Accessibility links

Breaking News

បទវិចារណកថា៖ ចំណាត់ការ​នាំ​ឱ្យ​អំពល់​ក្នុង​ប្រទេស​ស៊ីមបាវ៉េ


សមាជិកនៃ​ចលនា​សម្ព័ន្ធភាព​ការផ្លាស់ប្តូរ​បែប​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​សម្ព័ន្ធភាព MDC និង​លោក Nelson Chamisa ក្នុង​ខួបយុទ្ធនាការ​សង្គ្រោះ​ស៊ីមបាវ៉េ។
សមាជិកនៃ​ចលនា​សម្ព័ន្ធភាព​ការផ្លាស់ប្តូរ​បែប​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​សម្ព័ន្ធភាព MDC និង​លោក Nelson Chamisa ក្នុង​ខួបយុទ្ធនាការ​សង្គ្រោះ​ស៊ីមបាវ៉េ។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ កំពុងឃ្លាំមើលយ៉ាង​ដិតដល់ទៅ​លើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ ស៊ីមបាវ៉េក្រោយពី​អ្វីដែល​លោក​ Ned Price អ្នកនាំពាក្យ​ក្រសូង​ការ​បរទេស​អាមេរិក​ហៅ​ថា ជា​«ចំណាត់ការ​នាំ​ឱ្យ​អំពល់ទុក្ខ»។

កាល​ពី​ថ្ងៃទី១៧​ ខែ​មីនា លោក​ Tendai Biti អនុប្រធាននៃ​ចលនាសម្ព័ន្ធភាពការ​ផ្លាស់ប្តូរ​បែប​ប្រជាធិបតេយ្យហៅ​កាត់​ថា​សម្ព័ន្ធភាព MDC ​និងសមាជិក​ឯទៀតៗ​នៃសម្ព័ន្ធភាព MDC ​បាន​ត្រូវដកអាសនៈជាប់​ឆ្នោត​របស់​ពួក​គេ​នៅ​ក្នុងសភា​នៃ​ប្រទេសស៊ីមបាវ៉េ។

ការណ៍​នេះមាន​ន័យ​ថា​ ចាប់តាំង​ពី​ខែមីនា​ ឆ្នាំ២០២០មក កលល្បិចសភា​គាំទ្រ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេសស៊ីមបាវ៉េ បានបណ្តាល​ឱ្យ​មានការដក​តំណែងរបស់សមាជិក​សភា៣៩​នាក់​នៃសម្ព័ន្ធភាព MDC និងពួក​មន្ត្រី​ជាប់ឆ្នោត​ក្នុង​មូលដ្ឋាន៨១នាក់។ លោក Price ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាននិយាយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «សកម្មភាពទាំង​នេះធ្វើ​វិទ្ធង្សនាប្រឆាំង​នឹងឆន្ទៈក្រុម​អ្នក​បោះឆ្នោត ធ្វើឱ្យ​អន្តរាយ​ថែម​ទៀត​ដល់​លទ្ធិប្រជាធិបតេយ្យ​និងបដិសេធក្រុម​អ្នក​តំណាងដែល​ប្រជារាស្ត្រ​ស៊ីមបាវ៉េ​រាប់​លាន​នាក់​បាន​ជ្រើសរើស»។

