Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​បង្ក​ជា​ការ​គំរាមកំហែង


ពលរដ្ឋ​​មើល​ព័ត៌មាន​ក្នុង​ទូរទស្សន៍​​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ អំពី​ការ​បាញ់​បង្ហោះ​មីស៊ីល​កូរ៉េ​ខាង​ជើង។
ពលរដ្ឋ​​មើល​ព័ត៌មាន​ក្នុង​ទូរទស្សន៍​​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ អំពី​ការ​បាញ់​បង្ហោះ​មីស៊ីល​កូរ៉េ​ខាង​ជើង។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ខែ​កញ្ញា សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (ប្រទេស​កូរ៉េ​ខាងជើង) បាន​សាកល្បង​មីស៊ីល​មួយ​ចំនួន ដែល​ក្នុង​នោះ​ក៏​មាន​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចេញ​ពី​មាត់​សមុទ្រ​ខាង​កើត​របស់​ខ្លួន​ផងដែរ ដែល​នេះ​គឺជា​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​លើក​ដំបូង​បង្អស់​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល ៦ ខែ​ចុងក្រោយ​នេះ។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការ​សាកល្បង​មីស៊ីល​នេះ។ នៅ​ឯ​សន្និសីទ​កាសែត​មួយ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា៖ «ការ​សាកល្បង​មីស៊ីល​ទាំង​នេះ​គឺជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​ជា​ច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​យើង​ដឹង​ថា ការ​សាកល្បង​ទាំង​នេះ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ជិត​ខាង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​ប្រទេស​ដទៃ​ទៀត​ដែល​ជា​សមាជិក​របស់​សហគមន៍​អន្តរជាតិ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រកាស​ថា៖ «សកម្មភាព​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផល​ប៉ះពាល់​ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព​នៃ​កម្មវិធី​អាវុធ​ខុស​ច្បាប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ»។

លោក Kirby បាន​បញ្ជាក់​ជា​ថ្មី​អំពី «ការ​តាំងចិត្ត​ដ៏​មុតមាំ» របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ការពារ​សាធារណរដ្ឋ​កូរ៉េ (ប្រទេស​កូរ៉េ​ខាងត្បូង) និង​ប្រទេស​ជប៉ុន។

ការ​ចរចា​នុយក្លេអ៊ែរ​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​បាន​ជាប់​គាំង​តាំងពី​ឆ្នាំ ២០១៩ មក ប៉ុន្តែ​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គោល​បំណង​របស់​ខ្លួន​នៅ​ក្នុង​ការ​ស្ដារ​ការ​ចរចា​នេះ​ឡើង​វិញ។

លោក Price បាន​និយាយ​ថា៖ «យើង​ប្ដេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​ដែល​ថា ការ​សន្ទនា​នឹង​អនុញ្ញាត​ឲ្យ​យើង​បន្ត​សម្រេច​បាន​នូវ​គោល​បំណង​ចុងក្រោយ​របស់​យើង ដែល​នោះ​គឺ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ»។

លោក​បាន​ប្រកាស​ថា៖ «អ្វី​ដែល​យើង​ស្វះស្វែង​ចង់​ធ្វើ​គឺ​ការ​កាត់​បន្ថយ​ការ​គំរាមកំហែង​ចំពោះ​សហរដ្ឋ​អាមេរិក និង​ចំពោះ​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្នុង​តំបន់​ដែល​មាន​ដូចជា​សាធារណរដ្ឋ​កូរ៉េ​និង​ជប៉ុន​ជាដើម ហើយ​យើង​គិត​ថា​យើង​អាច​ធ្វើ​ដូច្នេះ​បាន​តាម​រយៈ​មធ្យោបាយ​ការទូត»។

គេ​ឃើញ​មាន​សន្ទុះ​សកម្មភាព​ការទូត​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​ចំណោម​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ដោយ​ផ្ដោត​លើ​ប្រទេស​កូរ៉េ​ខាងជើង។

កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា លោក​ឯក​អគ្គរដ្ឋទូត Sung Kim ដែលជា​អ្នក​តំណាង​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាងជើង បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​កូត្យូ ប្រទេស​ជប៉ុន និង​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​នានា​មកពី​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​របស់​កូរ៉េ​ខាងជើង​ក្នុង​ចំណោម​បញ្ហា​ដទៃ​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ចិន​និង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​បាន​ជួប​ពិភាក្សា​គ្នា​ផងដែរ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​សាកល្បង​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន។

លោក Price បាន​លើកឡើង​ថា កិច្ច​ប្រជុំ​ទាំង​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ចូលរួម​និង​ការទូត​ដែល​សហរដ្ឋ​អាមេរិក​ជឿ​ថា​នឹង​ឈាន​ឆ្ពោះ​ទៅរក​គោល​បំណង​រួម​របស់​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ដែល​នោះ​គឺ «វឌ្ឍនភាព​ដ៏​មាន​ន័យ​លើ​មាគ៌ា​ឆ្ពោះ​ទៅរក​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្ទីប​កូរ៉េ»៕

XS
SM
MD
LG