Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​​ជំងឺ AIDS ពិភពលោក​ ឆ្នាំ២០២០


ខ្សែបូ​ពណ៌ក្រហម​ដែល​ជា​ការរំឭក​ដល់​ទិវា​ជំងឺ​អេដស៍​ពិភពលោក ត្រូវបាន​ចងព្យួរ​នៅ​​ខាងមុខ​​សេតវិមាន ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន។

តទៅនេះ គឺជា​បទវិចារណកថាដែលឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ជា​ទិវា​ជំងឺ AIDS ពិភព​លោក​ ​ដែល​ជា​ពេលវេលា​មួយ​បង្កើន​ការដឹង​ឮ​អំពីការ​រាតត្បាត​ជា​សាកលនៃ​ជំងឺ​ AIDS និងសម្រាប់​កាន់​ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ ​ប្រធានបទ​នៅ​ឆ្នាំ​នេះ គឺ​«បញ្ចប់ការ​រាតត្បាត​ HIV/AIDS: ការតស៊ូ និងផលប៉ះពាល់​»។

ការផ្សព្វផ្សាយ​ក្នុង​ការ​ប្រារព្ធ​ទិវាពិភព​លោក​នៃ​ជំងឺ AIDS ប្រចាំ​ឆ្នាំ​រួម​ជា​មួយ​គោលដៅនៃការអភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អ.ស.ប.​កាល​ពី​ឆ្នាំ២០០០​ បាន​រួម​ចំណែកក្នុង​ការ​ធ្វើឱ្យ​ដឹង​ឮ​ជា​សាកល ​និង​សកម្មភាពជុំវិញសេចក្តី​ត្រូវ​បង្កើន​ការព្យាបាល​វីរុស​ HIV សម្រាប់​មនុស្ស​ដែល​ត្រូវការ។ កាល​ពី​ឆ្នាំ២០០៣ រដ្ឋបាលរបស់​លោក​ប្រធានាធិបតី George W. Bush បានបង្កើតផែនការ​គ្រា​មាន​អាសន្នរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រាប់​ការសម្រាលជំងឺ​ AIDS ហៅ​កាត់​ថា​ PEPFAR ដែល​ជាការ​ប្តេជ្ញាធំ​បំផុត​ដោយប្រទេស​ជាតិ​មួយ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​តែ​មួយក្នុង​ពិភពលោក​ ហើយ​ដែល​បានទទួល​ការគាំទ្រ​ពីគណបក្ស​នយោបាយ​ធំៗទាំង​ពីរ​ផង​ដែរ​តាំងពី​ពេល​នោះ​មក។

សព្វ​ថ្ងៃនេះ ​មាន​មនុស្ស​ប្រមាណ៣៨​លាន​នាក់ ​មានជំងឺ AIDS។ ក្នុងបណ្តា​ក្រុម​ជន​ទាំង​នេះ ជន​ពេញ​វ័យ​ចំនួន​៦៨ភាគ​រយ បានទទួលឱសថ​ antiretroviral ដែល​ជួយស្រោច​ស្រង់ជីវិត​ចាប់​តាំង​ពីខែ​មិថុនា ​ឆ្នាំ២០២០។ ទោះណា​តួលេខ​ទាំង​នេះ ហាក់​ដូច​ជាច្រើន​ក៏​ដោយ ​ក៏អង្គការ UNAIDS កត់​សម្គាល់​ថា ការ​ស្លាប់​ទាក់​ទិននឹង​ជំងឺ AIDS បានត្រូវ​កាត់​បន្ថយ៦០ភាគ​រយ​ ចាប់​តាំង​ពីជំងឺ​នេះ បាន​ឡើង​ដល់កម្រិត​ខ្ពស់​បំផុតក្នុង​ឆ្នាំ២០០៤ ហើយ​ការឆ្លង​ថ្មីៗ​ បានចុះថយ៤០ភាគ​រយ ចាប់​តាំង​ពី​ឆ្នាំ១៩៩៧។

