Accessibility links

Breaking News

បទវិចារណកថា៖ ការ​វាយប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង​បាកដាដ


ទីកន្លែង​ដែល​រង​ការវាយប្រហារ​ដោយ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​​នៅ​ក្នុង​ផ្សារមួយ នៅកណ្តាល​ទីក្រុង​បាកដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ទីកន្លែង​ដែល​រង​ការវាយប្រហារ​ដោយ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​​នៅ​ក្នុង​ផ្សារមួយ នៅកណ្តាល​ទីក្រុង​បាកដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ពួក​រដ្ឋ​ឥស្លាម បាន​អះអាងទទួលខុស​ត្រូវ​ដល់​ការ​វាយប្រហារភេរវកម្មដ៏​រន្ធត់​កាលពី​ពេល​ថ្មីៗ​នេះ ​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតពីរ​នាក់ ​បានបំផ្ទុះ​អាវកាក់របស់​ពួកគេនៅ​កណ្តាល​រដ្ឋធានី​បាកដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់។ ​មនុស្ស​ជាង​៣០​នាក់​បាន​ស្លាប់ ហើយមនុស្ស​យ៉ាង​តិច​ណាស់១០០នាក់​ទៀត​ បាន​ត្រូវរបួសនៅ​ក្នុង​ផ្សារមួយនៅទីលាន Tayaran។ ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​គ្រោងធ្វើ​ឡើង​ដើម្បីបង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ​និង​រង​របួស​ជា​ច្រើនអតិបរមា។​

ការវាយ​ប្រហារ​បែប​នេះ​ប្រឆាំង​នឹង​ក្រុម​ជន​ស៊ីវិល​ក្នុង​ទីក្រុង​បាកដាដ មិន​សូវ​មាន​ទេ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ ទីក្រុង​នេះមាន​សភាព​ប្រក្រតី​ជា​លំដាប់​ក្រោយ​ការ​ត្រួតត្រា​ដោយ​ពួក​រដ្ឋ​ឥស្លាម​លើ​ដែន​ដីធំ​មួយ​នៃ​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី ដែល​ត្រូវ​បានបញ្ឈប់​ដោយក្រុម​ចម្រុះ​សាកល​ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក ​ដើម្បី​យក​ជ័យ​ជម្នះ​លើ​ពួក​រដ្ឋ​ឥស្លាម។ ពួកភេរវជន​នោះបាន​បាត់​បង់​សំបុករបស់​ខ្លួន​ក្នុង​ទីក្រុង Raqqa ក្នុង​ឆ្នាំ២០១៩​ បើ​ទោះ​ជា​អ្នក​ដែល​នៅ​សេសសល់ បានធ្វើការ​វាយ​ប្រហារ​ក្នុង​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ីរ៉ាក់ក៏​ដោយ។

សហរដ្ឋ​អាមេរិក​ បានកាត់បន្ថយ​ចំនួន​កង​ទ័ព​របស់​ខ្លួននៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក ​Lloyd Austin បាននិយាយនៅ​ក្នុង​សវនាការតែងតាំងលោកកាលពី​ពេល​ថ្មីៗ​នេះ​ថា​ លោកនៅ​តែ​ខ្វល់​ខ្វាយ​អំពី​ការ​គំរាមកំហែងដែល​បង្ក​ឡើង​ដោយពូក​រដ្ឋ​ឥស្លាមក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​កន្លែង​ឯ​ទៀតៗ។ លោក​បាន​ថ្លែង​ប្រាប់គណៈកម្មាធិការសេវា​កង​ប្រដាប់​អាវុធ​នៃព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ថា៖ «​ខ្ញុំគាំទ្រ​ដល់​ការ​រក្សា​ទុកទាហាន​សហរដ្ឋ​អាមេរិក​មួយចំនួន​តូចដើម្បីបំពេញ​បេសកកម្ម​មាន​កម្រិត ដោយផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ផ្តល់​ការ​ណែនាំ ​និង​ការ​ជួយ​កងកម្លាំងប្រឆាំង​នឹង​ភេរវកម្ម​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បីទប់ទល់​នឹងការ​គំរាមកំហែង​ ដែល​នៅ​មានត​ទៅ​ទៀតដោយ​ពួក​រដ្ឋឥស្លាម»។

លោក​វរសេនីយ៍ឯក​ Wayne Marotto អ្នក​នាំ​ពាក្យ​ក្រុម​ចម្រុះ​សាកលដើម្បី​យក​ជ័យជម្នះ​លើ​ពួក​រដ្ឋ​ឥស្លាម បាននិយាយ​នៅ​ក្នុង​សារ Twitter មួយ​ថា ការ​បំផ្ទុះ​គ្រាប់បែកដោយ​អ្នក​ដាក់​គ្រាប់បែក​អត្តឃាតពីរ​នាក់​ក្នុង​ទីក្រុង​បាកដាដ «គឺ​ជា​ការ​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់​ដូច​គ្នា​មួយ​លើក​ទៀតដោយពួក​ភេរវជន និង​ធ្វើ​ឱ្យ​មានគ្រោះថ្នាក់​ដល់​ពួក​ជន​ដែលស្វះស្វែង​ឱ្យ​មាន​សន្តិភាព»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​បាកដាដ​ បាន​ហៅការ​វាយ​ប្រហារ​នេះ​ ថា​ជា «សកម្មភាព​កំសាកមួយ​គួរ​ធ្វើ​ទោសដែល​គូស​បញ្ជាក់​គ្រោះថ្នាក់​នៃ​ភេរវកម្មដែល​ប្រជាជន​អ៊ីរ៉ាក់រាប់​លាន​នាក់នៅ​តែ​ប្រឈមតទៅទៀត»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយលោក​ Daniel Smith អតីតរដ្ឋមន្ត្រី​ការបរទេស​ស្ដីទី របស់​សហរដ្ឋ​អាមេរិក​បានថ្កោលទោស ​«យ៉ាង​ខ្លាំង​ក្លាដល់​ការ​វាយ​ប្រហារ​ភេរវកម្មកាល​ពី​ថ្ងៃ​២១​ ខែ​មករា ​ក្នុង​ទីក្រុង​បាកដាដ»។

លោក​ Daniel Smith បាន​សរសេរ​ថា៖ «សកម្មភាពភេរវកម្ម​ទាំង​នេះ​ ជាសកម្មភាព​សម្លាប់​មនុស្ស​ច្រើន​នាក់​ ហើយ​ជា​ការ​រំឭកថា​ភេរវកម្ម​នៅ​តែគំរាម​កំហែងជីវិតប្រជាជន​អ៊ីរ៉ាក់ស្លូតត្រង់។ យើង​សូម​ចូលរួម​រំលែក​ទុក្ខដល់​ក្រុម​គ្រួសារជន​រងគ្រោះនិង​សង្ឃឹម​ថា ពួក​អ្នក​របួស ​នឹង​បាន​ជា​សះស្បើយ​យ៉ាង​លឿន»៕

XS
SM
MD
LG