Accessibility links

Breaking News

បទវិចារណកថា៖ គំនិត​ផ្ដួចផ្ដើម​សមុទ្រ​បី មាន​គោលដៅ​គាំទ្រ​ដល់​ការវិនិយោគ​ថ្មីៗ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ


គំនិត​ផ្ដួចផ្ដើម​សមុទ្រ​បី មាន​គោលដៅ​គាំទ្រ​ដល់​ការវិនិយោគ​ថ្មីៗ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ។ (រូបថតដោយ 3seas.eu)
គំនិត​ផ្ដួចផ្ដើម​សមុទ្រ​បី មាន​គោលដៅ​គាំទ្រ​ដល់​ការវិនិយោគ​ថ្មីៗ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ។ (រូបថតដោយ 3seas.eu)

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

គំនិត​ផ្ដួចផ្ដើម​សមុទ្រ​បី (​Three Seas Initiative) មាន​រួម​បញ្ចូលប្រទេស​ប្រជាធិបតេយ្យ​ចំនួន​ ១២ រដ្ឋសមាជិកសហភាព​អឺរ៉ុបដែល​ឋិត​នៅចន្លោះសមុទ្រ Baltic សមុទ្រ​ខ្មៅ ​និងសមុទ្រ​ Adriatic។ គំនិត​ផ្ដួចផ្ដើម​នេះ មាន​គោលដៅ​ឧបត្ថម្ភ​ផ្ចុងផ្តើមដល់​ការ​វិនិយោគ​ថ្មីៗ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ដល់ការ​ភា្ជប់​ទំនាក់ទំនង​គ្នារវាង​ប្រទេស​នៅ​ប៉ែក​ខាង​ជើងនិង​ប្រទេស​នៅ​ប៉ែក​ខាង​ត្បូង ការ​លូតលាស់​សេដ្ឋកិច្ច​ និង​សន្តិសុខថាមពល សម្រាប់​ប្រឆាំង​នឹង​ឥទ្ធិពល​អាក្រក់​របស់​របប​គ្រប់គ្រងផ្តាច់ការ ដូច​ជា​ប្រទេស​រុស្ស៊ី និងប្រទេស​ចិន​ជា​ដើម។

កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បានថ្លែង​សុន្ទរកថាទៅ​កាន់​សន្និសីទ​កំពូល​សមុទ្រ​បី​ដោយ​លោក​បាន​សុំដល់រដ្ឋជា​សមាជិក​ឱ្យ​ក្តាប់​យក«ឱកាសនៅ​ចំពោះ​មុខ​យើងដើម្បី​កែ​លម្អ​ជីវភាព​ប្រជារាស្ត្រ​យើង»។

លោក Pompeo បាននិយាយ​ថា៖ «យើង​មាន​ឱកាសមួយ​ដើម្បី​ចាប់ផ្តើម​ធ្វើ​ឱ្យ​មានការ​លូតលាស់ ​និង​ទាក់ទាញ​ការ​បណ្តាក់ទុនក្នុង​វិស័យ​ឯកជននៅ​ពេល​នេះ ខណៈ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិត​ជីវភាព​ប្រជារាស្ត្រសម្រាប់​រយៈពេល​យូរ។ យើងក៏​មាន​ឱកាស​មួយដើម្បី​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ ​និង​ផ្សារ​ថាមពលជា​មួយ​គ្នាក្នុង​វិធីដែល​នឹងបង្កើត​ឱ្យ​មានសន្តិសុខសេដ្ឋកិច្ចសម្រាប់ជំនាន់​មនុស្សក្រោយៗទៀត​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី Pompeo ​បាន​មានប្រសាសន៍​ថា ​គំនិត​ផ្ដួចផ្ដើម​សមុទ្រ​បី​ដែល​មានប្រាក់​កាសគ្រប់គ្រាន់​ និង​ផ្ដោត​លើ​សកម្មភាព​ជាក់​ស្ដែង ​នឹង​ជួយ​ឱ្យ​សម្រេចគោលដៅ​រួម​គ្នាទាំង​នេះ។ ក៏​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា៖ «​ពួក​អ្នក​កាន់​អំណាច​ផ្តាច់ការ​នៅ​ក្រុងមូស្គូនិងក្រុង​ប៉េកាំង​កំពុង​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យមាន​ឥទ្ធិពលខាង​យុទ្ធសាស្ត្រ និង​ខាង​នយោបាយលើ​ពួក​ប្រជារាស្ត្រ​សេរី។ យើង​បាន​ឃើញ​រឿង​នេះ​កើតឡើង​លើ​ Nord Stream 2។ យើងបាន​ឃើញផលប៉ះពាល់នៃកិច្ច​ព្រមព្រៀងខាង​ហេដ្ឋារចនាសម្ព័ន្ធរបស់​ចិន​នៅ​ជុំវិញ​ពិភពលោក ចាប់​តាំង​ពី​ប្រទេស​លាវដល់​ប្រទេស Montenegro និង​ប្រទេស​ប៉ាគីស្ថាន។

