Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​តទល់​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​នៅ​ក្នុង​ប្រទេស​ចិន


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ថ្លែងសុន្ទរកថាក្នុងកម្មវិធីមួយ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ថ្លែងសុន្ទរកថាក្នុងកម្មវិធីមួយ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ជនជាតិ Uighur (អ៊ុយហ្គ័រ) ​កាន់​សាសនា​ឥស្លាម រួម​ទាំង​ក្រុម​ជនជាតិ​និង​ក្រុម​សាសនា​ភាគ​តិច​ផ្សេង​ទៀត ជាង​មួយ​លាន​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​ជំរំ​ឃុំឃាំង។

បព្វជិត​គ្រិស្តសាសនា​និកាយ​កាតូលិក​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ។ ពុទ្ធសាសនិកជា​ជនជាតិ​ទីបេតិ៍​ត្រូវ​បាន​ចាប់​ខ្លួន។ គម្ពីរ​គ្រិស្តសាសនា និង​គម្ពីរ​ឥស្លាមសាសនា ត្រូវ​បាន​តាក់តែង​ឡើង​វិញ។ វិហារ​គ្រិស្តសាសនានិកាយ​ប្រូតេស្ដង់​ត្រូវ​បាន​កម្ទេច​ចោល។

ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត បាន​កើតឡើង នៅ​ពេល​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រឹងប្រែង «កែប្រែ​ឲ្យ​ទៅ​ជា​លក្ខណៈ​ចិន» នូវ​រាល់​សាសនា​និង​ជំនឿ​ទាំង​អស់ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​សាសនា​និង​ជំនឿ​ទាំង​នោះ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ និង​មនោគមវិជ្ជា​ទាំងស្រុង​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។

នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​បុរី​វ៉ាទីកង់ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​ថា គ្មាន​កន្លែង​ណា​មួយ​នៅ​លើ​ពិភពលោក​ដែល​សេរីភាព​សាសនា​រង​ការ​រំលោភ​បំពាន​ខ្លាំងក្លា ​ជាង​នៅ​ប្រទេស​ចិន​នោះ​ទេ។

លោក​រដ្ឋមន្ត្រី Pompeo ថ្លែង​ដូច្នេះ​ថា៖ «មូលហេតុ​គឺ​ដោយសារ​តែ ដូច​ទៅ​នឹង​របប​កុម្មុយនីស្ត​ទាំង​អស់​ផង​ដែរ គណបក្ស​កុម្មុយនីស្ត​ចិន​ចាត់ទុក​ខ្លួន​ឯង​ថា​ជា​អាជ្ញាធរ​ផ្នែក​សីលធម៌​ចម្បង​បំផុត។ ដោយ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កង្វះ​ភាព​ស្រប​ច្បាប់​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​កាន់តែ​ឃោរឃៅ​ឡើង បាន​ខិតខំ​ទាំង​ថ្ងៃ​ទាំង​យប់​ ដើម្បី​បំផ្លាញ​ពន្លឺ​នៃ​សេរីភាព ជា​ពិសេស​សេរីភាព​សាសនា ក្នុង​ទ្រង់ទ្រាយ​ធំដ៏​គួរ​ឲ្យ​រន្ធត់​ភ្ញាក់ផ្អើល​មួយ»។

លោក​រដ្ឋមន្ត្រី Pompeo បាន​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​បុរី​វ៉ាទីកង់ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ចរចា​គ្នា​អំពី​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ព្រមព្រៀង​រយៈពេល ២ ឆ្នាំ​ដ៏​ប្រទាំង​ប្រទើស​មួយ ស្ដីពី​ការ​តែងតាំង​សម្ដេច​សង្ឃ​គ្រិស្តសាសនា​និកាយ​កាតូលិក​នៅ​ក្នុង​ប្រទេស​ចិន។

លោក​រដ្ឋមន្ត្រី Pompeo បាន​បង្អុល​បង្ហាញ​អំពីអំណាចជា​សាក្សី​ផ្នែក​សីលធម៌​នៃ​វិហារ​កាតូលិក​ដែល​តំណាង​ជា​សាកល​ដោយ​បុរី​វ៉ាទីកង់ និង​បាន​លើកឡើង​អំពី​តួនាទី​របស់វិហារ​កាតូលិកនៅ​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​ដល់​អ្នក​រស់នៅ​ក្នុង​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាង​កើត​នៃ​ទ្វីប​អឺរ៉ុប ដែល​បាន​រំដោះ​ខ្លួន​ពី​របប​កុម្មុយនីស្ត​នៅ​ចុង​សតវត្ស​ទី ២០ ក៏​ដូចជា​ការ​ប្រឈម​របស់​វិហារ​គ្រិស្តសាសនា​កាតូលិក​ចំពោះ​របប​ផ្ដាច់ការ​នៅ​តំបន់​អាមេរិក​ឡាទីន ដែល​បាន​ជួយ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​រក​របប​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី Pompeo ថ្លែង​ដូច្នេះ​ថា៖ «នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចលនា​នៅ​ក្នុង​ការ​បញ្ចប់​ទាសភាព​នៅ​សតវត្ស​ទី ១៩ និង​នៅ​ក្នុង​ការ​ពង្រីក​សិទ្ធិ​ពលរដ្ឋ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​នៅ​សតវត្ស​ទី ២០ គឺ​ភាគ​ច្រើន​ដឹកនាំ​ដោយ​អ្នក​កាន់​សាសនា​គ្រិស្ត​នៃ​និកាយ​ជា​ច្រើន ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កេរតំណែល​រួម​នៃ​សាសនា​ជ្វីហ្វ​និង​សាសនា​គ្រិស្ត ក៏​ដូចជា​គោលការណ៍​ស្នូល​នានា​ដែល​បាន​បង្កើត​សហរដ្ឋ​អាមេរិក​ឡើង​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី Pompeo បាន​ជំរុញ​បណ្ដា​មេដឹកនាំ​សាសនា​ទាំង​អស់​ឲ្យ​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្នុង​ការ​លុប​បំបាត់​សេរីភាព​សាសនា និង​នៅ​ក្នុង​ការ​ពត់​តម្រង់​សហគមន៍​សាសនា​ទាំង​អស់​ឲ្យ​ស្រប​ទៅ​តាម​គោល​បំណង​នៃ​កម្មវិធី​ផ្ដាច់ការ​របស់​ខ្លួន។

លោក​រដ្ឋមន្ត្រី Pompeo បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​ចិន «អនាគត​នៃ​សេរីភាព​សាសនា​គឺ​អាស្រ័យ​លើ​សកម្មភាព​នៃ​សាក្សី​ផ្នែក​សីលធម៌​ទាំង​នេះ»៕

XS
SM
MD
LG