Accessibility links

Breaking News

បទវិចារណកថា៖ ខួប​នៃ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​លើ​តំបន់ Ghouta នៃ​ប្រទេស​ស៊ីរី


រូបឯកសារ៖ កុមារស៊ីរីម្នាក់កំពុងផ្តល់ខ្យល់អ៊ុកស៊ីហ្សែនដល់ទារកម្នាក់នៅមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីហេតុការណ៍វាយប្រហារដោយអាវុធគីមីបានកើតឡើងនៅតំបន់ Ghouta ប្រទេសស៊ីរី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ កុមារស៊ីរីម្នាក់កំពុងផ្តល់ខ្យល់អ៊ុកស៊ីហ្សែនដល់ទារកម្នាក់នៅមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីហេតុការណ៍វាយប្រហារដោយអាវុធគីមីបានកើតឡើងនៅតំបន់ Ghouta ប្រទេសស៊ីរី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ខែ​សីហា​កន្លង​ទៅ​នេះ​គឺជា​ខួប​លើក​ទី ៧ នៃ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដ៏​សាហាវ​លើ​តំបន់ Ghouta (ហ្គូតា) នៃ​ប្រទេស​ស៊ីរី។ នៅ​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ ២០១៣ នៅ​ជាយ​ក្រុង​ដាម៉ាស របប​របស់​លោក Bashar al-Assad បាន​បាញ់​ឧស្ម័ន​គីមី​ដែល​គេ​ហៅ​ថា sarin ទៅ​លើ​ពលរដ្ឋ​ស៊ីរី​ជាង ១.៤០០ នាក់ ដែល​ក្នុង​ចំណោម​នោះ ភាគច្រើន​គឺ​ជា​កុមារ។

ដើម្បី​ជា​ការ​ចងចាំ​ដល់​ជន​រងគ្រោះ​នៃ​អំពើ​ដ៏​សាហាវ​ឃោរឃៅ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ចំនួន ៦ លើ​ក្រុម​យោធា​របស់​របប​លោក Assad ក៏​ដូចជា​លើ​រដ្ឋាភិបាល និង​អ្នក​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​លោក Bashar al-Assad ផង​ដែរ។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ជន​ដៃដល់​របស់​លោក Bashar al-Assad ឈ្មោះ Yasser Ibrahim ក្រោម​បទបញ្ជា​នីតិប្រតិបត្តិ​លេខ ១៣៨៩៤ សម្រាប់​ការ​ប្រឹងប្រែង​របស់​ជន​នេះ​នៅ​ក្នុង​ការ​រារាំង​ដំណោះស្រាយ​នយោបាយ​ចំពោះ​ជម្លោះ​នៅ​ស៊ីរី។

ដោយ​ប្រើ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​និង​ក្រៅ​តំបន់​នេះ Yasser Ibrahim បាន​ធ្វើ​កិច្ចព្រមព្រៀង​ដោយ​ពុករលួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាពរីកចម្រើន​ដល់ លោក Bashar al-Assad គ្រា​ដែល​ប្រជាជន​ស៊ីរី​កំពុង​ស្លាប់​ដោយសារ​កង្វះ​អាហារ និង​ថ្នាំពេទ្យ។

សហរដ្ឋ​អាមេរិក​ក៏​បាន​កំណត់​ដាក់​ទណ្ឌកម្ម​ដោយ​អនុលោម​តាម​បទបញ្ជា​នីតិប្រតិបត្តិ​លេខ ១៣៨៩៤ ផង​ដែរ ទៅ​លើ​ថ្នាក់ដឹកនាំ​អង្គភាព​យោធា​ស៊ីរី​មួយ​ចំនួន ទាក់ទិន​នឹង​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​នៅ​ក្នុង​ការ​រារាំង​មិន​ឲ្យ​មាន​បទឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ស៊ីរី។

នៅ​ក្នុង​កងកម្លាំង​ការពារ​ជាតិ​ស៊ីរី សហរដ្ឋ​អាមេរិក​បាន​កំណត់​ដាក់​ទណ្ឌកម្ម​លើ​លោក​មេបញ្ជាការ Fadi Saqr។ រីឯ​នៅក្នុង​កងពល​ធំ​ទី ៤ វិញ លោក​ឧត្តមសេនីយ៍ត្រី Ghaith Dalah ដែល​ជា​មេបញ្ជាការ​កងពលតូច​លេខ ៤២ នោះ ក៏​ត្រូវ​បាន​កំណត់​ដាក់​ទណ្ឌកម្ម​ផងដែរ។ ចុងក្រោយ​បំផុត នៅក្នុង​កងកម្លាំងTiger Forces សហរដ្ឋ​អាមេរិក​បាន​កំណត់​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មេបញ្ជាការ​កងវរសេនា​ធំ Haider លោក Samer Ismail។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​ថា៖ «មន្ត្រី​ជាន់​ខ្ពស់​ទាំងនេះ​បាន​ដឹកនាំ​ក្រុម​យោធា​ស៊ីរី ដែល​ធ្លាប់​បាន​សម្លាប់​កុមារ​ដោយ​ការទម្លាក់​គ្រាប់បែក និង​ធ្លាប់​បាន​ប្រើ​អាវុធ​គីមី​វាយ​ប្រហារ​លើ​សហគមន៍​នានា​ដូចជា​នៅ​តំបន់ Ghouta ជាដើម។ មន្ត្រី​ជាន់ខ្ពស់​ទាំងនេះ បាន​ផ្តាច់​ទំនាក់ទំនង​ក្នុង​សង្គម​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ ហើយ​ក្រុម​យោធា​បាន​ស្បថ​សច្ចា​ថា​នឹង​ការពារ​ពួកគេ»។

ចាប់តាំងពី​ខែ​មិថុនា ឆ្នាំ ២០២០ មក សហរដ្ឋ​អាមេរិក​បាន​កំណត់​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ជាង ៥៥ នាក់ ដែល​បាន​អនុវត្ត​គោល​នយោបាយ​សាហាវ​ឃោរឃៅ​របស់​លោក Assad។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «ទណ្ឌកម្ម​ថ្មីៗ​ទាំងនេះ​ត្រូវបាន​ដាក់​ដើម្បី​ជា​ការ​ចងចាំ​ដល់​ជន​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​របស់​លោក Assad ទៅ​លើ​តំបន់ Ghouta កាលពី ៧ ឆ្នាំ​មុន។ យើង​នឹង​បន្ត​ជំរុញ​រហូត​ទាល់តែ​មាន​ការ​ទទួល​ខុសត្រូវ និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នៅ​ស៊ីរី»៕

XS
SM
MD
LG