Accessibility links

Breaking News

បទ​វិចារណកថា៖ ទិវា Columbus ឆ្នាំ ២០២១៖ ការ​ផ្ដោះប្ដូរ​ពី​សម័យ​លោក Columbus


រូប​ឯកសារ៖ ក្មេងៗ​សិស្ស​សាលា​គ្រវី​ទង់​ជាតិ​អ៊ីតាលី​​ក្នុង​អំឡុង​ក្បួន​ដង្ហែ​ទិវា Columbus នៅ​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ច័​ន្ទ ទី​១៣ ខែ​តុលា ឆ្នាំ​២០១៤។
រូប​ឯកសារ៖ ក្មេងៗ​សិស្ស​សាលា​គ្រវី​ទង់​ជាតិ​អ៊ីតាលី​​ក្នុង​អំឡុង​ក្បួន​ដង្ហែ​ទិវា Columbus នៅ​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ច័​ន្ទ ទី​១៣ ខែ​តុលា ឆ្នាំ​២០១៤។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ១៤៩២ សំពៅ ៣ គ្រឿង របស់​ប្រទេស​អេស្ប៉ាញ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Christopher Columbus បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​មួយ ដែល​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ប្រទេស​ដីកោះ​បាហាម៉ា​នៅ​ពេល​សព្វថ្ងៃ​នេះ។

ខួប​នៃ​ព្រឹត្តិការណ៍​នេះ ដែល​ត្រូវ​បាន​រំឭក​ជា​រៀងរាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ថា​ជា​ទិវា Columbus បាន​ផ្ដើម​គំនិត​ឲ្យ​មាន​ការ​ផ្ដោះប្ដូរ​ជា​សាកល​ដ៏​ទូលំទូលាយ​មួយ​នូវ​ម្ហូប​អាហារ សត្វ រុក្ខជាតិ មនុស្ស និង​ជំងឺ​នានា ដែល​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ពិភពលោក។ ករណី​នេះ​ត្រូវ​គេ​ស្គាល់​សព្វថ្ងៃ​នេះ​ថា​ជា​ការ​ផ្ដោះប្ដូរ​ពី​សម័យ​លោក Columbus (Columbus Exchange)។

ដោយសារតែ​មូលហេតុ​នេះ​ហើយ​បាន​ជា​ឆ្នាំ ១៤៩២ ត្រូវ​បាន​ប្រវត្តិវិទូ​ជា​ច្រើន​ចាត់ទុក​ថា​ជា​ឆ្នាំ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​សម័យ​ទំនើប។

ប្រជាជន​នៅ​លើ​ពិភពលោក​បាន​កើន​ជាង ៤ ដង តាំងពី​ឆ្នាំ ១៤៩២ មក ដោយ​មាន​កំណើត​ទ្វេ​ដង​នៅ​រវាង​ឆ្នាំ ១៦៥០ និង​ឆ្នាំ ១៨៥០។

ទោះបីជា​មាន​កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើនឡើង​ខ្លាំង​ដូច​នេះ​ក៏ដោយ ក៏​កត្តា​សំខាន់​បំផុត​ដែល​មិន​អាច​ប្រកែក​បាន​គឺ​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន។

ការ​បន្ថែម​ទៅ​នឹង​ការ​ផ្គត់ផ្គង់​ដំណាំ​ដែល​ជា​អាហារ​របស់​ជនជាតិ​ដើម​អាមេរិក​ដូចជា​ពោត ដំឡូង​បារាំង ប៉េងប៉ោះ សណ្ដែក​ដី ក្ដួច ម្នាស់ ម្រេច និង​គ្រាប់​កាកាវ​ជាដើម គឺជា​កត្តា​ដ៏​សំខាន់​បំផុត។

