Accessibility links

Breaking News

បទវិចារណកថា៖ ការអំពាវនាវ​ឱ្យ​មាន​ការទទួល​ខុសត្រូវ និង​កំណែ​ទម្រង់​ក្នុង​ប្រទេស​លីបង់


ក្រុមអ្នកតវ៉ាប្រឆាំងនឹងពួក Hezbollah កាន់រូប​សកម្មជន​ដែល​គាំទ្រ​យ៉ាងក្លាហាន​ដល់​សេរីភាព​ខាង​ការបញ្ចេញ​មតិ គឺលោក Lokman Slim ដែល​ត្រូវបាន​គេ​រកឃើញ​ថា​ស្លាប់​ក្នុង​រថយន្ត​របស់​លោក​ក្នុងអំឡុងពេល​ការតវ៉ា​មួយ​នៅមុខ​វិមាន​យុត្តិធម៌​ក្នុង​ទីក្រុង​បេរូត កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងពួក Hezbollah កាន់រូប​សកម្មជន​ដែល​គាំទ្រ​យ៉ាងក្លាហាន​ដល់​សេរីភាព​ខាង​ការបញ្ចេញ​មតិ គឺលោក Lokman Slim ដែល​ត្រូវបាន​គេ​រកឃើញ​ថា​ស្លាប់​ក្នុង​រថយន្ត​របស់​លោក​ក្នុងអំឡុងពេល​ការតវ៉ា​មួយ​នៅមុខ​វិមាន​យុត្តិធម៌​ក្នុង​ទីក្រុង​បេរូត កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស.រ.អ. ​គាំទ្រប្រជាជន​លីបង់​ចំពោះ​ការអំពាវនាវរបស់​ពួក​គេ​ឱ្យ​មានការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​និង​ឲ្យ​មាន​កំណែ​ទម្រង់​ក្នុង​ប្រទេស​លីបង់។

កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ លោក Lokman Slim សកម្មជនដែលគាំទ្រ​យ៉ាង​ក្លាហាន​ដល់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​ការចូល​រួម​ដោយ​ពលរដ្ឋ ត្រូវ​បាន​រក​ឃើញ​ស្លាប់ក្នុង​រថយន្ដ​លោក​នៅ​ប៉ែកខាង​ត្បូង​នៃ​ប្រទេស​លីបង់។ លោក​ត្រូវ​បាន​គេ​បាញ់​ចំ​ចំនួន៥គ្រាប់។

ស.រ.អ.​ ថ្កោលទោស​ឃាតកម្ម​ដ៏​ឃោរឃៅ​ចំពោះ​លោក Lokman Slim នេះ។

ក្នុង​នាម​ជា​អ្នក​បោះពុម្ពផ្សាយ និង​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ដ​ឯកសារ​មួយ​រូប លោក Slim គឺ​ជា​អ្នក​កាន់សាសនា​ឥស្លាម​និកាយ Shiite ដែល​បាននិយាយ​ខ្លាំង​ក្លា​ប្រឆាំង​នឹងយុទ្ធវិធី​ដ៏​ឃោរឃៅ​របស់​ពួក Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ក្នុង​ប្រទេស​លីបង់។

ឯកអគ្គរដ្ឋទូត​ស.រ.អ.ប្រចាំប្រទេស​លីបង់​អ្នកស្រី Dorothy Shea បាន​កត់​សម្គាល់អំពី​គ្រោះថ្នាក់​ដែល​លោក​បា​ន​ប្រឈម​ថា៖ «លោក Lokman Slim បាន​ទទួល​ស្គាល់​ជា​សាធារណៈ និងជា​ឯកជន​ថា មានការ​គំរាម​កំហែង​ចំពោះ​អាយុ​ជីវិត​របស់​លោក​ តែលោក​នៅ​តែ​ជំរុញដោយ​ក្លាហាន​ឱ្យ​មាន​យុត្តិធម៌ ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​លីបង់»។

រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.លោក Anthony Blinken បាន​និយាយ​សំដៅ​ដល់​ការ​ធ្វើ​ឃាត​លោក Slim ថា​ជា«ឃាតកម្ម​ដ៏​សាហាវ​យង់​ឃ្នង​មួយ»។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក​បាន​មានប្រសាសន៍​ថា៖ «វា​ជា​ការ​កំសាក និង​ជា​ការមិនអាច​ទទួលបានទេដែល​យក​អំពើ​ហិង្សា ការ​គំរាម​កំហែង​ និងការបំភិត​បំភ័យ​ជា​មធ្យោបាយ​សម្រាប់ធ្វើវិទ្ធង្សនា​ប្រឆាំង​នឹង​នីតិរដ្ឋ ឬ​បង្ក្រាបសេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​និង​ភាព​សកម្ម​របស់​ពលរដ្ឋ។ យើង​សុំ​ឱ្យ​ពួក​មន្ត្រី​លីបង់ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​មេដឹកនាំ​ខាង​តុលាការ​ និង​ខាង​នយោបាយ​ ធ្វើ​ឱ្យពួក​ជន​ដែល​បាន​ធ្វើ​សកម្មភាពព្រៃផ្សៃ​បែប​នេះ មានការ​ទទួល​ខុសត្រូវ​ខ្ពស់​ដោយ​គ្មាន​ការ​ពន្យារពេល ​ឬ​ការ​លើកលែងអ្វី​ឡើយ»។

សព​លោក Lokman Slim ត្រូវ​បាន​រក​ឃើញរយៈពេល​៦ខែ​ ក្រោយ​ការ​ផ្ទុះកាល​ពី​ថ្ងៃ​ទី៤​ ខែ​សីហា ​ឆ្នាំ២០២០​ក្នុង​រដ្ឋធានី​បេរូត ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់​ និង​មាន​មនុស្ស​រាប់​ពាន់​នាក់ទៀត​រង​របួស។ ការ​ស៊ើបអង្កេត​អំពីការ​ផ្ទុះ​នេះ នឹង​ចាប់ផ្ដើម​ធ្វើ​ជា​ថ្មី​នៅ​ក្នុងខែ​នេះ។ វា​ជា​ការ​មាន​សារៈសំខាន់ណាស់​ ដែលស្ថាប័នតុលាការ​លីបង់​បង្ហាញថា ​ខ្លួនអាចចាត់​វិធានការ​ដើម្បី​ធ្វើ​ឱ្យប្រាកដថា មាន​ការ​គោរព​ដល់នីតិ​រដ្ឋ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ. Anthony Blinken និង​លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​បារាំង​ បាន​បញ្ជាក់​ជា​ថ្មី​អំពី«​ការ​គាំទ្រទាំងស្រុង​ដល់​ប្រជាជន​នៃ​ប្រទេស​លីបង់»​ដោយ​មាន​រួម​បញ្ចូលទាំង​ការ​ផ្តល់​ជំនួយលើ​វិស័យ​សុខាភិបាល ការ​អប់រំ ផ្ទះ​សម្បែង ​និង​ជំនួយ​ឯ​ទៀតៗ​ផង​ដែរ។

​ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ទាំង​ពីរ​នាក់​នេះបាន​និយាយ​បន្ថែម​ទៀត​ថា «ប្រទេស​បារាំង និងស.រ.អ.​ក៏​រំពឹង​ថា នឹង​មាន​លទ្ធផល​ឆាប់​រហ័ស​ទៅ​លើ​ការ​ស៊ើបអង្កេត​អំពី​បុព្វហេតុ​នៃ​ការ​ផ្ទុះ​នេះ​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី​ Blinken និង​លោក​រដ្ឋមន្ត្រីការបរទេស Le Drian បាន​សរសេរ​ថា៖ «ខួប​៦​ខែ​នៃ​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​នេះ​ គូស​បញ្ជាក់​សេចក្តី​ត្រូវការ​ជា​បន្ទាន់​ និង​ចាំបាច់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ប្រទេស​លីបង់ចាត់​វិធានការ​តាម​ការសន្យារបស់​ផង​ខ្លួន​ដែល​បានធ្វើ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​មានការ​ជឿទុកចិត្ត ​និង​មានប្រសិទ្ធភាព ហើយបើកផ្លូវ​ឱ្យ​មាន​ការអនុវត្តកំណែ​ទម្រង់​ចាំបាច់តាម​ការប៉ងប្រាថ្នា​របស់​ប្រជាជន​លីបង់។

រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ថ្លែង​ទៀត​ថា៖ «សកម្មភាពជាក់ស្តែង​បែបនេះ នៅ​តែ​មាន​សារៈសំខាន់​ដល់ការទាក់ទង​របស់​ប្រទេស​បារាំង ស.រ.អ.​ និង​បណ្ដា​ដៃគូ​ក្នុង​តំបន់ និង​ដៃគូអន្តរជាតិ​របស់​ប្រទេស​ទាំង​ពីរ​ ដើម្បី​ផ្តល់ការ​គាំទ្របន្ថែម​ទៀត និង​សម្រាប់​រយៈពេល​យូរ​ដល់​ប្រទេស​លីបង់»៕

XS
SM
MD
LG