តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នអាមេរិក
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក ប្រារព្ធខួបកំណើតទី២៤៥ របស់ខ្លួន។ នេះ ជាការរំឭកដល់ថ្ងៃនោះ នៅឆ្នាំ១៧៧៦ ដែលពួកអ្នកតំណាងដែនដីក្រោមអាណានិគមអង់គ្លេសចំនួន១៣ បានចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យដែលជាការបំបែកខ្លួនចេញពីចក្រភពអង់គ្លេស។
សេចក្តីសម្រេចផ្តាច់ចំណងទាក់ទងជាមួយរាជានិយមអង់គ្លេសដែលមានរយៈពេលច្រើនឆ្នាំហើយ គឺបណ្តាលមកពីបុព្វហេតុពីរហាក់ដូចជាមិនទាក់ទិនគ្នាទេ តែរុំព័ន្ធគ្នា។ បុព្វហេតុទីមួយ គឺការជំរុញក្នុងរយៈពេលយូរដោយរដ្ឋាភិបាលអង់គ្លេសក្នុងការដាក់កំហិតការត្រួតត្រាតឹងរ៉ឹងជាងមុនលើដែនដីអាណានិគមទាំងនោះ។ បុព្វហេតុទីពីរ គឺការយកពន្ធដារលើក្រុមនិគមជន ជាវិធីមួយដើម្បីសម្រាលបំណុលច្រើនរបស់រាជវង្សអង់គ្លេស។ បំណុលជាច្រើនក្នុងបណ្តាបំណុលទាំងនោះមានឡើងដោយសារសង្គ្រាមបារាំង និងក្រុមជនឥណ្ឌាម្ចាស់ស្រុក កាលពីឆ្នាំ១៧៥៤ ដែលជាការបន្តសង្គ្រាមច្រើនសតវត្សរ៍របស់អង់គ្លេសជាមួយបារាំង។
ដោយចាប់ផ្តើមពីឆ្នាំ១៧៦៤ សភាអង់គ្លេស បានចាប់ផ្តើមដាក់កំហិតពន្ធដារមានគោលដៅប្រមូលប្រាក់កាសពីក្រុមនិគមជនសម្រាប់រាជវង្សអង់គ្លេស។ ជាដំបូងមានការហូតពន្ធលើស្ករ ហើយបន្ទាប់មកក៏មានបញ្ជីវត្ថុត្រូវហូតពន្ធដោយមានរួមបញ្ចូលកាសែត កែវ ឯកសារច្បាប់ ថ្នាំលាប និងតែ។ ការដកពន្ធថ្មីៗ មួយលើកៗ បាននាំឱ្យមានបាតុកម្មមានការរៀបចំ។
នៅពេលពន្ធដារបានក្លាយជាការដាក់ទណ្ឌកម្មក៏មានបាតុកម្មហិង្សាហើយការតបតរបស់រដ្ឋាភិបាលក៏មានការរឹតត្បិតជាងមុនដែរ។ ស្ថានការណ៍មានភាពជូរចត់ជាពិសេសក្នុងក្រុង Boston។ វិបត្តិចុងក្រោយបានកើតមានឡើងកាលពីខែកុម្ភៈ ឆ្នាំ១៧៧៥ នៅពេលសភាអង់គ្លេសបិទកំពង់ផែ Boston។ អ្នកក្រុង Boston បានប្រុងប្រៀបធ្វើសង្គ្រាម។ ទោះជាសង្គ្រាមបដិវត្តន៍អាមេរិកាំង បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ក៏ដោយ ក៏ការប្រយុទ្ធទីមួយមានឡើងនៅខាងលិចក្រុង Boston កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៧៧៥។
នៅក្រោយបដិវត្តន៍ ពួកមេដឹកនាំស.រ.អ. បាននឹកឃើញការរំលោភនៃការគ្រប់គ្រងអង់គ្លេស។ ដោយមានឧត្តមគតិសេរីនិយមជាពុទ្ធិ ពួកគេបានត្រិះរិះពិចារណាអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលនិងក្រុមជនត្រូវគ្រប់គ្រង។ រដ្ឋាភិបាលដឹកនាំដោយវណ្ណៈគ្រប់គ្រងតពូជ ត្រូវបានជំនួសដោយគោលការណ៍នៃអ្នកដឹកនាំអំណាចនីតិប្រតិបត្តិនៅថ្នាក់ជាតិ និងរដ្ឋត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត។ ក្រុមពលរដ្ឋសាមញ្ញបំពេញមុខនាទីសំខាន់ជាងមុនក្នុងអភិបាលកិច្ចមូលដ្ឋាន និងរដ្ឋ ហើយនៅពេលមនុស្សច្រើនជាងមុនមានសិទ្ធិបោះឆ្នោត ការចូលរួមខាងនយោបាយក៏កើនច្រើនជាងមុនដែរ។ ក្នុងពេលមួយទសវត្សរ៍ គំនិតនេះ បានធ្វើឱ្យមានចលនាសកម្មទាមទារលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យនៅទូទាំងពិភពលោក។
លោក Thomas Jefferson ដែលនៅពេលក្រោយមកបានក្លាយជាប្រធានាធិបតីទីបីរបស់ស.រ.អ. បានសរសេរក្នុងសេចក្តីប្រកាសឯករាជ្យដើម្បីបញ្ជាក់ថា ការសម្រេចរបស់ដែនដីអាណានិគមអាមេរិកាំងក្នុងការបំបែកខ្លួនចេញពីអង់គ្លេស ជាការត្រឹមត្រូវមានសេចក្តីថា «នៅពេលការរំលោភនិងការដណ្តើមយកអំណាចដ៏យូរដើម្បីដាក់មនុស្សឱ្យឋិតនៅក្រោមអំណាចផ្តាច់ការ មនុស្សមានសិទ្ធិនិងកាតព្វកិច្ចក្នុងការទម្លាក់រដ្ឋាភិបាលបែបនេះ»៕