Accessibility links

Breaking News

បទវិចារណកថា៖ ការពង្រឹង​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក-ឥណ្ឌា


រូបឯកសារ៖ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Stephen Biegun ជាមួយនឹងរដ្ឋមន្រ្តី​​ក្រសួង​ការបរទេស​ឥណ្ឌា​លោក S Jaishankar​។
រូបឯកសារ៖ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Stephen Biegun ជាមួយនឹងរដ្ឋមន្រ្តី​​ក្រសួង​ការបរទេស​ឥណ្ឌា​លោក S Jaishankar​។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក Stephen Biegun អនុ​រដ្ឋមន្ត្រី​ការបរទេសស.រ.អា.​បាន​និយាយ​នៅ​ក្នុង​វេទិកា​សហរដ្ឋ​អាមេរិក-ឥណ្ឌា​ថា៖ «ខ្ញុំ​មិន​ដែល​មានសុទិដ្ឋនិយម​យ៉ាង​ខ្លាំង​ដូចពេល​នេះ​សោះ​ អំពីអនាគតនៃ​ទំនាក់ទំនង​រវាងប្រទេស​ឥណ្ឌា​និង​ស.រ.អា.»។

ទំនាក់ទំនងរវាងស.រ.អ.និងប្រទេស​ឥណ្ឌាមាន​ក្នុង​វិស័យ​ជា​ច្រើន ដោយរួម​មាន វិស័យ​ការពារប្រទេស​និងកិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ ការ​គាំទ្រការ​ពង្រឹង​ច្បាប់ទៅ​វិញ​ទៅ​មក ចំណង​ទាក់ទង​ខាងពាណិជ្ជកម្ម​និង​វិនិយោគ ភាព​ជា​ដៃគូ​ខាង​ថាមពល​ និង​កិច្ច​សហការ​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។ កិច្ច​សហការ​ដ៏​មានសារៈសំខាន់​ជា​ពិសេស​មួយ គឺកិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាងសាកលវិទ្យាល័យអាមេរិកាំង​និង​ឥណ្ឌា ព្រមទាំង​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​សាកល្បងវ៉ាក់សាំងប្រឆាំង​នឹង​វីរុស​កូរ៉ូណា។

លោក​អនុ​រដ្ឋមន្ត្រី​ការបរទេស​ Biegun បាន​សម្តែងពី​សេចក្តី​ត្រូវការឱ្យ​មាន​ការ​ធ្វើ​បច្ចុប្បន្នភាពនៃ​សម្ព័ន្ធភាពខាង​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក (Indo-Pacific)។ លោកបាន​និយាយ​ថា៖ ​«ស.រ.អ.​មិន​អាច​សន្មត​ថា​ ​ទម្រង់​នៃ​សម្ព័ន្ធភាពសាកល​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​ ដែល​បាន​ត្រូវរៀបចំ​ឡើង​ដើម្បី​ដោះស្រាយ​ឧបសគ្គ​និង​ការ​គំរាមកំហែង​នៃ​សង្គ្រាម​ត្រជាក់អាចស្ថិតស្ថេរដោយ​គ្មាន​ការពង្រឹង​ឡើង​វិញ​នោះ​ទេ។​ ដើម្បី​ទ្រទ្រង់រចនាសម្ព័ន្ធសេរី​និងបើកចំហ​នេះ ទំនាក់ទំនង​យុទ្ធសាស្ត្រ​របស់​យើងត្រូវ​ការ​ឆ្លុះ​បញ្ចាំងភាព​ពិត​ជាក់​ស្តែង​នៃភូមិសាស្ត្រ​នយោបាយ​នៅ​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក»។

លោក​អនុរដ្ឋមន្ត្រី Biegun បានពន្យល់​ថា តាម​រយៈ​ភាព​ជាដៃគូខាង​សន្តិសុខដែល​បានត្រូវ​ធ្វើ​បច្ចុប្បន្នភាព​នេះ ប្រទេស​ជាតិ​នានា​ដូច​ជា​«ប្រទេស​ឥណ្ឌា​ជា​ដើម នឹងស្វះស្វែងរក​សមត្ថភាពការពារ​ប្រទេស​ដោយ​ខ្លួន​ឯង»។​ នៅ​ក្នុង​បរិបទ​នេះ​ ស.រ.អា.​កំពុង​រក​វិធីបង្កើន​សមត្ថភាព​របស់ឥណ្ឌាក្នុង​ការ​ការពារ​អធិបតេយ្យភាពនិង​លទ្ធិ​ប្រជាធិបតេយ្យរបស់​ផង​ខ្លួន​ផ្ទាល់​ និង​ជំរុញ​ផលប្រយោជន៍​ឥណ្ឌា​នៅ​ទូទាំង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិកផងដែរ។

