តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជិត៨ទសវត្សរ៍ហើយ អង្គការសហប្រជាជាតិបានដើរតួជាវេទិកាសាកលដើម្បីលើកស្ទួយសន្តិភាពនិងសន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសិទ្ធិមនុស្ស។
នៅខែនេះ អង្គការសហប្រជាជាតិនឹងធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងអំឡុងនៃសម័យប្រជុំនៅឆ្នាំនេះ សហរដ្ឋអាមេរិកនឹងផ្តោតលើអាទិភាពនៃគោលនយោបាយធំទូលាយចំនួន៣។
ទី១គឺធ្វើការជាមួយគ្នាដើម្បីដោះស្រាយជម្លោះនិងវិបត្តិនៅកន្លែងនានាដូចជាអ៊ុយក្រែន ហ្កាហ្សា ស៊ូដង់ ហៃទី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងភូមា ជាទីកន្លែងដែលមនុស្សរាប់រយលាននាក់ប្រឈមគ្រោះថ្នាក់និងអនាគតមិនប្រាកដប្រជា។ សហរដ្ឋអាមេរិកបានតាំងចិត្តធ្វើការជាមួយដៃគូនានានិងអង្គការសហប្រជាជាតិដើម្បីលើកស្ទួយស្ថិរភាពនៅក្នុងការស្វែងរកពិភពលោកសេរី បើកចំហ ប្រកបដោយសន្តិសុខ និងវិបុលភាពមួយ។
គោលដៅមួយទៀតរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺត្រូវធ្វើឱ្យមានភាពក្លៀវក្លាឡើងវិញនូវប្រព័ន្ធជួយឧបត្ថម្ភមនុស្សធម៌។ សហរដ្ឋអាមេរិកនៅតែជាម្ចាស់ជំនួយមនុស្សធម៌មួយដ៏ធំបង្អស់តាមរយៈអង្គការសហប្រជាជាតិ។ នៅពេលជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកបានតាំងចិត្តធ្វើការឆ្ពោះទៅកាន់ប្រព័ន្ធសាកលមួយដែលធ្វើឱ្យមានឧបករណ៍និងធនធានកាន់តែច្រើនឡើងនិងផ្តល់អាទិភាពនៃកិច្ចសហប្រតិបត្តិការនិងការចែករំលែកនូវបន្ទុក។
សហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថា អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខ ត្រូវតែរួមបញ្ចូលភាគីទាំងអស់ដើម្បីអាចឱ្យទុកចិត្តបាន ត្រឹមត្រូវតាមច្បាប់និងមានប្រសិទ្ធភាព។ នេះហើយបានជាលោកប្រធានាធិបតី Joe Biden បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការពង្រីកក្រុមប្រឹក្សាសន្តិសុខក្នុងអំឡុងនៃការជជែកដេញដោលរបស់មហាសន្និបាតកាលពីឆ្នាំទៅ នៅពេលដែលលោកប្រធានាធិបតីបានអំពាវនាវឱ្យមាន«សំឡេងនិងទស្សនៈកាន់តែច្រើនឡើងនៅឯតុចរចា»។
សហរដ្ឋអាមេរិកនៅតែតាំងចិត្តពន្លឿនការរីកចម្រើនលើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងធ្វើឱ្យលូតលាស់ឡើងវិញនៃប្រព័ន្ធពហុភាគី ដើម្បីតម្រង់ទិសវាឱ្យស្ថិតក្នុងជំហរប្រសើរមួយដើម្បីដោះស្រាយលើបញ្ហានានាដែលប៉ះពាល់ភាគច្រើនដល់ជីវិតនិងជីវភាពរបស់ប្រជាជននានា។ សហរដ្ឋអាមេរិកទន្ទឹងរង់ចាំចំពោះសន្និសីទកំពូលនៃថ្ងៃអនាគត (Summit of the Future)ក្នុងអំឡុងពេលដែលសមាជិកភាពរបស់អង្គការសហប្រជាជាតិនឹងបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់ខ្លួនដើម្បីបង្កើនការជឿនលឿនលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការទទួលស្គាល់តម្រូវការសម្រាប់កំណែទម្រង់ សហរដ្ឋអាមេរិកកំពុងជំរុញអង្គការសហប្រជាជាតិនិងរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិឱ្យបន្តរបៀបវារៈទំនើបកម្ម ដើម្បីសម្រួលដល់បញ្ហាប្រឈមដែលកំពុងវិវត្ត។ ការណ៍នេះរួមមានទាំងធ្វើទំនើបកម្មក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវតែជាចំណុចស្នូលនៃការដោះស្រាយការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ ការណ៍នេះក៏រួមបញ្ចូលទាំងការវិវត្តិនៃប្រព័ន្ធធនាគារអភិវឌ្ឍន៍ពហុភាគីដើម្បីធ្វើឱ្យប្រសើរឡើងនូវការដោះស្រាយភាពក្រីក្រនិងលើកស្ទួយវិបុលភាព។
សហរដ្ឋអាមេរិក នឹងបន្តគាំទ្រអង្គការសហប្រជាជាតិជាវេទិកាសាកលដើម្បីផ្សព្វផ្សាយសន្តិភាពនិងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសិទ្ធិមនុស្ស៕