តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
នៅរៀងរាល់ថ្ងៃចន្ទសប្ដាហ៍ទី ៣ ក្នុងខែកុម្ភៈ ប្រជាពលរដ្ឋអាមេរិកាំងផ្តល់កិត្តិយសជូនមេដឹកនាំរបស់ពួកគេកាលពីអតីតកាលដោយការប្រារព្ធទិវាប្រធានាធិបតី។
ការប្រារព្ធទិវានេះ ដែលនៅពេលបច្ចុប្បន្ននេះផ្តល់កិត្តិយសជូនប្រធានាធិបតីទាំងអស់ ដំបូងត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរំឭកដល់ប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិកលោក George Washington។
ក្នុងឋានៈជាឥស្សរជននាំមុខគេក្នុងសម័យសង្គ្រាមបដិវត្តន៍អាមេរិកាំង និងក្នុងនាមជាអ្នកគ្រប់គ្រងអង្គនីតិប្រតិបត្តិដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក លោក George Washington មានប្រជាប្រិយភាពយ៉ាងខ្លាំង។
លោកត្រូវបានគេចាត់ទុក និងនៅតែត្រូវបានគេចាត់ទុកថាជាបិតាស្ថាបនិករបស់សហរដ្ឋអាមេរិក។ ករណីនេះ គឺមួយផ្នែកបណ្ដាលមកពីលោក គឺជាមេដឹកនាំយោធាដែលមានកិត្តិគុណថា បានធ្វើឲ្យដែនដីអាណានិគមអាមេរិកាំងទទួលបានជ័យជម្នះលើកងទ័ពដ៏ខ្លាំងបំផុតនៅសម័យនោះ។
ក៏ប៉ុន្តែ លោកបានបន្តត្រួសត្រាយអនាគតសម្រាប់អាណត្តិជាប្រធានាធិបតី ដោយលោកបានបង្កើតឲ្យមានអ្វីៗជាមុនសម្រាប់អ្នកដែលកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីរូបលោក។
លោក Washington មានជំនឿលើភាពចាំបាច់នៅក្នុងការធ្វើឲ្យមានតុល្យភាពរវាងការធ្វើឲ្យតំណែងប្រធានាធិបតីមានអំណាចខ្លាំងគ្រប់គ្រាន់ដើម្បីអាចដឹកនាំរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ប៉ុន្តែមិនឲ្យមានអំណាចខ្លាំងដូចទៅនឹងអំណាចរបស់របបរាជាធិបតេយ្យ។
ដោយបារម្ភថា ប្រសិនបើលោកស្លាប់នៅពេលកំពុងកាន់តំណែង នោះសាធារណជនប្រហែលជាសម្រេចថា តំណែងប្រធានាធិបតីជាតំណែងមួយជីវិត លោក Washington បានលាលែងចេញពីតំណែងបន្ទាប់ពីលោកបានកាន់តំណែងបានពីរអាណត្តិ។
ដោយលើកលែងតែករណីលោកប្រធានាធិបតី Franklin Delano Roosevelt ដែលកាន់តំណែងបាន ៤ អាណត្តិចេញតែប៉ុណ្ណោះ គ្រប់ប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់ បានធ្វើតាមគំរូរបស់លោក Washington ដោយកាន់តំណែងជាប្រធានាធិបតីមិនលើសពី ២ អាណត្តិ។
កាលពីឆ្នាំ ១៩៥១ សភាសហរដ្ឋអាមេរិក បានផ្តល់សច្ចានុម័តិដល់វិសោធនកម្មទី ២២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលដាក់កំណត់ឲ្យប្រធានាធិបតីកាន់តំណែងបានត្រឹម ២ អាណត្តិតែប៉ុណ្ណោះ។
លោកអតីតប្រធានាធិបតី Washington បានជះឥទ្ធិពលគួរឲ្យកត់សម្គាល់លើមាគ៌ាសម្រាប់តំណែងជាប្រធានាធិបតី។ លោកបានបង្កើតឲ្យមានគំរូសម្រាប់គ្រប់ទិដ្ឋភាពទាំងអស់ ដែលក្នុងនោះមានដូចជា អំណាចនយោបាយ ការអនុវត្តរបស់យោធា និងគោលនយោបាយសេដ្ឋកិច្ចជាដើម។
ជាការពិត ចាប់ពីឆ្នាំ ១៨០០ មក គឺមួយឆ្នាំក្រោយមរណភាពរបស់លោក ថ្ងៃកំណើតរបស់លោក Washington ដែលត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ត្រូវបានគេប្រារព្ធក្រៅផ្លូវការនៅទូទាំងសហរដ្ឋអាមេរិក ដែលជាប្រទេសថ្មីថ្មោងដែលលោកទើបបានជួយបង្កើតនេះ។ ការប្រារព្ធថ្ងៃកំណើតរបស់លោក Washington បានក្លាយជាថ្ងៃឈប់សម្រាកជាតិជាផ្លូវការនៅឆ្នាំ ១៨៨៥។
ប្រជាពលរដ្ឋអាមេរិកាំង ក៏បានចាប់ផ្តើមផ្តល់កិត្តិយសជូនមេដឹកនាំអស្ចារ្យម្នាក់ទៀត ដែលនោះ គឺលោក Abraham Lincoln ដែលថ្ងៃកំណើតរបស់លោកនៅថ្ងៃទី ១២ ខែកុម្ភៈ គឺកៀកនឹងថ្ងៃកំណើតរបស់លោក Washington ដែរ។ ដូច្នេះនៅទីបំផុត ថ្ងៃចន្ទសប្ដាហ៍ទី ៣ ក្នុងខែកុម្ភៈ ត្រូវបានកំណត់ជាទិវាប្រារព្ធមួយរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីផ្តល់កិត្តិយសជូនដល់ប្រធានាធិបតីទាំងអស់របស់សហរដ្ឋអាមេរិក។
ការប្រារព្ធទិវាប្រធានាធិបតីនេះ គឺជាការគោរពដល់មេដឹកនាំទាំងនោះ ដែលមានសេចក្តីក្លាហាន និងការតាំងចិត្តនៅក្នុងការកាន់តំណែងដ៏លំបាកបំផុតនេះ និងដឹកនាំសហរដ្ឋអាមេរិកក្នុងគ្រប់ស្ថានការណ៍ទាំងអស់។
លោក Washington ធ្លាប់បានសរសេរសំបុត្រមួយច្បាប់ជូនមិត្តភ័ក្តិម្នាក់របស់លោកថា៖ «ទាំងអស់គ្នាបានឃើញ ហើយភាគច្រើនបានកោតសរសើរនូវភាពអស្ចារ្យខាងក្រៅនៃតំណែងដ៏ខ្ពង់ខ្ពស់នេះ។ សម្រាប់ខ្ញុំ គឺគ្មានអ្វីអស្ចារ្យនោះទេ ក្រៅពីភាពអស្ចារ្យដែលបង្ហាញឡើងតាមរយៈការពាក់ព័ន្ធនៃតំណែងនេះជាមួយនឹងអំណាចនៅក្នុងការលើកកម្ពស់ផាសុខភាពរបស់មនុស្សតែប៉ុណ្ណោះ»៕