តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ភាពវឹកវរនយោបាយនៅតែបន្តនៅក្នុងប្រទេសបេឡារុស ដែលកើតឡើងចាប់តាំងពីមេដឹកនាំផ្តាច់ការលោក Alexander Lukashenka បានជាប់ឆ្នោតឡើងវិញក្នុងការបោះឆ្នោត ដែលមានការលួចបន្លំ កាលពីថ្ងៃទី៩ ខែសីហានោះ។
សមាជិកនៃគណបក្សប្រឆាំងក្នុងប្រទេសបេឡារុស បានបង្កើតក្រុមប្រឹក្សាសម្របសម្រួលជាតិមួយ ហៅកាត់ថា NCC ដើម្បីចរចាជាមួយអាជ្ញាធរបេឡារុសអំពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ និងការផ្ទេរអំណាច។ របបគ្រប់គ្រងរបស់លោក Lukashenka មិនបានចូលរួមក្នុងគោលបំណងសុឆន្ទៈទេ។ ផ្ទុយទៅវិញរបបនេះ បែរជាបានចាប់ផ្តើមធ្វើការស៊ើបអង្កេតដែលជំរុញដោយរឿងនយោបាយ ទៅលើក្រុមប្រឹក្សាសម្របសម្រួលជាតិទៅវិញ ហើយបានឃាត់ខ្លួន និងឃុំខ្លួនសមាជិកនៃក្រុមប្រឹក្សានេះ ហើយបង្ខំឲ្យពួកគេនិរទេសខ្លួនចេញពីប្រទេស។
សហរដ្ឋអាមេរិកពិតជាបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ពង្រត់និងចាប់ខ្លួនសមាជិកក្រុមប្រឹក្សាសម្របសម្រួលជាតិលោកស្រី Mariya Kalesnikavaកាលពីថ្ងៃទី៧ខែកញ្ញា នៅក្នុងទីក្រុង Minsk និងការបណ្តេញអ្នកនាំពាក្យលោក Anton Rodnenkou និងលេខាធិការលោក Ivan Krautsou ឲ្យចេញពីប្រទេសដោយបង្ខំកាលពីថ្ងៃទី៨ខែកញ្ញានោះ។ មួយថ្ងៃបន្ទាប់មក លោក Maxim Znak ដែលជាសមាជិកម្នាក់នៃក្រុមប្រឹក្សាសម្របសម្រួលជាតិដែរនោះ ត្រូវបានឃាត់ខ្លួនដែរ។
សហរដ្ឋអាមេរិកកោតសរសើរចំពោះសេចក្តីក្លាហានរបស់លោកស្រី Kalesnikava និងពលរដ្ឋបេឡារុស ក្នុងការទាមទារសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ ក្រុមអ្នកតវ៉ាបានជួបប្រទះនឹងអំពើហិង្សា និងការគាបសង្កត់ពីសំណាក់អាជ្ញាធររដ្ឋាភិបាល ដែលរួមមានការវាយដំដោយឥតរួញរាកណ្តាលថ្ងៃនិងការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ព្រមទាំងការកើនឡើងនៃសេចក្តីរាយការណ៍អំពីការចាប់ពង្រត់ផងដែរ។
ចាប់តាំងពីថ្ងៃទី១ខែកញ្ញាមក និស្សិតសាកលវិទ្យាល័យបានក្លាយជាជនរងគ្រោះក្នុងការបង្ក្រាបយ៉ាងហិង្សា ដែលដឹកនាំដោយពួកកងកម្លាំងសន្តិសុខស្លៀកពាក់ខ្មៅ និងបិទមុខជិតឃើញតែភ្នែក។ និស្សិតមួយចំនួនត្រូវគេចាប់នៅកណ្តាលផ្លូវ ហើយបោះចូលក្នុងរថយន្តដែលគ្មានអត្តសញ្ញាណ។
សហរដ្ឋអាមេរិក ដោយមានការសម្របសម្រួលជាមួយដៃគូ និងសម្ពន្ធ័មិត្ត កំពុងពិចារណាអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្សេងទៀតជាបន្ថែម ដើម្បីលើកកម្ពស់ដល់ការតម្រូវឲ្យពួកអ្នកដែលបានពាក់ព័ន្ធក្នុងការរំលោភបំពានលើសិទ្ធិមនុស្សនិងការគាបសង្កត់ក្នុងប្រទេសបេឡារុស មានការទទួលខុសត្រូវ។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកMike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងរំឭកអាជ្ញាធរបេឡារុស អំពីការទទួលខុសត្រូវរបស់ពួកគេ ដើម្បីធានាសុវត្ថិភាពដល់លោកស្រី Kalesnikava និងអ្នកឯទៀតទាំងអស់ ដែលត្រូវបានចាប់ខ្លួនយ៉ាងអយុត្តិធម៌»។
«យើងអំពាវនាវឲ្យអាជ្ញាធរបេឡារុស បញ្ចប់ការប្រើប្រាស់អំពើហិង្សាលើពលរដ្ឋរបស់ខ្លួន ដោះលែងមនុស្សទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ ដែលក្នុងនោះមានរួមទាំងពលរដ្ឋអាមេរិកាំងម្នាក់ឈ្មោះ Vitali Shkliarov ហើយចូលរួមក្នុងការសន្ទនាដែលមានអត្ថន័យ ជាមួយក្រុមអ្នកតំណាងពិតប្រាកដរបស់សហគមន៍បេឡារុស»៕