Accessibility links

Breaking News

បទវិចារណកថា៖ ក្រោកឈរ​ប្រឆាំងនឹង​ការគាប​សង្កត់​របស់​ចិន


មន្ទីរកិច្ចការរណសិរ្ស​រួម​របស់ចិន
មន្ទីរកិច្ចការរណសិរ្ស​រួម​របស់ចិន

ត​ទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជាលាយលក្ខណ៍​អក្សរមួយ​ថា ​គណបក្ស​កុម្មុយនិស្ត​ចិនហៅ​កាត់​ថា​ CCP បាន​ស្វះស្វែង​យូរយាមក​ហើយក្នុងការផ្សព្វផ្សាយ​មនោគមវិជ្ជា​ម៉ាក្ស​លេនីន​និយម និង​ដាក់​ឱ្យ​មាន​ឥទ្ធិពលខ្លួននៅ​ទូទាំង​ពិភពលោក។ វិធី​មួយ​ក្នុង​បណ្តា​វិធី​នានាដែល​គណបក្ស​កុម្មុយនិស្ត​ចិន​ធ្វើការនេះ ​គឺតាម​រយៈម​ន្ទីរការងារ​រណសិរ្ស​រួម​ដែលជា​ការិយា​ល័យមួយ​របស់​រដ្ឋាភិបាល​ផ្តល់​ប្រាក់​កាសឱ្យ​កិច្ច​ប្រតិបត្តិការធ្វើ​ឱ្យមាន​ឥទ្ធិពលក្នុង​ប្រទេស​ និង​នៅ​ឯ​ប្រទេស​ក្រៅ​តាម​រយៈការឃោសនា​និង​ការ​គ្រប់គ្រង​ដោយ​មានឥទ្ធិពល។

លោក​រដ្ឋមន្ត្រី​ Pompeo បាននិយាយ​ថា «ជា​ញឹកញយ រណសិរ្ស​រួម​នោះ​ បានបំភិត​បំភ័យពួក​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ ពួក​សមាជិកវិស័យ​ធុរកិច្ច​ ក្រុម​សង្គម​ស៊ីវិល​និង​សហគមន៍ចិននៅ​ក្រៅ​ប្រទេស ដោយ​មានរួម​បញ្ជូល​ទាំង​ពួក​សមាជិក​នៃសហ គមន៍ក្រុម​ជនភាគ​តិច​ខាង​ជាតិពន្ធ និង​ខាង​សាសនា​ ដែល​បាន​និយាយប្រឆាំង​នឹងការរំលោភលើ​សិទ្ធិ​មនុស្ស​សែនអាក្រក់នៅ​ក្នុង​តំបន់​ស៊ីនជាំង ទីបេ​ និងកន្លែង​ឯ​ទៀតៗក្នុង​ប្រទេស​ចិន»។

កលល្បិច​បង្ខិត​បង្ខំរបស់​គណបក្ស​កុម្មុយនិស្ត​ចិន​ យកជា​ទី​ដៅនូវ​ពួក​បុគ្គលដែល​ត្រូវ​ឃើញ​ថា​ ធ្វើការប្រឆាំង​នឹង​អត្ថ​ប្រយោជន៍នៃ​គណបក្ស​នេះ។ ​មធ្យោបាយ​ទាំង​នេះ មាន​រួម​បញ្ចូលការ​ផ្សព្វផ្សាយសេចក្តី​ល្អិត​ល្អន់ផ្ទាល់​ខ្លួន​ដែលគេស្គាល់​ថា «doxing»​ គឺការ​ស្វែង​រក​និង​ផ្សព្វផ្សាយ​ព័ត៌មានផ្ទាល់​ខ្លួន​របស់​បុគ្គលណា​ម្នាក់តាម​អ៊ីនធឺណិត ដោយមាន​បំណងមិនល្អ​នៃពួក​មនុស្ស​ជា​ទី​ដៅ​របស់​ពួក​គេ ​និង​សមាជិកគ្រួសារ​ពួក​គេដែល​ជា​មធ្យោបាយ​មួយ​នៃ​ការបំភិត​បំភ័យ​ខាងនយោបាយ។

នៅ​ក្នុង​កិច្ចប្រឹងប្រែងមួយដើម្បី​បញ្ឈប់​កលល្បិច​នេះ លោក​រដ្ឋមន្ត្រី​ Pompeo បាន​ដាក់កំហិតការ​រឹតត្បិតទិដ្ឋាការតាម​រយៈច្បាប់អន្តោប្រវេសន៍​ និងសញ្ជាតិ លើ​ពួក​មន្ត្រីនៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និងគណបក្ស​កុម្មុយនិស្ត​ចិន​ដោយ​មាន​រួមបញ្ជូលពួក​ជនសកម្ម​នៅ​ក្នុងម​ន្ទីរការងារ​រណសិរ្ស​រួម​ដែល​បានប្រើ ឬគំរាម​កំហែងប្រើ​អំពីហិង្សាខាង​រាងកាយ​ ការលួចនិង​ការ​ផ្សព្វផ្សាយព័ត៌មាន​ឯកជន ចារកម្ម ការ​បំផ្លិច​បំផ្លាញ​ដោយ​ចេតនា​ ឬការ​ជ្រៀត​ជ្រែកដោយ​ព្យាបាទ​ក្នុងកិច្ចការ​ផ្ទៃ​ក្នុង​ សេរីភាពនៃការបញ្ចេញ​មតិ​ដោយ​ពួក​សាស្ត្រាចារ្យសាកល​វិទ្យាល័យ ឯកជន​ភាព​ផ្ទាល់ខ្លួន​ ឬ​សកម្មភាព​ខាង​ធុរកិច្ច។

សកម្មភាពអាក្រក់​ទាំង​នេះ មាន​គោលដៅទាក់ទាញ ​ឬបំភិត​បំភ័យ​ពួក​មេដឹកនាំក្នុង​តំបន់​និង​ក្នុងមូលដ្ឋាន សហគមន៍​ចិន​នៅ​ក្រៅ​ប្រទេស ពួក​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ និងក្រុមសង្គម​ស៊ីវិលឯទៀតៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និងប្រទេស​ឯ​ទៀតៗ​ ដើម្បី​ធ្វើ​ឱ្យ​ជឿន​លឿន​ទៅ​មុខ​គោលនយោបាយផ្តាច់ការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

លោក​រដ្ឋមន្ត្រី​ Pompeo បាន​ប្រកាស​ថា «​ខ្ញុំនឹងបន្តអនុវត្តការ​រឹតត្បិត​ទិដ្ឋាការ​ដើម្បី​ធ្វើ​ឱ្យ​ច្បាស់លាស់​ថា ក្រុម​ជន​ទទួល​ខុស​ត្រូវដល់​សកម្មភាពដែលល្មើស​នឹងសណ្តាប់ធ្នាប់​អន្តរជាតិផ្អែកលើ​បទបញ្ញត្តិមិន​បានត្រូវស្វាគមន៍នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក»។

ស.រ.អ. អំពាវ​នាវ​ដល់សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ឱ្យ​បញ្ឈប់កលល្បិចបង្ខិត​បង្ខំនិង​បំភិត​បំភ័យដើម្បី​បង្ក្រាប​សេរីភាព​ខាងការ​បញ្ចេញ​មតិ៕

XS
SM
MD
LG