Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ឆ្នាំ២០២២


ទាហាន​អាមេរិក​ម្នាក់​ដោត​ទង់ជាតិ​នៅ​ផ្នូរ​សព​យុទ្ធជន​​ក្នុង​បូជនីយដ្ឋាន​ជាតិ Arlington រដ្ឋ Virginia ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​មុន​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន ដែល​ផ្តល់​កិតិ្តយស​ដល់​អ្នក​ដែល​បាន​​ស្លាប់​​ក្នុង​ការ​បម្រើ​កងទ័ព​​អាមេរិក។
ទាហាន​អាមេរិក​ម្នាក់​ដោត​ទង់ជាតិ​នៅ​ផ្នូរ​សព​យុទ្ធជន​​ក្នុង​បូជនីយដ្ឋាន​ជាតិ Arlington រដ្ឋ Virginia ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​មុន​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន ដែល​ផ្តល់​កិតិ្តយស​ដល់​អ្នក​ដែល​បាន​​ស្លាប់​​ក្នុង​ការ​បម្រើ​កងទ័ព​​អាមេរិក។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្ដមគតិ​និង​ស្ថាប័ន​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​នៃសប្តាហ៍​ចុងក្រោយក្នុងខែ​ឧសភា ពលរដ្ឋ​អាមេរិកាំង​បាន​រំឭក​វិញ្ញាណក្ខន្ធ​បុរស​និង​ស្ត្រី​ដែល​បាន​បំពេញ​កាតព្វកិច្ច​ដើម្បី​ជាតិ​និង​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​របស់​ពួកគេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​និង​ភ្នក់​ភ្លើង​នៃ​សង្គ្រាម។ សេរីភាព​របស់​យើង​និង​សេរីភាព​របស់​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បុរស​និង​ស្ត្រី​វ័យ​ក្មេង​ដែល​បាន​ស្ម័គ្រចិត្ត​បំពេញ​កាតព្វកិច្ច​នៅ​ក្នុង​ប្រវត្តិសាស្ត្រ [ដើម្បី​ជាតិ] និង​លះបង់​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​គោល​គំនិត​មួយ​ដែល​នោះ​គឺ​គោល​គំនិត​របស់​សហរដ្ឋ​អាមេរិក»។

ជា​រៀងរាល់​ឆ្នាំ​នៅ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន យើង​រំឭក​ដល់​ការ​បូជា​ដែល​មនុស្ស​មួយ​ចំនួន​តូច​បាន​ធ្វើ​ដើម្បី​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន។ នេះ​គឺជា​ការ​ទទួល​ស្គាល់​នូវ​ការ​រួម​ចំណែក​របស់​ពួកគេ​ចំពោះ​ការ​ការពារ​សហរដ្ឋ​អាមេរិក​និង​ឧត្ដមគតិ​របស់​សហរដ្ឋ​អាមេរិក។

ការ​ប្រារព្ធ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​នេះ​បាន​ធ្វើ​ឡើង​តាំង​ពី​ចុង​ទសវត្សរ៍ ១៨៦០ មក​ម្ល៉េះ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​រើប​ឡើង​ពី​សង្គ្រាម​ស៊ីវិល​ដ៏​បំផ្លិចបំផ្លាញ។

នៅ​ក្នុង​ឆ្នាំ ១៨៦៨ គឺ​ក្នុង​ពេល ៣ ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​សង្គ្រាម​បាន​បញ្ចប់​ទៅ បើ​ទោះបីជា​ការ​បាត់បង់​ជីវិត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​នៅតែ​ជា​ការ​ឈឺចាប់​នៅ​ថ្មីៗ​ក៏ដោយ លោក​នាយ​ឧត្ដមសេនីយ៍ John A. Logan ដែល​ជា​អគ្គមេបញ្ជាការ​នៃ​ក្រុម​អតីត​យុទ្ធជន​របស់​សហភាព​ដែល​ជា​បណ្ដា​រដ្ឋ​អាមេរិក​នៅ​ភាគ​ខាង​ជើង​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល បាន​ប្រកាស​យក​ថ្ងៃ​ទី ៣០ ខែ​ឧសភា​ជា​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ទាហាន​អាមេរិកាំង ៦២០.០០០ នាក់​ឬ​ច្រើន​ជាង​នេះ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល តាម​រយៈ​ការ​ដាក់​ផ្កា​នៅ​លើ​ផ្នូរ​របស់​ពួកគេ។

បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី​មួយ​បាន​បញ្ចប់​ទៅ ទិវា​តុបតែង​ផ្នូរ​ដែល​គេ​ស្គាល់​នៅ​ពេល​នោះ​ត្រូវ​បាន​ហៅ​ថា​ជា​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​វិញ និង​ត្រូវ​បាន​ប្រារព្ធ​ដើម្បី​ជា​ការ​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ទាំងឡាយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រឡូក​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «សង្គ្រាម​និង​ជម្លោះ ការ​ស្លាប់​និង​ការ​បាត់បង់​គឺ​មិន​មែន​ជា​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​តែ​នៅ​ពេល​នោះ​ហើយ​បាត់បង់​ទៅ​វិញ​នោះ​ទេ គឺ​វា​ជា​ផ្នែក​មួយ​នៃ​រឿងរ៉ាវ​របស់​សហរដ្ឋ​អាមេរិក។ នៅ​ឯ [ទី​បញ្ចុះ​សព​ជាតិ] Arlington នេះ ទាំង​នេះ​គឺ​ជា​ផ្នូរ​របស់​វីរបុរស​ដែល​បាន​លះបង់​នូវ​អ្វី​ដែល​លោក​ប្រធានាធិបតី [Abraham] Lincoln បាន​ហៅ​ថា​ជា «ទំហំ​ពេញលេញ​ចុងក្រោយ​បង្អស់​នៃ​ភក្ដីភាព»»។

លោក​ប្រធានាធិបតី Biden បាន​បន្ត​ថា៖ «យុទ្ធជន​ទាំង​នោះ​មិនមែន​ស្លាប់​តែ​នៅ​ក្រុង Gettysburg ឬ​ក៏​នៅ​ទីវាល Flanders Field ឬ​ក៏​នៅ​លើ​ឆ្នេរ​ខ្សាច់​នៃ​តំបន់ Normandy ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ស្លាប់​នៅ​តាម​តំបន់​ភ្នំ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ឬ​ក៏​នៅ​លើ​វាល​ខ្សាច់​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុងក្រោយ​នេះ​ផង​ដែរ»។

លោក Biden បាន​បន្ថែម​ថា៖ «នៅ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​នេះ យើង​រំឭក​ដល់​កេរដំណែល​និង​ពលិកម្ម​របស់​ពួកគេ។ ពួកគេ​បាន​រស់​និង​ស្លាប់​ដើម្បី​កាតព្វកិច្ច កិត្តិយស និង​ប្រទេស​ជាតិ។ ហើយ​យើង​ក្នុង​នាម​ជា​ជាតិ​មួយ​សូម​សម្ដែង​នូវ​កតញ្ញុតាធម៌​ចំពោះ​ពួកគេ​ជា​និរន្ត»៕

XS
SM
MD
LG