Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​ឆ្នាំ​២០២២


អ្នក​សារព័ត៌មាន​និង​គាំទ្រ​សេរីភាព​សារព័ត៌មាន​ស្លៀកសម្លៀកបំពាក់​ពណ៌ខ្មៅ ខណៈ​ពួក​គេ​​ធ្វើ​បាតុកម្ម​ដង្ហែ​ដោយ​ស្ងៀមស្ងាត់​នៅ​ទី​ក្រុង​ហុងកុង។ (រូប​ឯកសារ)
អ្នក​សារព័ត៌មាន​និង​គាំទ្រ​សេរីភាព​សារព័ត៌មាន​ស្លៀកសម្លៀកបំពាក់​ពណ៌ខ្មៅ ខណៈ​ពួក​គេ​​ធ្វើ​បាតុកម្ម​ដង្ហែ​ដោយ​ស្ងៀមស្ងាត់​នៅ​ទី​ក្រុង​ហុងកុង។ (រូប​ឯកសារ)

តទៅ​នេះ ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២២ ​កន្លង​ទៅ​នេះ ជាការ​ប្រារព្ធទិវាលទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ។​ នេះ​ជា​ឱកាស​មួយ​ ដើម្បី​បញ្ជាក់​ពី​ផលប្រយោជន៍នៃ​អភិបាលកិច្ចប្រជាធិបតេយ្យ​ដែល​មាន​លក្ខណៈ​រួម​បញ្ចូល​ និង​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​ប្រឈម​ផ្សេងៗដែល​លទ្ធិ​ប្រជាធិបតេយ្យជួប​ប្រទះ​នៅ​ជុំវិញ​ពិភពលោក។​ ​

ប្រធានបទ​នៃ​ការ​ប្រារព្ធ​ទិវាសម្រាប់​ឆ្នាំ​នេះ​ គឺ​ «សេរីភាព​សារព័ត៌មាន»។​ ជាមួយ​នឹង​ការ​ចុះ​ខ្សោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ហើយមាន​ការ​កើន​ឡើង​នៃ​របបផ្តាច់ការជា​ច្រើន​កន្លែង​នៅជុំវិញ​ពិភពលោក​នោះ​ ការ​ការពារ​នូវ​សារព័ត៌មាន​ដែល​មាន​ភាព​សេរី​និង​បើក​ចំហ គឺ​មាន​សារៈសំខាន់ៗ​កាន់​តែខ្លាំងថែម​ទៀត​ ក្នុង​ការ​ថែរក្សា​នូវ​លទ្ធិប្រជាធិបតេយ្យ។​ នេះ​គឺ​ដោយ​សារ​តែ​សារព័ត៌មាន​សេរី​ អាច​ទម្លាយ​ឱ្យ​ដឹង​អំពី​អំពើពុករលួយ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋយល់ដឹង​ពី​សិទ្ធិ​របស់​ពួកគេ​ ជា​មួយ​នឹង​ការ​ផ្សព្វផ្សាយ​នូវ​ច្បាប់​ជាតិ​និង​គោលនយោបាយ​ផ្សេងៗ​ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ការ​ពិភាក្សា​ជា​សាធារណៈ​ និង​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ផង​ដែរ។ សារព័ត៌មាន​សេរី​ក៏​អាច​បង្ហាញ​ឱ្យ​ឃើញ​ស្តែងៗពី​ការ​ប៉ុនប៉ងនៃ​មេដឹកនាំ​ផ្ដាច់ការ​ ក្នុង​ការ​បំផ្លាញ​នីតិរដ្ឋ​ ​ការ​គាប​សង្កត់​មិន​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​នូវសិទ្ធិស៊ីវិល និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​ដើម។ ​

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ​Antony Blinken លើក​ឡើង​ថា៖ «សហរដ្ឋ​អាមេរិកលើក​តម្កើង​គុណតម្លៃលទ្ធិប្រជាធិបតេយ្យ​ ពី​ព្រោះ​សង្គម​ដែល​មាន​សេរីភាពនិង​ប្រជាធិបតេយ្យ​ មាន​ប្រជាពលរដ្ឋ​មាន​សុខភាព​ប្រសើរ​ជាង​ មាន​ជម្លោះ​ហិង្សា​តិចតួច​ និង​មាន​សហគមន៍​ដែល​មាន​ការ​រីកចម្រើន​ជាង។​ ជា​ការ​ពិត​ លទ្ធិប្រជាធិបតេយ្យ​ ​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​ជាច្រើន​ មិន​មែន​តែ​មួយ​ក្តាប់​តូច​ទេ‍។ ​ប្រជាធិបតេយ្យជា​របប​ដែល​អាចដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ទាំង​ឡាយនៅក្នុង​សម័យកាលរបស់​យើងនេះ​បាន​ល្អ​ជាង​គេ»។

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden បាន​និយាយ​ថា៖​ «លទ្ធិប្រជាធិបតេយ្យ​ ​ដែល​ជារដ្ឋាភិបាលរបស់​ពលរដ្ឋ​ បង្កើត​ឡើង​ដោយ​ប្រជាពលរដ្ឋ​ និង​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ គឺ​ជា​មធ្យោបាយ​ដ៏​យូរ​បង្វែង​បំផុត​មួយ​របស់មនុស្សជាតិ​ ​ក្នុង​ការលើក​កម្ពស់​សន្តិភាព​ វិបុលភាព​ ​សន្តិសុខ។​ នេះ​គឺ​ជា​របៀប​ដែល​យើង​ការពារ​ដ៏​ល្អ​បំផុត​នូវ​សិទ្ធិ​មនុស្ស​ជា​សាកល សេរីភាព​ជា​មូលដ្ឋាន និង​សេចក្តី​ថ្លៃថ្នូរ​ ដែល​ជា​របស់​មនុស្ស​គ្រប់រូប។​ ​

ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​មាន​ប្រសាសន៍​ថា៖​ «គ្មាន​របប​ប្រជាធិបតេយ្យ​ណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ហើយក៏​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ណា​សម្រេច​កិច្ចការបាន​ចប់​សព្វ​គ្រប់នោះឡើយ។​ រាល់​លទ្ធផល​ដែល​ទទួល​បាន​ រាល់​ឧបសគ្គ​ដែលយើង​បាន​ជម្នះ​ គឺ​ជាផល​ដែល​កើតឡើង​ពី​ការ​ប្តេជ្ញាចិត្ត​ និង​ការងារ​ដ៏​លំបាក។​ ​ក្នុង​ឱកាសនៃ​ទិវា​ប្រជាធិបតេយ្យ​អន្តជាតិ​ យើងធ្វើ​ការ​ប្តេជ្ញាចិត្ត​ជា​ថ្មីម្តង​ទៀត​ ​ ដើម្បីបំពេញ​ការងារ​ដ៏​លំបាក​និងចាំបាច់​ ដើម្បី​ធានា​ថា លទ្ធិប្រជាធិបតេយ្យ​បន្តដឹកនាំពិភពលោក​ ជាមួយ​នឹង​គុណតម្លៃរបស់​យើង​ និងកសាង​អនាគត​មួយ​ដែលផ្អែក​លើ​ការ​គោរពសិទ្ធិមនុស្សគ្រប់ៗ​គ្នា​ទាំង​អស់‍»៕​

XS
SM
MD
LG