តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកឯកអគ្គរដ្ឋទូត Michael Kozak ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឌ្ឍគោលខាងលិច បានថ្លែងថា៖
«ការជំរុញកំណើនសេដ្ឋកិច្ចនៅអាមេរិកឡាទីនមានសារៈសំខាន់ជាពិសេសនៅពេលនេះ ខណៈដែលតំបន់ទាំងមូលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ និងសម្លឹងទៅរកមាគ៌ាមួយឆ្ពោះទៅការរើបឡើងវិញពីវិបត្តិនេះ»។
សហរដ្ឋអាមេរិកជាប្រទេសដៃគូពាណិជ្ជកម្មចម្បងសម្រាប់បណ្តាប្រទេសពីរភាគបីនៃតំបន់អឌ្ឍគោលខាងលិច [អាមេរិកខាងជើងនិងអាមេរិកខាងត្បូង]។
ខណៈដែលសេដ្ឋកិច្ចនានានៅក្នុងតំបន់នេះចាប់ផ្តើមបើកឡើងវិញ សហរដ្ឋអាមេរិកនឹងចូលរួមចំណែករបស់ខ្លួនដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ តាមរយៈកម្មវិធី«កំណើននៅទ្វីបអាមេរិក» (Growth in the Americas) ឬ América Crece។
បណ្តាប្រទេសនៅក្នុងតំបន់នេះប្រឈមនឹងកង្វះហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង ដែលរឹតត្បិតការលូតលាស់សេដ្ឋកិច្ច។ កម្មវិធី América Crece ផ្តល់នូវធនធាននិងជំនាញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទាក់ទាញការវិនិយោគឯកជនចូលក្នុងវិស័យថាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងតំបន់។
មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង América Crece ជាមួយប្រទេសដៃគូចំនួន១០ គឺ ប៉ាណាម៉ា ឈីលី ហ្សាម៉ាអ៊ីក (Jamaica) អាហ្សង់ទីន កូឡុំប៊ី ហើយនៅពេលថ្មីៗនេះជាមួយប្រទេស អែលសាល់វ៉ាឌ័រ អេក្វាទ័រ ប្រេស៊ីល ហុងឌូរ៉ាស និងបូលីវី។ កិច្ចព្រមព្រៀងទាំងនេះរួមមានការប្តេជ្ញាចិត្តរបស់ប្រទេសជាដៃគូក្នុងការពង្រឹងភាពប្រកួតប្រជែងនិងតម្លាភាពដែលស្របនឹងគោលការណ៍អនុវត្តអន្តរជាតិ។
សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ថា DFC ជាធនាគារអភិវឌ្ឍរបស់អាមេរិក និងជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ជំរុញការវិនិយោគដើម្បីគាំទ្រកម្មវិធី América Crece។ សហរដ្ឋអាមេរិករំពឹងថា DFC នឹងជំរុញការវិនិយោគយ៉ាងតិចតម្លៃ១២ ពាន់លានដុល្លារនៅក្នុងតំបន់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
តួអង្គសំខាន់មួយទៀតនៅក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចបណ្តាប្រទេសនៅអឌ្ឍគោលខាងលិច គឺស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា រួមទាំងធនាគារអភិវឌ្ឍន៍អន្តរអាមេរិក (Inter-American Development Bank)។
លទ្ធិប្រជាធិបតេយ្យមានភាពចាំបាច់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនិងអនាគតនៃកំណើនសេដ្ឋកិច្ចនៅទ្វីបអាមេរិក។ វិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩ បានលាតត្រដាងពីសារៈសំខាន់នៃសង្វាក់ផ្គត់ផ្គង់នឹងនរ ជាមួយនឹងដៃគូដ៏គួរទុកចិត្តបាន។
លោកឯកអគ្គរដ្ឋទូត Kozak បានសង្កត់ធ្ងន់ថាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកផង «ត្រូវកាត់បន្ថយភាពពឹងផ្អែកទៅលើទំនិញផលិតដោយប្រទេសចិន»។ ហេតុនេះហើយ «សហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីពង្រឹងនិងពង្រីកសមាសភាពនៃសង្វាក់ផ្គត់ផ្គង់ដើម្បីស្ថាបនាឡើងវិញនូវសង្វាក់ផ្គត់ផ្គង់រវាងអាមេរិកខាងជើងនិងអាមេរិកខាងត្បូង។ គោលដៅគឺផ្ទេរទាំងប្រភពធនធានដើមនិងសង្វាក់ផលិតកម្មឲ្យមកប្រទេសយើងវិញ»។
សហរដ្ឋអាមេរិកនឹងបន្តដើរតួជាដៃគូចម្បងក្នុងការជួយតំបន់អឌ្ឍគោលខាងលិច ឲ្យរួចផុតពីការប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ លោកឯកអគ្គរដ្ឋទូត Kozak ថ្លែងថា ការលូតលាស់សេដ្ឋកិច្ចនៅតែជាលក្ខខណ្ឌចាំបាច់ដើម្បីពង្រឹងស្ថាប័នប្រជាធិបតេយ្យនិងធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យនៃអឌ្ឍគោលសេរីភាពមួយ៕