Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​បង្ក្រាប​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ហុងកុង


មេធាវី​និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​ លោក Martin Lee ដើរ​ចេញ​ពី​តុលាការ​សង្កាត់​ West Kowloon ក្រុង​ហុងកុង ក្រោយពី​​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២១។
មេធាវី​និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​ លោក Martin Lee ដើរ​ចេញ​ពី​តុលាការ​សង្កាត់​ West Kowloon ក្រុង​ហុងកុង ក្រោយពី​​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទីក្រុង​ហុងកុង ហើយ​អ្នក​តស៊ូ​មតិ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​បន្ត​រងគ្រោះ​ដោយសារ​ការ​គាំទ្រ​របស់​ពួកគេ​លើ​សេរីភាព​ជា​មូលដ្ឋាន។

កាលពី​ថ្ងៃ​ទី១ ខែ​មេសា សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នាំ​មុខ​របស់​ទីក្រុង​ហុងកុង​ចំនួន ៧ នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ជួបជុំ​ដោយ​គ្មាន​ការ​អនុញ្ញាត ទាក់ទិន​នឹង​ការ​ចូលរួម​របស់​ពួកគេ​នៅ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​កាលពី​ខែ​សីហា ឆ្នាំ ២០១៩។

ក្នុង​ចំណោម​នោះ មាន​លោក Martin Lee ដែល​ជា​មេធាវី​អាយុ ៨២ ឆ្នាំ និង​លោក Jimmy Lai ដែល​ជា​អ្នក​មាន​ឥទ្ធិពល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ។ អ្នក​តវ៉ា​ដោយ​សន្តិវិធី​ផ្សេង​ទៀត​មាន​ដូចជា អតីត​សមាជិក​សភា​គណបក្ស​ប្រឆាំង​អ្នកស្រី Margaret Ng និង​សកម្មជន​ជើង​ចាស់ ៤ រូប​ទៀត គឺ​លោក Lee Cheuk-yan លោក Leung-Kwok លោក Albert Ho និង​អ្នកស្រី Cyd Ho។

កាលពី​ថ្ងៃ​ទី ៨ ខែ​មេសា នៅ​ក្នុង​សំណុំ​រឿង​មួយ​ផ្សេង​ទៀត លោក Jimmy Lai និង​លោក Lee Cheuk-yan ក៏​ដូចជា​លោក Yeung Sam ដែល​ជា​សកម្មជន​ផងដែរ បាន​សារភាព​ទទួល​កំហុស​ថា​បាន​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​តវ៉ា​ខុស​ច្បាប់។

លោក Lee Cheuk-yan បាន​និយាយ​ថា៖ «ខ្ញុំ​សារភាព​ទទួល​កំហុស ប៉ុន្តែ​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នោះ​ទេ​ទាក់ទិន​នឹង​ការ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ដើរ​ក្បួន​តវ៉ា ហើយ​ខ្ញុំ​ជឿ​ថា ប្រវត្តិសាស្ត្រ​នឹង​លើកលែង​ទោស​ឲ្យ​ខ្ញុំ»។

ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ ២០១៩ បាន​ផ្ទុះ​ឡើង ដើម្បី​ជា​ការ​ប្រឆាំង​ទៅ​នឹង​សំណើ​ច្បាប់​បត្យាប័ន ដែល​ជា​សំណើ​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់ទោស​ពលរដ្ឋ​ហុងកុង​នៅ​ក្នុង​តុលាការ​របស់​ប្រទេស​ចិន​ដីគោក​បាន។

នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងតែង និង​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ខ្លាំងក្លា​លើ​ប្រព័ន្ធ​បោះឆ្នោត​របស់​ទីក្រុង​ហុងកុង ដោយ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន​នូវ​ចំនួន​អាសនៈ​ដែល​ជ្រើសរើស​ដោយ​ផ្ទាល់​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋសភា​របស់​ទីក្រុង​ហុងកុង។ បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​តវ៉ា​រាប់​ពាន់​នាក់​និង​មេដឹកនាំ​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ចម្បងៗ​ជា​ច្រើន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ និង​ច្បាប់​ផ្សេងៗ​ទៀត។

នៅ​ក្នុង​ការ​ថ្លែង​អំពី​ការ​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ទី ១ ខែ​មេសា​លើ​សកម្មជន​លទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង​ទាំង ៧ នាក់ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​ហៅ​បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​នោះ​ថា «មាន​លក្ខណៈ​នយោបាយ»។

លោក Price បាន​បញ្ជាក់​ថា បទ​ចោទ​ប្រកាន់​ទាំង​នេះ ជា​ថ្មី​ម្ដង​ទៀត​បាន​បង្ហាញ​នូវ «កម្រិត​ដែល​អាជ្ញាធរ​ចិន​និង​អាជ្ញាធរ​ហុងកុង​ស្វះស្វែង​កម្ទេច​រាល់​ទម្រង់​ប្រឆាំង​ដោយ​សន្តិវិធី​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ហុងកុង»។

លោក Price និយាយ​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​នៅ​បន្ត​ថ្កោលទោស​ការ​បង្ក្រាប​ជា​បន្ត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើ​សេរីភាព​ជា​មូលដ្ឋាន​និង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ...សហរដ្ឋ​អាមេរិក​នៅ​បន្ត​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​ហុងកុង​រាប់​លាន​នាក់ ដែល​បាន​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ក្នុង​គោល​បំណង​ការពារ​ស្វ័យភាព​និង​សេរីភាព ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​សន្យា​ផ្ដល់​ឲ្យ​ពួកគេ»។

ដោយ​លើកឡើង​អំពី​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​លើ​មន្ត្រី​រដ្ឋាភិបាល​ចិន​កាលពី​ខែ​មីនា ទាក់ទិន​នឹង​ការ​បំផ្លាញ​សេរីភាព​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង លោក Price បាន​បន្ថែម​ថា៖ «យើង​នឹង​នៅ​បន្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ សម្រាប់​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ស្វះស្វែង​បំផ្លាញ​សេរីភាព​ជា​មូលដ្ឋាន​និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង»៕

XS
SM
MD
LG