តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
នៅរៀងរាល់ថ្ងៃទី ១៩ ខែមិថុនា ពលរដ្ឋអាមេរិកាំងប្រារព្ធទិវាបញ្ចប់ទាសភាព (Juneteenth) ដែលជាថ្ងៃឈប់សម្រាកដ៏មានសារៈសំខាន់ជាពិសេសសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅសហរដ្ឋអាមេរិក។
ទិវាបញ្ចប់ទាសភាពនេះមិនមែនប្រារព្ធថ្ងៃដែលសេចក្ដីប្រកាសស្ដីពីការរួចផុតពីទាសភាព (Emancipation Proclamation) ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៨៦៣ ឬក៏ប្រារព្ធថ្ងៃអនុម័តលើវិសោធនកម្មលើកទី ១៣ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ១៨៦៥ ដែលលុបបំបាត់ទាសភាពនៅទូទាំងសហរដ្ឋអាមេរិកនោះទេ។
ផ្ទុយមកវិញ ទិវានេះប្រារព្ធថ្ងៃដែលទាសករចុងក្រោយបង្អស់ដែលរស់នៅដាច់ដោយឡែកឆ្ងាយពីគេនៅកោះ Galveston រដ្ឋ Texas បានទទួលដំណឹងថា ពួកគេនៅទីបំផុតមានសេរីភាពនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៨៦៥។
មួយឆ្នាំក្រោយមកនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៨៦៦ ទិវាបញ្ចប់ទាសភាពនេះត្រូវបានប្រារព្ធដំបូងនៅក្នុងរដ្ឋ Texas ហើយមិនយូរប៉ុន្មានការប្រារព្ធដ៏សប្បាយរីករាយនេះបានរីកសាយភាយនៅទូទាំងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក។
សព្វថ្ងៃនេះ ទិវាបញ្ចប់ទាសភាពត្រូវបានគេចាត់ទុកថា ជាថ្ងៃឈប់សម្រាកដ៏យូរបំផុតរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក។
ក្នុងរយៈពេល ១៥៦ ឆ្នាំក្រោយមកទៀតទើបសារៈសំខាន់នៃថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៨៦៥ នេះត្រូវបានគេទទួលស្គាល់ជាផ្លូវការ។ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ លោកប្រធានាធិបតី Joe Biden បានប្រកាសថា ទិវាបញ្ចប់ទាសភាពនេះគឺជាថ្ងៃឈប់សម្រាកជាតិដោយលោកបានចុះហត្ថលេខាលើច្បាប់ទិវាឯករាជ្យជាតិបញ្ចប់ទាសភាព (Juneteenth National Independence Day Act)។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ការធ្វើឱ្យទិវាបញ្ចប់ទាសភាពក្លាយជាថ្ងៃឈប់សម្រាកជាតិគឺមិនត្រឹមតែជាកាយវិការបែបនិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់អំពីការពិតសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការទទួលស្គាល់ប្រភពបាបកម្មដំបូងនៃទាសភាព»។
លោកប្រធានាធិបតី Biden បានបន្ថែមថា៖ «ដើម្បីស្វែងយល់អំពីសង្គ្រាមដែលមិនគួរប្រយុទ្ធទាល់តែសោះអំពីរឿងនេះ វាមិនមែនគ្រាន់តែអំពីរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតគឺវាអំពីប្រទេសជាតិនិងសេរីភាពផងដែរ។ ការរំឭកដល់សេចក្ដីប្រកាសស្ដីពីការរួចផុតពីទាសភាព (Emancipation Proclamation) គឺមិនគ្រាន់តែជាឯកសារមួយប៉ុណ្ណោះទេ។ វាមានន័យទាក់ទិននឹងសារៈសំខាន់នៃសេរីភាពដែលធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែសកម្មឡើង។ វាបានបង្ហាញថា គំនិតខ្លះមានឥទ្ធិពលខ្លាំងដែលមិនអាចបដិសេធបាន។ វាជាការរំឭកថា ការសន្យារបស់សហរដ្ឋអាមេរិកគឺថា មនុស្សទាំងអស់មានសិទ្ធិស្មើគ្នានៅក្នុងរូបភាពនៃព្រះជាម្ចាស់ ហើយយើងទាំងអស់គ្នាសក្ដិសមនឹងទទួលបានភាពស្មើគ្នានៅពេញមួយជីវិតរបស់យើង»។
ទិវាបញ្ចប់ទាសភាពនេះរំឭកដល់រាត្រីលំបាកដ៏យូរនៃទាសភាពនិងការស្ថិតក្រោមអំណាចជិះជាន់ និងក្ដីសង្ឃឹមនៃពេលព្រឹកដ៏ត្រចះត្រចង់ដែលនឹងមកដល់៕