Accessibility links

Breaking News

បទវិចារណកថា៖ ការរក្សា​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ឱ្យ​មាន​សន្តិភាព​និង​សន្តិសុខ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden (កណ្តាល) បាន​ប្រកាស​អំពី​ការ​វិវឌ្ឍ​ដ៏​ធំ​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រីភាគី​ឆ្នាំ ២០២១ ដែល​គេ​ស្គាល់​ថា​ កិច្ច​ព្រមព្រៀង AUKUS កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden (កណ្តាល) បាន​ប្រកាស​អំពី​ការ​វិវឌ្ឍ​ដ៏​ធំ​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រីភាគី​ឆ្នាំ ២០២១ ដែល​គេ​ស្គាល់​ថា​ កិច្ច​ព្រមព្រៀង AUKUS កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ២០២៣ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​អំពី​ការ​វិវឌ្ឍ​ដ៏​ធំ​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រីភាគី​ឆ្នាំ ២០២១ ដែល​គេ​ស្គាល់​ថា​ កិច្ច​ព្រមព្រៀង AUKUS។ លោក​ប្រកាស​ដូច្នេះ នៅ​ពេល​ដែល​មាន​វត្តមាន​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ និង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​នៅ​ក្បែរ​លោក។

អ្នកស្រី Bonnie Jankins រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​គ្រប់គ្រង​សព្វាវុធ​និង​សន្តិសុខ​អន្តរជាតិ បាន​ពន្យល់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «កិច្ច​ព្រមព្រៀង AUKUS គឺ​ជា​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​អូស្ត្រាលី ហើយ​ចំណុច​សំខាន់​មួយ​នៃ​ភាព​ជា​ដៃគូ​នេះ​គឺ​ការ​ពង្រឹង​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់ [ឥណ្ឌូ] ប៉ាស៊ីហ្វិក»។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «សសរ​ស្តម្ភ​ទី​មួយ​គឺ​ថា​ សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ជួយ​ផ្ដល់​ដល់​ប្រទេស​អូស្ត្រាលី​នូវ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ»។

អ្នកស្រី​បាន​បន្ត​ថា៖ «សសរ​ស្ដម្ភ​ទី​ពីរ​គឺ​ការ​ធ្វើការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​លើក​កម្ពស់​បច្ចេកវិទ្យា​ទំនើប ដែល​បច្ចកវិទ្យា​ទាំង​នេះ​រួម​មាន​អ្វីៗ​ទាំង​អស់​តាំងពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​និង​ស្វ័យភាព សមត្ថភាព​ក្រោម​សមុទ្រ [សមត្ថភាព] ទំនើប​ខាង​ដែន​អ៊ីនធឺណិត សមត្ថភាព​បែប​កង់ទិក សមត្ថភាព​នៃ​អាវុធ​លឿន​ជាង​សំឡេង​និង​សមត្ថភាព​ប្រឆាំង​នឹង​អាវុធ​លឿន​ជាង​សំឡេង និង​សង្គ្រាម​អេឡិចត្រូនិក​ជាដើម»។

អ្នកស្រី​រដ្ឋលេខាធិការ Jenkins បាន​កត់​សម្គាល់​ថា នាវា​មុជ​ទឹក​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​បាន​ដំណើរការ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​មាន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​អស់​រយៈពេល​ជាង ៦០ ឆ្នាំ​មក​ហើយ។ ...ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ប្រើ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នេះ​ផង​ដែរ​ដូចជា​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​រុស្ស៊ី ឥណ្ឌា និង​បារាំង​ជាដើម»។

អ្នកស្រី​រដ្ឋលេខាធិការ Jenkins បាន​សង្កត់ធ្ងន់​ថា ទោះបីជា​នាវា​មុជ​ទឹក​ទាំង​នេះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ក៏ដោយ «ក៏​នាវា​ទាំង​នេះ​បំពាក់​អាវុធ​ធម្មតា​តែ​ប៉ុណ្ណោះ»។

អ្នកស្រី​បាន​លើកឡើង​ដូច្នេះ​ថា៖ «ដៃគូ​ទាំង ៣ នៃ​កិច្ច​ព្រមព្រៀង AUKUS នេះ​គឺ​ជា​សមាជិក​នៃ​សន្ធិសញ្ញា​គ្មាន​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។ ...អូស្ត្រាលី​គឺ​ជា​សមាជិក​ដែល​មិន​មែន​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ។ ប្រទេស​នេះ​តាំងចិត្ត​ធ្វើ​ជា​ប្រទេស​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ...ប្រទេស​នេះ​នឹង​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ»។

អ្នកស្រី​រដ្ឋលេខាធិការ Jenkins បាន​និយាយ​ថា ជា​ការពិត តាំងពី​ការ​ប្រកាស​ដំបូង​នៃ​ភាព​ជា​ដៃគូ AUKUS នេះ​មក លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​អាទិភាព​កំពូល​មួយ។

ដៃគូ​ទាំង ៣ នៃ​កិច្ច​ព្រមព្រៀង AUKUS នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​ជា​ប្រចាំ​ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) ដើម្បី​ធានា​ថា កិច្ច​ព្រមព្រៀង AUKUS គឺ​បំពេញ​តាម​កាតព្វកិច្ច​របស់​ដៃគូ​នានា​នៅ​ក្រោម​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​និង​កំណត់​នូវ​ស្ដង់ដារ​ខ្ពស់​បំផុត​នៃ​ការ​មិន​រីក​សាយភាយ​អាវុធ។

អ្នកស្រី​រដ្ឋលេខាធិការ Jenkins បាន​គូស​បញ្ជាក់​ថា «សតវត្សរ៍​ទី ២១ នឹង​ពិតជា​ត្រូវ​កំណត់​ដោយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «នៅ​ពេល​ឥឡូវ​នេះ វា​ពិតជា​សំខាន់​ដែល​ថា​យើង​ធ្វើ​ទំនើបកម្ម​សម្ព័ន្ធភាព​របស់​យើង​ជាមួយ​នឹង​ដៃគូ​នានា​នៅ​ក្នុង​តំបន់...ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អនាគត​ត្រូវ​បាន​ពង្រឹង​ឡើង​ទាក់ទិន​នឹង​បញ្ហា​សន្តិភាព​និង​សន្តិសុខ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​ក៏​មើល​ឃើញ​រឿង​នេះ​ថា​ជា​ឱកាស​មួយ​ផង​ដែរ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ក៏​ដូចជា​ពល​ទាហាន​ជើង​ទឹក​ផង​ដែរ ដើម្បី​ធ្វើការ​រួម​គ្នា​និង​អភិវឌ្ឍ​សមត្ថភាព [រួម] របស់​ពួកគេ​និង​បច្ចេកវិទ្យា​ដែល​ជំរុញ​ឱ្យ​សម្រេច​បាន​នូវ​គោល​បំណង​នេះ»៕

XS
SM
MD
LG