Accessibility links

Breaking News

បទវិចារណកថា៖ ការពារ​សាកលវិទ្យាល័យ​អាមេរិក​ពី​បក្ស​កុម្មុយនីស្ត​ចិន


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា Georgia នៅ​ទីក្រុង Atlanta កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា Georgia នៅ​ទីក្រុង Atlanta កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

ត​ទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា Georgia ថា ប្រទេស​លោក​ខាងលិច ​បាន​ប្រើ​ពេល​យ៉ាង​យូរ​ទម្រាំ​យល់​ពី​គន្លង​របស់​ប្រទេស​ចិន​ដូច​សព្វ​ថ្ងៃ។

លោក​រដ្ឋមន្រ្តី Pompeo បាន​ពន្យល់​ថា​ ជា​យូរ​មក​ហើយ​ មាន​ទស្សនៈ​ជា​ច្រើន​យល់​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ដែល​ដឹកនាំដោយ​បក្ស​កុម្មុយនីស្ត​ចិននៅ​ទីបំផុត​ នឹង​ជួយ​បង្កើន​សេដ្ឋកិច្ច​និង​សេរីភាព​នយោបាយ ​និង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​សេរីភាព​នៅ​ជុំវិញ​ពិភពលោក។

លោក Pompeo បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ផ្ទុយ​ទៅ​វិញ​បក្ស​កុម្មុយនីស្ត​ចិន ​បាន​ប្រើប្រាស់​ទ្រព្យ​ដែល​រក​បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងនេះ​ ដើម្បី​ក្តោបក្តាប់​អំណាចរបស់​ខ្លួន​កាន់​តែ​ខ្លាំង​ ក្តោបក្តាប់​អំណាច​គ្រប់គ្រង​ពលរដ្ឋ​ចិន ​និង​បង្កើត​រដ្ឋ​ដែល​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​គាបសង្កត់​ពលរដ្ឋ​របស់​ខ្លួន ដែល​ពិភពលោក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក»។

លោក​រដ្ឋមន្រ្តី Pompeo បាន​ប្រកាស​ថា៖ «បក្ស​កុម្មុយនីស្ត​ចិន (CCP) ដឹង​ថា ​ខ្លួន​មិន​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​ការ​ច្នៃប្រឌិត​របស់​សហរដ្ឋ​អាមេរិក​បាន​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បក្ស​កុម្មុយនីស្ត​ចិន ​ធ្វើ​សកម្មភាព​នៅ​តាម​សាកលវិទ្យាល័យ​អាមេរិក​ដើម្បី​បញ្ចូល​នូវឥទ្ធិពល​របស់​ខ្លួន​តាមរយៈ​ការ​ផ្តល់​ជា​មូលនិធិ​ និង​លួច​ការស្រាវជ្រាវ​សំខាន់ៗ»។

លោក​រដ្ឋមន្រ្តី Pompeo បាន​ថ្លែង​បន្ត​ថា៖ «មាន​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​ជាច្រើន​ ធ្វើ​ការងារ​ស្រាវជ្រាវ​ដោយ​មាន​ការឧបត្ថម្ភ​ពី​ប្រាក់​បង់​ពន្ធ​របស់​ពលរដ្ឋ​អាមេរិក​ ដែល​ពួកគេ​ទាំងនោះ​ ត្រូវ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​របស់​បក្ស​កុម្មុយនីស្ត​ចិន។ បក្ស​កុម្មុយនីស្ត​ចិន ​ចំណាយ​ទៅ​លើ​ក្រុម​អ្នកស្រាវជ្រាវ​ទាំង​នោះដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ការងារ​ស្រាវជ្រាវ​ទាក់ទិន​នឹង​ការងារ​ស្រាវជ្រាវ​នា​ពេល​បច្ចុប្បន្ន​របស់​ពួកគេ ​ឬ​ការងារ​ស្រាវជ្រាវ​នៅ​ចិន ​ហើយ​បន្ទាប់​មក​យក​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ទាំងនោះ​ទៅ​បង្កើន​អំណាច​យោធា​របស់​ខ្លួន»។

