Accessibility links

Breaking News

បទ​វិចារណកថា៖ ខួប ៨០ ឆ្នាំ របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)


ប្រវត្តិ​សាស្ត្រ​វីអូអេ
ប្រវត្តិ​សាស្ត្រ​វីអូអេ

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) បាន​ប្រារព្ធ​ខួប​ទី ៨០ នៃ​ការ​ផ្សាយ​ដំបូង​របស់​ខ្លួន។

នៅ​ក្នុង​អំឡុង​ពេល​អន្ធការ​ដំបូងៗ​នៃ​សម័យ​សង្គ្រាម​លោក​លើក​ទី ២ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​ថា វា​ជា​ការ​ចាំបាច់​នៅក្នុង​ការ​ប្រឆាំង​តបត​ទៅនឹង​ការ​ឃោសនា​របស់​ក្រុម​ណាហ្ស៊ី (Nazi) អាល្លឺម៉ង់ តាម​រយៈ​ការ​បង្កើត​បណ្តាញ​ផ្សាយ​របស់​ខ្លួន​ផ្ទាល់​មួយ ដែល​នឹង​ផ្តល់​ព័ត៌មាន​ពិត​និង​មិន​លម្អៀង។ ហេតុ​នេះ​ហើយ​ទើប​វីអូអេ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ១៩៤២ និង​បាន​ធ្វើ​ការ​ផ្សាយ​កម្មវិធី​ដំបូង​របស់​ខ្លួន​រយៈពេល ១៥ នាទី ជា​ភាសា​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ នៅ​ឆ្នាំ​ដដែល​នោះ។

«[ជា​ភាសា​អាល្លឺម៉ង់] Hier spricht die Stimme Amerika. Heute, und taeglich von Heute an... នេះ​ជា​សំឡេង​ផ្សាយ​ពី​សហរដ្ឋ​អាមេរិក។ ជា​រៀងរាល់​ថ្ងៃ​នៅ​វេលា​នេះ យើង​នឹង​ផ្សាយ​ឱ្យ​អ្នក​ដឹង​អំពី​សហរដ្ឋ​អាមេរិក​និង​សង្គ្រាម​នេះ។ ព័ត៌មាន​អាច​ល្អ​ឬ​មិន​ល្អ។ [ប៉ុន្តែ] យើង​នឹង​ប្រាប់​អ្នក​អំពី​ការពិត»។

តាំង​ពី​ដំបូង​ម្ល៉េះ វីអូអេ​មាន​គោល​បំណង​ផ្សាយ​ព័ត៌មាន​អំពី​ស្ថានភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ជា​ការ​ពិត តាម​ច្បាប់ វីអូអេ​ត្រូវតែ​ផ្សាយ​នូវ​ព័ត៌មាន​ដែល​សុក្រឹត មិន​លម្អៀង និង​គ្រប់​ជ្រុងជ្រោយ ផ្សាយ​អំពី​ការ​ព្យាករណ៍​ដែល​មាន​តុល្យភាព​និង​គ្រប់​ជ្រុងជ្រោយ​នៃ​ទស្សនៈ​និង​ស្ថាប័ន​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក និង​ផ្សាយ​អំពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមរិក។

កាល​ពី​ខួប​ទី ២០ របស់​វីអូអេ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក John Kennedy បាន​ថ្លែង​ថា វា​គឺជា​ភារកិច្ច​របស់​វីអូអេ «នៅ​ក្នុង​ការ​ផ្សាយ​អំពី​រឿងរ៉ាវ [របស់​សហរដ្ឋ​អាមេរិក] ទៅកាន់​ពិភពលោក»។

លោក Kennedy ថ្លែង​ដូច្នេះ​ថា៖ «នេះ​ជា​កិច្ចការ​ដ៏​លំបាក​និង​រសើប​មួយ។ ម្ខាង​គឺ​អ្នក​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គឺ​ផ្នែក​មួយ​នៃ​ប្រទេស​ជាតិ ហើយ​ភារកិច្ច​របស់​អ្នក​គឺ​ត្រូវ​ផ្សាយ​អំពី​រឿងរ៉ាវ​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ពិភពលោក​ក្នុង​របៀប​មួយ​ដែល​នឹង​បង្ហាញ​ឱ្យ​ឃើញ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សហរដ្ឋ​អាមេរិក​ក្នុង​ផ្លូវ​ល្អ​បំផុត។ ម្ខាង​ទៀត ក្នុង​បុព្វហេតុ​នៃ​សេរីភាព​និង​ជា​ផ្នែក​មួយ​នៃ​សេរីភាព អ្នក​មាន​កាតព្វកិច្ច​នៅក្នុង​ការ​ផ្សាយ​រឿងរ៉ាវ​ពិត​ប្រាកដ​របស់​សហរដ្ឋ​អាមេរិក គឺ​ផ្សាយ​រឿងរ៉ាវ​ដូច​លោក Oliver Cromwell ធ្លាប់​បាន​និយាយ​អំពី​គំនូរ​របស់​លោក​ដូច្នេះ​ដែរ ដែល​នោះ​គឺ​ថា៖ «ចូរ​គូរ​គំនូរ​ដោយ​មាន​សព្វ​មាន​គ្រប់​ទាំងអស់​រួម​ទាំង​ស្នាម​ជាំ​និង​ឫស​ស្បែក​ផងដែរ គឺ​អ្វីៗ​ទាំងអស់​ដែល​មាន​បើ​ទោះបីជា​មើល​ទៅ​ប្រហែលជា​មិន​គួរ​ឱ្យ​ទាក់​ភ្នែក​ភ្លាមៗ​ក៏ដោយ»។

ដូច្នេះ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ឮ​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​សតវត្ស​កន្លង​ទៅ​តាម​រយៈ​ការ​ផ្សាយ​របស់​វីអូអេ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មនុស្ស​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ចំនួន ៦១៥ លាន​នាក់​ផងដែរ ដែល​បាន​ស្តាប់​ការ​ផ្សាយ​របស់​វីអូអេ​អំពី​ការ​ចុះ​ចត​របស់​សហរដ្ឋ​អាមេរិក​លើ​ភព​ព្រះចន្ទ​កាលពី​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ១៩៦៩។

សំឡេង​ផ្សាយ៖ «ទី​នេះ​គឺ​មូលដ្ឋាន Tranquility។ យាន Eagle បាន​ចុះ​ចត​ហើយ»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បង្ហោះ​សារ​នៅលើ Twitter ថា៖ «ក្នុង​អំឡុង​ពេល​ផ្សាយ​ដំបូង​របស់​ខ្លួន វីអូអេ​បាន​ប្រាប់​អ្នក​ស្តាប់​ថា «ព័ត៌មាន​អាច​ល្អ​ឬ​មិន​ល្អ។ [ប៉ុន្តែ] យើង​នឹង​ប្រាប់​អ្នក​អំពី​ការ​ពិត»។ ចាប់​តាំង​ពី​ថ្ងៃ​ផ្សាយ​នោះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ វីអូអេ​បាន​ជូនដំណឹង លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ចូលរួម និង​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ទៅវិញ​ទៅមក​នៅ​ទូទាំង​ពិភពលោក ដើម្បី​គាំទ្រ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ»៕

XS
SM
MD
LG