តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សភាប្រទេសក្វាតេម៉ាឡា (Guatemala) ប៉ុនប៉ងតែងតាំងបុគ្គលម្នាក់ដែលរងការចោទប្រកាន់ធ្ងន់ធ្ងរប្រឆាំងនឹងរូបលោកឱ្យកាន់តំណែងជាចៅក្រមតុលាការធម្មនុញ្ញ។ ការចោទប្រកាន់មានរួមបញ្ជូលការឃុបឃិតប្រព្រឹត្តអំពើទុច្ចរិតរារាំងដំណើរការយុត្តិធម៌និងមានភ័ស្តុតាងនៃការទាក់ទងកាលពីពេលមុនៗរបស់លោកជាមួយលោក Gustavo Alejos អតីតជំនួយការប្រធានាធិបតី ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាត់ទុកថា មានទាក់ទិននឹងអំពើពុករលួយធំៗដែលបំផ្លាញនីតិរដ្ឋក្នុងប្រទេសក្វាតេម៉ាឡា។
កាលពីថ្ងៃទី១ ខែកុម្ភៈ ជាលទ្ធផលនៃករណីមួយប្តឹងដោយក្រសួងកិច្ចការសាធារណៈនៃប្រទេសក្វាតេម៉ាឡា ចៅក្រមម្នាក់ បានចេញដីកាចាប់ខ្លួនជននេះ ដែលមានសក្តានុពលជាចៅក្រមតុលាការធម្មនុញ្ញ ដោយសារលោក បានរារាំងយុត្តិធម៌។
ការទាក់ទងជាមួយលោក Gustavo Alejos ជារឿងគួរឱ្យព្រួយបារម្ភ។ កាលពីឆ្នាំ២០២០ ការិយាល័យរដ្ឋអាជ្ញាពិសេសក្វាតេម៉ាឡាប្រឆាំងនិទណ្ឌភាពលាតត្រដាងអំពីការជ្រៀតជ្រែកដោយកម្រោលក្នុងប្រព័ន្ធតុលាការ។ ការស៊ើបអង្កេតបានរកឃើញថា ឈ្មោះ Gustavo Alejos ដែលជាអ្នកធុរកិច្ច និងជាអតីតនាយខុទ្ទកាល័យរបស់អតីតប្រធានាធិបតី Alvaro Colom នៃប្រទេសក្វាតេម៉ាឡា ដែលកំពុងជាប់ឃុំឃាំងពីបទពុករលួយ បានបង្កើតគម្រោងការអាក្រក់មួយដើម្បីឱ្យមានឥទ្ធិពលលើដំណើរការជ្រើសរើសចៅក្រមសាលាឧទ្ធរណ៍ និងចៅក្រមតុលាការកំពូល។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន លោក Alejos បានទាក់ទងជាមួយមនុស្សយ៉ាងតិចណាស់៤១នាក់ ដែលទាក់ទិននឹងដំណើរការជ្រើសរើសក្រុមមន្ត្រីតុលាការដោយមានរួមបញ្ចូលសមាជិកសភា១០នាក់ ដែលពីរនាក់ជាសមាជិកនៃថ្នាក់ដឹកនាំបច្ចុប្បន្ននៃប្រទេសក្វាតេម៉ាឡាផងដែរ។
ដោយហេតុនេះ ក្រសួងការបរទេសស.រ.អ. បានចាត់ទុកឈ្មោះ Alejos និងសមាជិកគ្រួសារលោក ថាជាក្រុមជនគ្មានសិទ្ធិចូលមកក្នុងស.រ.អ.ទេ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារការទាក់ទិនរបស់លោកក្នុងការប្រព្រឹត្តអំពើពុករលួយខ្លាំងក្រាស់ក្រែល។ ក្នុងឋានៈលោកផ្លូវការជានាយខុទ្ទកាល័យរបស់អតីតប្រធានាធិបតី Alvaro Colom ឈ្មោះ Alejos មានទាក់ទិននឹងការបំផ្លាញនីតិរដ្ឋនិងការជឿទុកចិត្តរបស់សាធារណជនក្វាតេម៉ាឡាចំពោះស្ថាប័នប្រជាធិបតេយ្យរបស់រដ្ឋាភិបាលពួកគេ ពួកមន្ត្រី និងដំណើរការសាធារណៈ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ. បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ុនប៉ងរបស់សភាក្វាតេម៉ាឡាក្នុងការតែងតាំងឱ្យកាន់តំណែងមួយក្នុងតុលាការធម្មនុញ្ញនូវបុគ្គលម្នាក់ជិតស្និទ្ធនឹង Alejos ហើយដែលប្រឈមនឹងការចោទប្រកាន់ធ្ងន់ធ្ងរពីបទពុករលួយនាំឱ្យមានសំណួរអំពីភាពគួរឱ្យជឿទុកចិត្តបាននៃតុលាការខ្ពស់បំផុតរបស់ប្រទេសក្វាតេម៉ាឡា ដែលនាំឱ្យខ្សោយដល់នីតិរដ្ឋ និងបំផ្លាញអាទិភាពសំខាន់មួយរបស់ស.រ.អ.សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្វាតេម៉ាឡាដើម្បីពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ។
ស.រ.អ. ប្តេជ្ញាគាំទ្រការប្រយុទ្ធរបស់ប្រទេសក្វាតេម៉ាឡាប្រឆាំងនឹងអំពើពុករលួយរាលដាលនិងនិទណ្ឌភាព ដែលជាជំហានចាំបាច់មួយឆ្ពោះទៅកាន់អនាគតរុងរឿងនិងមានសន្តិសុខដែលប្រជាពលរដ្ឋក្វាតេម៉ាឡា សក្តិសមទទួលបាន។ ការជ្រើសរើសចៅក្រមសម្រាប់តុលាការធម្មនុញ្ញដោយយុត្តិធម៌និងប្រកបដោយតម្លាភាព មានសារៈសំខាន់សម្រាប់ភាពជឿទុកចិត្តបានដល់ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសក្វាតេម៉ាឡា៕