ដំបូង​បារាំង​បាន​ក្លាយជា​ប្រភព​អាហារ​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នក​ក្រីក្រ​នៅ​តំបន់​ភាគ​កណ្ដាល​និង​ភាគ​ខាង​ជើង​នៃ​ទ្វីប​អឺរ៉ុប។ ពោត​និង​ក្ដួច​ត្រូវ​បាន​នាំ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ជា​លើក​ដំបូង​នៅ​សតវត្សរ៍​ទី ១៦ និង​ត្រូវ​បាន​ប្រើ​ជា​ដំណាំ​អាហារ​ដ៏​សំខាន់​បំផុត​ជំនួស​ឲ្យ​ដំណាំ​បុរាណ​របស់​ទ្វីប​នេះ។

ការ​នាំ​យក​ដំណាំ​អាហារ​នៃ​ពិភព​ថ្មី (New World) ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង ជា​ពិសេស​ដំឡូង​បារាំង ពោត និង​សណ្ដែកដី បាន​ធ្វើ​ឲ្យ​មាន​កំណើន​ប្រជាជន​នៅ​រវាង​ឆ្នាំ ១៥០០ និង​ឆ្នាំ ១៦៥០។

ការ​ផ្ដោះប្ដូរ​ពី​សម័យ​លោក Columbus មាន​លក្ខណៈ​ជា​សាកល ដោយ​បាន​ណែនាំ​អាហារ​ថ្មីៗ​ទៅ​កាន់​គ្រប់​ជ្រុង​ទាំងអស់​នៃ​ពិភពលោក។

នៅ​មុន​ឆ្នាំ ១៤៩២ ដំណាំ​ក្រូច​មិន​មាន​នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក ដំណាំ​ចេក​មិន​មាន​នៅ​ក្នុង​ប្រទេស​អេក្វាទ័រ ហើយ​គ្រឿង​ទេស​ម្ទេស​ប្លោក​ក្រហម​មិន​មាន​នៅ​ក្នុង​ប្រទេស​ហុងគ្រី​នោះ​ទេ។

ការ​ផ្ដោះប្ដូរ​ពី​សម័យ​លោក Columbus នេះ បាន​បណ្ដាល​ឲ្យ​មាន​ការ​នាំ​យក​ដំណាំ​ប៉េងប៉ោះ​ទៅ​កាន់​ប្រទេស​អ៊ីតាលី ដំណាំ​កាហ្វេ​ទៅកាន់​ប្រទេស​កូឡុំប៊ី​និង​ប្រទេស​ឥណ្ឌូណេស៊ី ដំណាំ​ម្នាស់​ទៅកាន់​កោះ Hawaii សហរដ្ឋ​អាមេរិក ដើម​កៅស៊ូ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក ដំណាំ​ម្ទេស​ទៅកាន់​ប្រទេស​ថៃ ចិន និង​ឥណ្ឌា និង​ដើម​កាកាវ​ទៅកាន់​ប្រទេស​ស្វីស។

ការ​ធ្វើ​ដំណើរ​របស់​សំពៅ​តូចៗ ៣ គ្រឿង​ទៅ​ដល់​កោះ​មួយ​នៃ​ប្រទេស​ដីកោះ​បាហាម៉ា​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ វា​បាន​តម្រែតម្រង់​អនាគត​របស់​មនុស្ស​ជាតិ​អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​ជា​បន្តបន្ទាប់​ក្រោយ​មក មិន​ត្រឹមតែ​ដោយសារតែ​ការ​រក​ឃើញ​នូវ​ទ្វីប​ថ្មី​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារតែ​វា​បាន​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ជា​ប្រចាំ​រវាង​អឌ្ឍគោល​នៃ​ផែនដី បង្កើត​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដោះប្ដូរ​គំនិត និង​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​និង​ជំនួប​រវាង​វប្បធម៌​នានា​ផងដែរ។

កាលពី​ឆ្នាំ ១៤៩២ មនុស្ស​នៅ​លើ​ពិភពលោក​បាន​ចាប់ផ្ដើម​ចូលរួម​ជាមួយ​គ្នា​ជា​សង្គម​សាកល​មួយ៕

XS
SM
MD
LG