ភាគ​ច្រើន​នៃជោគជ័យទាំង​នេះ អាច​ត្រូវ​សន្មត​ថា​មានឡើង​ដោយសារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ធ្វើការ​តាម​រយៈ​កម្មវិធី PEPFAR។ ក្នុង​ពេលជិត​១៨ឆ្នាំចាប់​តាំង​ពីការ​ចាប់​ផ្តើម​មក​ កម្មវិធី PEPFAR បានជួយ​សង្គ្រោះ​ជីវិត​មនុស្ស​២០​លាននាក់ និង​បាន​បង្ការមិន​ឱ្យ​មនុស្សរាប់​លាននាក់​ទៀតឆ្លង​វីរុស HIV។ កម្មវិធី PEPFAR បានជួយ​បង្កើតរបៀបរៀប​រយដោយ​គ្មានភាព​ច្របូក​ច្របល់នៅ​ក្នុង​ប្រទេសជាង​៥០ នៅពេលដែលកម្មវិធីនេះ​ បាន​ជួយ​ពួក​ប្រទេស​ដៃ​គូ​ក្នុង​ការគ្រប់គ្រង​ការ​រាតត្បាត​ HIV/AIDS។

រហូតមក​ដល់​ថ្ងៃទី៣០ ខែ​កញ្ញា​ ​ឆ្នាំ​នេះ កម្មវិធី PEPFAR បានគាំទ្រការ​ព្យាបាល​ដោយ​ប្រើ​ឱសថ​ antiretroviral ក្នុង​ការ​ស្រោច​ស្រង់ជីវិត​សម្រាប់មនុស្ស​ជិត ​១៧​លាន ២សែន​នាក់ បានជួយ​ទារក​២លាន ៨​សែន​នាក់​ មិនឱ្យ​មាន​វីរុស HIV ​ដែលបាន​កើត​ពី​ម្តាយមានផ្ទុក​វីរុសនេះ​; និងផ្តល់​ការ​ថែទាំ​ចាំ​បាច់​ និង​ការគាំទ្រ​ដល់​ក្រុម​កុមារកំព្រា​និងងាយ​រងគ្រោះ​៦លាន ៧សែន​នាក់ និងពួក​អ្នកថែទាំ​ពួក​គេ​ផង​ដែរ។

នៅ​ឆ្នាំ​នេះ​ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​បង្កើត​ឧបសគ្គ​ពិសេសដល់ការ​ឆ្លើយ​តប​ជា​សាកលប្រឆាំង​នឹង HIV/AIDS។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក៏បណ្តា​ប្រទេស​ដៃ​គូ​ អាចបង្កើន​សមត្ថភាព​កន្លែង​ពេទ្យ មន្ទីរពិសោធន៍និងចង្វាក់នៃ​ការ​ផ្គត់ផ្គង់គាំទ្រដោយ PEPFAR ​ដើម្បី​ពង្រឹងការឆ្លើយនឹង​ជំងឺ​កូវីដ​១៩ ក្នុង​មូល​ដ្ឋាន​ពួក​គេនិង​បង្ការកុំ​ឱ្យមានការថមថយនៅ​ក្នុងការឆ្លើយ​តប​នឹងជំងឺ HIV/AIDS។​

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា «ភាពជា​មេដឹកនាំ​នៃប្រទេស​អាមេរិក​ក្នុង​ការឆ្លើយ​តប​ជាសាកលទៅនឹងជំងឺ HIV/AIDS មាន​ភាព​ច្បាស់លាស់​និង​ខ្លាំង​ក្លា​ជានិច្ច តាម​រយៈផែនការ​គ្រា​មាន​អាសន្នរបស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​សម្រាប់​ការសម្រាលជំងឺ​ AIDS។​ កិច្ចខិតខំប្រឹង​ប្រែង​ទាំង​នេះ បាន​...កែ​ប្រែការ​រាតត្បាត​ជំងឺ​ HIV/AIDS ពីវិបត្តិ​ឱ្យ​ទៅ​ជា​ការគេប់គ្រង​បាន​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ទៀត៕

XS
SM
MD
LG