កាល​ពី​ថ្ងៃទី៣​ ខែ​មីនា​ លោកប្រធានាធិបតី Joe Biden បាន​ដាក់ទណ្ឌកម្មជាថ្មី ​មួយ​ឆ្នាំ​ទៀត​លើសមាជិក​ខ្លះនៃរដ្ឋាភិបាលស៊ីមបាវ៉េ និង​ពួក​ជនឯ​ទៀតៗដែល «ធ្វើឱ្យ​អន្តរាយ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ ឬ​ស្ថាប័ន​ប្រជាធិបតេយ្យ»។ នៅ​ក្នុងសេចក្តី​ប្រកាស​មួយជូន​សភាអាមេរិក ដើម្បីដាក់​ទណ្ឌកម្ម​ជា​ថ្មី​ដែល​មានធ្វើដំបូង​កាល​ពី​ឆ្នាំ២០០៣ ដោយ​បទបញ្ជា​អង្គនីតិ​ប្រតិបត្តិ​លេខ១៣២៨៨ លោក​ប្រធានាធិបតី Biden បាន​សរសេរថា ​សកម្មភាពនិង​គោលនយោបាយ​របស់ពួក​ជន​ដែលត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ទាំង​នេះ «បានរួម​ចំណែកដល់ការធ្វើឱ្យ​បែកបាក់​នីតិរដ្ឋ​ក្នុងប្រទេស​ស៊ីមបាវ៉េ ធ្វើ​ឱ្យ​មានអំពើ​ហិង្សាខាងនយោបាយ និង​នាំ​ឱ្យ​មាន​ការ​បំភិតបំភ័យនៅ​ក្នុងប្រទេស​នោះ​ព្រម​ទាំង​បណ្តាល​ឱ្យ​មានអស្ថិរភាព​ខាងនយោបាយ​ និង​ខាង​សេដ្ឋកិ​ច្ចក្នុង​ផ្នែកខាង​ត្បូង​នៃទ្វីប​អាហ្វ្រិក​ ថែម​ទៀត​ផង»។

នៅ​ពេលការបណ្តេញពួក​សមាជិកនៃសម្ព័ន្ធភាព MDC មាន​ធ្វើ​ត​ទៅ​ទៀត លោក Price បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិកក៏កំពុង​ឃ្លាំ​មើល​«កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ស៊ីមបាវ៉េ ក្នុង​ការរំលាយ​សម្ព័ន្ធភាព MDC តាម​រយៈការ​ចាប់ខ្លួន និង​ការឃុំឃាំងពួក​មេដឹកនាំ​នៃ​សម្ព័ន្ធភាពនេះ​ និង​ការ​បង្វែរទ្រព្យ​ធនរបស់​សម្ព័ន្ធភាពនេះផង​ដែរ»។ លោក​បាន​សរសេរ​ថា​ បន្ថែម​លើ​នេះ​ទៀត​អាមេរិក​កត់​សម្គាល់​ថា ​«ការពង្រឹងបទបញ្ញត្តិជ្រើសរើសដោយ​រដ្ឋាភិបាលប្រឆាំង​នឹងជំងឺ​កូវីដ១៩ដោយពន្យា​ពេលការបោះឆ្នោត​រហូត​ និង​ហាមប្រាម​មិន​ឱ្យ​មានការ​ប្រមូល​ផ្តុំ​ដោយ​សម្ព័ន្ធភាព MDC នៅ​ពេលអនុញ្ញាត​ឱ្យ​មានការ​បោះឆ្នោតផ្ទៃ​ក្នុងនិងការប្រមូល​ផ្តុំដោយ​សហភាព​ជាតិ​អាហ្វ្រិក ស៊ីមបាវ៉េ​រណសិរ្ស​ស្នេហាជាតិ​ គឺ​គណបក្ស ZANU-PF ដែល​ជា​គណបក្ស​គ្រប់គ្រងប្រទេស​និង​សម្ព័ន្ធមិត្ត​របស់ពួក​គេ»។

លោក Price បានថ្លែងទៀតថា «គណបក្ស ZANU-PF បានប្រើប្រាស់​ឥទ្ធិពល​រដ្ឋាភិបាល​ដើម្បី​បំបិទមាត់​ពួក​អ្នក​រិះគន់ ​បំផ្លាញ​ក្រុម​ប្រឆាំងនិងពង្រឹងអំណាចលើ​ពលរដ្ឋ​ស៊ីមបាវ៉េ។ យើង​អំពាវនាវ​ដល់រដ្ឋាភិបាល​ស៊ីមបាវ៉េ​ឱ្យ​ធ្វើ​តាម​កាតព្វកិច្ចរបស់​ខ្លួនក្នុងការគោរពសេរីភាព​នៃ​ការបញ្ចេញមតិនិង​ការ​រួម​ប្រជុំ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃប្រទេស​ស៊ីមបាវ៉េ​និង​ដល់ការប្តេជ្ញា​អន្តរជាតិ​របស់​ខ្លួន​ផង​ដែរ»៕

XS
SM
MD
LG