ជន​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​បក្ស​កុម្មុយនីស្ត​ចិន​ គឺ​ជា​និស្សិត​ចិន​ស្លូតត្រង់​នៅ​តាម​សាកលវិទ្យាល័យ​នានា។ និស្សិត​មួយ​ចំនួន​មក​ពី​ប្រទេស​ចិន​ដែល​កំពុង​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យអាមេរិក​នានា​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ថា​ គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន ​នឹង​ត្រូវ​ចាប់​សួរចម្លើយ ប្រសិន​បើ​ពួកគេ​ហ៊ាន​និយាយ​គ្នា​ដោយ​ចំហ​អំពី​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូងចម្រាស ឬ​ព័ត៌មាន​រសើប​របស់​បក្ស​កុម្មុយនីស្ត​ចិន ខណៈ​ពេល​ដែល​ពួកគេ​ចុះឈ្មោះ​ចូល​រៀន​នៅ​តាម​សាកលវិទ្យាល័យនៅ​សហរដ្ឋ​អាមេរិក។

លោក​រដ្ឋមន្រ្តី Pompeo ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​លួច​បន្លំ​នានា និងត្រូវ​បដិសេធ​កុំ​ទទួល​យក​ការ​ឧបត្ថម្ភ​ពី​បក្ស​កុម្មុយនីស្ត​ចិន។

លោក​រដ្ឋមន្រ្តី​ Pompeo បាន​ថ្លែង​ថា៖ «យើង​មិន​អាច​អនុញ្ញាត​ឲ្យ​របប​ផ្តាច់ការ​នេះ លួច​យក​ការ​ច្នៃ​ប្រឌិត​របស់​យើង​ទៅ​បង្កើតអានុភាព​យោធា​របស់​ពួកគេ​ និង​បញ្ចូល​មនោគមវិជ្ជា​ទៅ​ក្នុងពលរដ្ឋ​របស់​យើង​ ឬ​ប្រើ​លុយ​ទិញ​ស្ថាប័ន​នានា​របស់​យើង​ដើម្បី​ជួយ​ពួកគេ​ធ្វើ​សកម្មភាព​ទាំង​នេះ​បាន​ជា​ដាច់​ខាត»។

លោក Pompeo ​បាន​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់គ្រង​សាកលវិទ្យាល័យ​អាមេរិកាំង​បិទ​វិទ្យាស្ថាន​កុងជឺ​ ដែល​ជា​ស្ថាប័ន​សម្រាប់​ផ្លាស់ប្តូរ​ការ​សិក្សា​រវាង​ចិន​និង​ពិភពលោក​ និង​ស៊ើបអង្កេត​លើ​ក្រុម​និស្សិត​ដែល​គាំទ្រដោយ​បក្ស​កុម្មុយនីស្ត​ចិន​ នៅ​តាម​សាកលវិទ្យាល័យ​នានា។

លើស​ពី​នេះ​ទៀត​ និស្សិត​អាមេរិក​ ចាំបាច់​ត្រូវ​ក្រោកឈរ​ដោយ​ក្លាហាន​បញ្ចេញ​មតិ​ដោយ​សេរី​សម្រាប់​ខ្លួន​ឯង​ និង​សម្រាប់​និស្សិត​ចិន​ដែល​ជា​មិត្តភក្តិ​រៀន​នៅ​តាម​សាកលវិទ្យាល័យ​ជាមួយ​គ្នា។

លោក​រដ្ឋមន្ត្រី Pompeo បាន​ថ្លែង​ថា៖ «ចូរ​ប្រើប្រាស់​សេរីភាព​ដើម្បី​ការពារ​សាលារៀន​របស់​យើង។​ នេះ​ គឺ​ជា​គោលបំណង​ដែល​ស្ថាប័ន​អប់រំ​ទាំងនេះ ​ត្រូវ​បាន​បង្កើត​ឡើង។ វា​នឹង​ជួយ​ការពារ​សន្តិសុខ​ជាតិ​របស់​យើង​ពី​ការ​គំរាមកំហែង​ដូច​ពេល​ឥឡូវនេះ​ដោយ​បក្ស​កុម្មុយនីស្ត​ចិន៕

XS
SM
MD
LG