សហរដ្ឋអាមេរិក​ មិន​ចង់​ឃើញ​ពួកមហា​អំណាច​ផ្តាច់ការធ្វើ​ឱ្យ​ខូច​ថែម​ទៀត​ដល់​អធិបតេយ្យភាព ឬ​សេរីភាព​នៃ​ប្រទេស​ជាតិ​សេរី​ទេ។ ជា​ការ​ពិត សហរដ្ឋអាមេរិក​បាន​បង្ហាញ​ការប្តេជ្ញា​នេះ ដោយប្រកាស​ថា ខ្លួន​នឹងវិនិយោគរហូត​ដល់​ ១ ពាន់​លាន​ដុល្លារនៅ​ក្នុង​គម្រោងការ​ហេដ្ឋារចនាសម្ព័ន្ធសមុទ្រ​បី។

លោក​រដ្ឋមន្ត្រី​ Pompeo បាន​សុំ​ដល់​រដ្ឋ​ជា​សមាជិកនៃ​គំនិត​ផ្ដួចផ្ដើម​សមុទ្រ​បី ដែល​មិន​ទាន់​បាន​បណ្តាក់ទុននៅ​ក្នុង​មូលនិធិ​នេះ​ឱ្យ​ធ្វើ​វិនិយោគ​នៅ​ពេល​នេះ និង​ដល់​រដ្ឋ​ជា​សមាជិក​ឯ​ទៀតៗឱ្យ​ធ្វើ​វិនិយោគ​បន្ថែម​ទៀត។

ជំហាន​បន្ទាប់ គឺបង្កើន​វិស័យ​ឯកជន។ លោក​រដ្ឋមន្ត្រី​ Pompeo បាន​មានប្រសាសន៍​ថាដើម្បីធ្វើ​ដូច្នេះ​បាន ត្រូវ​តែ​មាន​ស្ថានភាព​មួយដែល​ប្រទេស​ជា​សមាជិកមាន​ឱកាស​ស្មើៗ​គ្នា និង​ប្រកប​ដោយ​យុត្តិធម៌​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ជោគជ័យ។ លោក​បាន​និយាយ​ថា៖ «ជាការ​មាន​សារៈសំខាន់​ណាស់ ​ដែល​គោល​នយោបាយ​ជាតិត្រូវ​មាន​ការ​ទាក់ទាញ​ មិនត្រូវ​អនុគ្រោះ​ដល់សហគ្រាសរដ្ឋ​ ឬ​ដាក់នយោបាយឱ្យ​រារាំង​វិនិយោគ​របស់​ពួក​គេ​ទេ»។

កង្វល់​មួយ​ទៀត​ គឺ​សន្តិសុខ។ លោក​រដ្ឋមន្ត្រី Pompeo បានព្រមាន​ថា៖ «គណបក្សកុម្មុយនីស្តចិន​កំពុងរង់​ចាំលួចទិន្នន័យ​របស់​លោក​អ្នក»។ ក្រុមហ៊ុន​ផ្គត់ផ្គង់

សម្ភារៈ​ដែល​មិន​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​ មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួមក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍ ថាមពល និង​ដឹក​ជញ្ជូន​ទេ។

លោក​រដ្ឋមន្ត្រី​ Pompeo បាន​ថ្លែង​ថា ការ​ធ្វើ​សកម្មភាព​ទៅ​តាម​ការ​សន្យា​មាន​សារៈសំខាន់​ណាស់។ លោក​បាន​មានប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ដល់​លោក​អ្នក​ឱ្យ​ចាត់​វិធានការ​ដំបូងលើ​គម្រោងការ​ឆ្លង​កាត់ប្រទេស​ពីគំនិត​ដំបូង​ទៅកាន់​ដំណាក់កាល​ចាប់ផ្តើម​ធ្វើ​គម្រោង​ការ​ឱ្យ​បាន​ឆាប់​រហ័ស»។

​លោក​រដ្ឋមន្ត្រី​ Pompeo បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​លោក​អ្នក​ជំរុញ​ទៅមុខ​ លោកអ្នក​នឹង​ដឹង​ថា លោកអ្នក​មិនមែន​នៅ​តែ​ឯកឯង​ទេ។ យើង​ឈរជា​មួយ​មិត្តអឺរ៉ុប​របស់​យើងនៅ​លើ​ចំណង​ទាក់​ទង​គ្នាដែល​មាន​អនុភាពនៃ​សេរីភាព និងប្រជាធិបតេយ្យ​ដែល​ជា​គ្រឹះ​នៃ​មិត្តភាព​នៅ​ពេល​នេះ និង​សម្រាប់​រយៈពេល​យូរតទៅ​ទៀត»៕

XS
SM
MD
LG