ស.រ.អា.​និង​ប្រទេសឥណ្ឌា ព្រម​ជាមួយ​ប្រទេស​ជប៉ុន​ និង​ប្រទេស​អូស្ត្រាលី​ ជា​ជន្ទល់ប្រជាធិបតេយ្យ​បួនក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដោយ​យើង​មានទាំង​គុណតម្លៃ​និង​ផលប្រយោជន៍​ដូច​គ្នា។​

លោក​អនុរដ្ឋមន្ត្រី​ Biegun បាន​មាន​ប្រសាសន៍​ថា៖ «ជាមួយ​គ្នា​ យើង​តំណាង​ឲ្យចក្ខុវិស័យ​ពហុភាព​មួយ​ ​ដែល​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ ប្រទេស​របស់​យើងនិង​ប្រទេស​ដ៏​ចម្រុះ​នានានៅ​ក្នុងតំបន់​នេះ អាចលូតលាស់ជា​ប្រទេស​ជាតិ​មានអធិបតេយ្យភាព​និង​សម្បូរ​រុងរឿង​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក​ដែល​សេរី​និង​បើក​ចំហ»។

ប៉ុន្តែលោក​បាន​ព្រមាន​ថា៖ ​«ចក្ខុវិស័យ​នេះ​ មិន​មែន​ជា​លទ្ធផល​ដែលដាច់​ខាត​នឹង​ត្រូវ​តែ​កើត​ឡើង​នោះ​ទេ» នៅ​ពេលដែល​មានល្បិចកល​គឃ្លើន​របស់ប្រទេស​ចិន​នៅ​ក្នុង​តំបន់​នេះ។ លោក​អនុរដ្ឋមន្ត្រី Biegun បានមាន​ប្រសាសន៍​ថា​ ការគំរាមកំហែង​របស់​ចិន«នឹង​តម្រូវ​ឱ្យមាន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌា​ និង​ជាមួយ​ប្រទេស​ឯ​ទៀតៗ ដើម្បីបង្កើន​សន្តិសុខនៃ​ប្រទេស​ជាតិនានា​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក»។

សហរដ្ឋ​អាមេរិក​ បាន​ចាប់​ផ្តើម​បង្កើន​ការ​លក់​សព្វាវុធ​និង​ចែករំលែក​ព័ត៌មានស៊ើប​ការណ៍​សម្ងាត់​ជាមួយ​ឥណ្ឌា។​ ក៏​ប៉ុន្តែ មាន​វិធានការច្រើន​ទៀតដែល​ត្រូវ​ធ្វើ ​ដោយ​មាន​រួម​បញ្ចូលការ​ពង្រឹង​សមត្ថភាពរបស់​ប្រទេស​ឥណ្ឌា​ក្នុង​ការការពារ​ខ្លួន​ឯង​ ដោយ​ឧបត្ថម្ភ​ផ្ចុង​ផ្តើមកិច្ចប្រតិបត្តិការ​រវាង​កង​យោធា​នៃ​ប្រទេស​ទាំង​ពីរតាម​រយៈ​សមយុទ្ធនិង​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​គ្នា​ជា​ទៀងទាត់ កម្មវិធីការពារ​រួមនិង​សហ​អភិវឌ្ឍន៍។

លោក​អនុរដ្ឋមន្ត្រី Biegun បាន​ប្រកាស​ថា៖ «ប្រទេស​ជាតិយើង​ទាំង​ពីរមាន​និស្ស័យ​នឹងសម្រេច​បាន​កិច្ចការ​ធំៗ។ វា​ស្រេចតែ​យើងដែល​ត្រូវ​បង្កើន​សន្ទុះ​នេះ»៕

XS
SM
MD
LG