុមហ៊ុនមួយចំនួនទៀតក៏ត្រូវបានចុចឈ្មោះដែរគឺបណ្តាញក្រុមហ៊ុន shell របស់ Zimenkov ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបូរី ក្រុមហ៊ុន Asia Trading & Construction PTE Limited និងនាយិកាក្រុមហ៊ុននេះឈ្មោះ Serena Bee Lin Ng និងក្រុមហ៊ុន Texel F.C.G. Technology 2100 Limited និងប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុននេះឈ្មោះ Marks Blats ព្រមទាំងក្រុមហ៊ុន Elektro-optika SIA ដែលជារបស់ Blats។ ឈ្មោះ Alexander Volfovich ដែលជាឈ្មួញកណ្តាលអាវុធមានមូលដ្ឋាននៅប្រទេសស៊ីប ត្រូវបានដាក់ទណ្ឌកម្មដោយសារគាត់ជាម្ចាស់ម្នាក់និងជានាយកនៃក្រុមហ៊ុន GBD Limited និងជាអ្នកចុះឈ្មោះធ្វើជាម្ចាស់ក្រុមហ៊ុន ៦ទៀតក្នុងបណ្តាញ Zimenkov។
បុគ្គលមួយចំនួនដែលត្រូវចុចឈ្មោះដែរ តាមរយៈបទបញ្ជានីតិប្រតិបត្តិលេខ ១៤០២៤ គឺឈ្មោះ Stanislav Volfovich និង Ariel Volfovich; ឈ្មោះ Maks Borisovich Piflaks និងកូនប្រុសគាត់ឈ្មោះ Gilad Piflaks; Igor Palnychenko; និងក្រុមហ៊ុនពីររបស់ Palnychenko គឺក្រុមហ៊ុន Pitaron Limited និងក្រុមហ៊ុន Terra-Az Limited។
លោក Wally Adeyemo អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អ.បាននិយាយថា «ការប៉ុនប៉ងដោយអស់សង្ឃឹមរបស់រុស្ស៊ីក្នុងការប្រើពួកកូនអុកខ្លួនដើម្បីគេចវេះពីការដាក់ទណ្ឌកម្មរបស់ស.រ.អ.បង្ហាញថា ការដាក់ទណ្ឌកម្មទាំងនេះបានធ្វើឱ្យវិស័យឧស្សាហកម្មយោធារុស្ស៊ីមានការពិបាកជាងមុននិងអស់សោហ៊ុយច្រើនជាងមុនក្នុងការផ្តល់ការផ្គត់ផ្គង់ដល់ម៉ាស៊ីនសង្គ្រាមរបស់លោក Putin។ ការយកពួកកូនអុកទាំងនេះជាទីដៅជាវិធានការមួយក្នុងចំណោមចំណាត់ការជាច្រើនដែលក្រសួងហិរញ្ញវត្ថុនិងពួកដៃគូយើងក្នុងក្រុមចម្រុះបានធ្វើ និងបន្តធ្វើតទៅទៀតដើម្បីពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងផ្នែកការពារប្រទេសរបស់រុស្ស៊ីពួកឧបការីនិងក្រុមអ្នកគាំទ្រវិស័យនេះ»៕